(ភ្នំពេញ)៖ សមាជវិសាមញ្ញជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សសង្គ្រោះជាតិនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បង្ហាញនូវការឃ្លាតឆ្ងាយពីច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ នេះបើតាមលិខិតមិត្តអ្នកអានឈ្មោះ «បក្សីចាំក្រុង» ផ្ញើជូនអង្គភាពព័ត៌មាន Fresh News ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
១៖ លក្ខន្តិកៈរបស់គណបក្សជាច្បាប់កំពូលរបស់គណបក្សមួយ។ ចំពោះគណបក្សសង្រ្គោះជាតិ ក៏ដូចគ្នាដែរ។ លក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានអនុម័យដោយសមាជលើកទី១ របស់គណបក្សនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៣។ លក្ខន្តិកៈនេះ ត្រូវបានអនុម័តដោយសំឡេងភាគច្រើន ២/៣ ដោយសមាជិកវត្តមានរបស់សមាជគណបក្សដែលស្ថាប័នកំពូលរបស់គណបក្សសង្រ្គោះជាតិ។ ការកែប្រែលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវមានការអនុម័តយល់ព្រម ដោយសមាជគណបក្ស តាមសំឡេងភាគច្រើន២/៣ផងដែរ។ យោងតាមប្រការ៥៧នៃលក្ខន្តិកៈ បទប្បញ្ញត្តិ លិខិតបទដ្ឋាន និងសេចក្តីសម្រេចនានារបស់គណបក្សត្រូវស្រប នឹងលក្ខន្តិកៈរបស់គណបក្សជាដាច់ខាត។
២៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៉ី បានប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ បានបើកកិច្ចច្រជុំដោយបានសម្រេចទទួលយកការលាលែងពីតំណែងរបស់លោក សម រង្ស៊ី និងប្រគល់សិទ្ធិជូនលោក កឹម សុខា ធ្វើជាប្រធានស្តីទី ដែលមានបុព្វសិទ្ធិជាប្រធានគណបក្ស ស្របតាមប្រការ៤៥ នៃលក្ខន្តិកៈរបស់ គណបក្សសង្រ្គោះជាតិ។ ទន្ទឹមនឹងនេះប្រការ៤៧ ត្រេទី១ នៃលក្ខន្តិកៈរបស់គណបក្សក៏បានចែងដែរថា៖ «ករណីប្រធានគណបក្សបាត់បង់សមត្ថភាព ដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក, បើ៖
* អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សត្រូវទទួលនាទីជាប្រធានស្តីទី ហើយគណៈកម្មាធិការនាយកត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សស្តីទីរហូតដល់ចប់អាណត្តិ។
* អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។
* គណបក្សសង្រ្គោះជាតិត្រូវបានកំណត់នៅក្នុងលក្ខន្តិកៈរបស់ខ្លួន ដោយយកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ជាថ្ងៃបង្កើតគណបក្សជាផ្លូវការ។
តាមលក្ខន្តិកៈមួយអាណត្តិ គឺស្មើនឹង៥ឆ្នាំ ដូចនេះបើអាណត្តិទី១នេះ កំណត់រាប់ចាប់ពីថ្ងៃបង្កើតគណបក្សផ្លូវការ គឺមានន័យថា អាណត្តិទី១ ដែលមាន រយៈពេល៥ឆ្នាំនេះ នឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០១៧ នេះតែម្តង ប៉ុន្តែបើរាប់គិតពីថ្ងៃអនុម័តលក្ខន្តិកៈ (ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣) អាណត្តិទី១ ដែលមានរយៈពេល៥ឆ្នាំនេះ នឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០១៨ ដូចដែលគណបក្សសង្រ្គោះជាតិធ្លាប់បានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈថា គណបក្សសង្រ្គោះជាតិនឹងជ្រើសរើសប្រធាន និងអនុប្រធានគណបក្សនៅក្នុងសមាជគណបក្សនាខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែ បើរាប់ដូចករណីចុងក្រោយនេះមែន រយៈពេលនៃការបញ្ចប់អាណត្តិទី១ រាប់ពីថ្ងៃដែល សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស គឺនៅសល់រយៈពេល ១៤ ខែប៉ុណ្ណោះ។ ដូចនេះបើផ្អែកតាមប្រការ៤៧នៃលក្ខន្តិកៈ ដែលជាច្បាប់កំពូលរបស់គណបក្ស ដូចបានរៀបរាប់ខាងលើ គឺត្រូវអនុវត្តតាមប្រការ ៤៧ ក្នុងត្រេទី១ ព្រោះអាណត្តិនៅតិចជាង១៨ខែ មានន័យថា លក្ខន្តិកៈនេះ មិនអនុញ្ញាតឱ្យកោះប្រជុំសមាជវិសាមញ្ញបក្សនោះទេ ពោលគឺ អនុប្រធានគណបក្សត្រូវទទួលនាទីជាប្រធានស្តីទី មានបុព្វសិទ្ធិដូចប្រធានគណបក្ស ហើយគណៈកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធាន គណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សស្តីទីរហូតដល់ចប់អាណត្តិ។
ដូចនេះសមាជវិសាមញ្ញនៅថ្ងៃទី០២ ខែមីនា នេះ គឺជាសមាជខុសលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់គណបក្សសង្គ្រោះជាតិ។ ចុះឯណាដែលជាការអះអាង របស់គណបក្សសង្រ្គោះជាតិ ដែលតែងប្រកាសប្រាប់គេប្រាប់ឯងយ៉ាងអំនួតថា ជាគណបក្សដែលគោរពច្បាប់ !
កុំថាឡើយទៅសួរដល់រាស្រ្តទូទៅ សុំសួរត្រឹមអ្នកធ្លាប់ជឿលើគណបក្សប្រឆាំងនេះកន្លងមក តើអាចជឿទុកចិត្តបានទេថា គណបក្សនេះនឹងប្រកាន់នីតិរដ្ឋ បើសូម្បីច្បាប់កំពូលរបស់គណបក្សខ្លួន ក៏យកទៅទ្រាប់អង្គុយក្រោមគូទទៅហើយ ? នេះមិនទាន់និយាយដល់ភាពអយុត្តិធម៌ក្នុងគណបក្ស ដែលកើតចេញពីបក្សពួកនិយម ដោយរាប់ទាំងការរៀបចំដោយអយុត្តិធម៌នូវបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ផង!
៤៖ យោងតាមប្រការ៥៤ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ការជ្រើសតាំងប្រធាន និងអនុប្រធានគណបក្សដោយសមាជគណបក្ស តាមរយៈការបោះឆ្នោតតាមវិធីលើកដៃ គឺប្រើបានសម្រាប់តែសមាជលើកទី១ តែប៉ុណ្ណោះ។ តាមស្មារតីនេះការបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណបក្សនៅថ្ងៃទី០២ ខែមីនា គឺគួរត្រូវធ្វើតាមការបោះឆ្នោតដោយវិធីសំងាត់។
ទោះបីជាមានការចែងច្បាស់លាស់ ឬការបកស្រាយច្បាស់លាស់ដូចម្តេចក៏ដោយ ក៏ប្រហែល កឹម សុខា និងក្រុម កឹម សុខា មិនព្រមទេ ហើយនឹងថា ជាការបកស្រាយដើម្បីបំបែកគណបក្ស ព្រោះ កឹម សុខា ដឹងខ្លួនច្បាស់ណាស់ថា បើបោះឆ្នោតជាសំងាត់ ឬបើកឱ្យមានបេក្ខភាពឈរឈ្មោះជា ប្រធានប្រជែងជាមួយគាត់ ដូចជា គង់ គាំ, ជូឡុង សូមូរ៉ា ឬយឹម សុវណ្ណ គឺខ្លួនគាត់ប្រហែលជាពិបាករកសំឡេងគាំទ្រណាស់ ហើយវីវរអាចមិនជាប់ ហើយខ្មាសគេទៀត។ ដូចនេះដើម្បីធានាបានការគាំទ្រ និងជោគជ័យ ១០០% សម្រាប់ការអនុវត្តផែនការទី១ ឡើងធ្វើប្រធានបក្សរបស់ខ្លួន កឹម សុខា ត្រូវអនុវត្តតាក់ទិចដូចតទៅ ៖ ទី១៖ បេក្ខភាពប្រធាន ត្រូវមានតែម្នាក់គត់ គឺរូបគាត់ កឹម សុខា, ទី២៖ ត្រូវរៀបចំការបោះឆ្នោតជាកញ្ចប់ ពោលគឺ បោះឆ្នោតលើបញ្ជីតែមួយដែលមានឈ្មោះប្រធាន និងអនុប្រធានទាំង៣រូប ដើម្បីកុំឱ្យភ្លាត់ខាង សម រង្ស៊ី មិនបោះឆ្នោតឱ្យ និងទី៣៖ ការបោះឆ្នោត ដោយសមាជត្រូវធ្វើឡើង តាមវិធីលើកដៃ។
សមាជវិសាមញ្ញថ្ងៃទី០២ ខែមីនា នេះ គ្រាន់តែជារូបភាព និងសម្រាប់ការប្រថាប់ត្រាប៉ុណ្ណោះ។ ចុះឯណាទៅព្រលឹងរបស់គណបក្សដែល ប្រកាសក្តែងៗប្រាប់ពិភពលោកថា គណបក្សនេះ ជាគណបក្សបីតាមហាប្រជាធិបតេយ្យ មហាសេរីនោះ ! ដល់ពេលគណបក្សសង្រ្គោះជាតិ ធ្វើតាមបែបចាត់តាំង និងតាមបែបបក្សពួកនិយម ឬតាមបែបផ្តាច់ការក្នុងបក្សបែបនេះ ដូចជាមិនឃើញអង្គការសង្គមស៊ីវិល ឬអ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ឬអ្នកវិភាគ នាំគ្នានិយាយអំពីរបៀបផ្តាច់ការរបស់គណបក្សសង្រ្គោះជាតិ។ ពិតជាក្រៅពីខ្លួនឯង គឺទើសអ្នកផ្សេងមិនរើសមុខមែន!
អ្វីៗនឹងត្រូវអនុវត្តតាមផែនការទោះខុសនឹងលក្ខន្តិកៈគណបក្សក្តី ទោះមិនប្រជាធិបតេយ្យក្តី ក៏ថ្នាក់លើនឹងប្រើលេសភូតកុហកអ្នកគាំទ្រថា ស្ថានការណ៍នយោបាយតម្រូវ ដូចនេះ ត្រូវបង្ខំចិត្តធ្វើដូចនេះ! តាមពិតមិនមែនមិនមានវិធីសង្រ្គោះនោះទេ។
ដើម្បីធានាការគោរពលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់គណបក្ស, ដើម្បីធានាការគោរពនូវគោលការណ៍ប្រជាធិបតេយ្យសេរី ដែលជាដួងព្រលឹង របស់គណបក្ស និងជាពិសេស ដើម្បីទប់ទល់ជាមួយមហិច្ឆតារបស់ កឹម សុខា ក្នុងការលេបត្របាក់យកគណបក្សទាំងមូល ដោយចាប់ផ្តើមពីការឡើង ធ្វើជាប្រធានគណបក្សក្នុងដំណាក់កាលទី១ និងធានាបានការវិលត្រឡប់ ធ្វើជាប្រធានបក្សវិញរបស់លោក សម រង្ស៊ី នាថ្ងៃអនាគត គឺមានវិធី ចំពោះមុខមួយដែរ គឺ ការធ្វើមិនឱ្យអាចរកសំឡេងបាន ២/៣ ដើម្បី កែលក្ខន្តិកៈរបស់គណបក្ស។ នោះផែនការទាំងមូលរបស់ កឹម សុខា នឹងត្រូវរលាយ។ ប៉ុន្តែណ្ហើយចុះបើទេវតាចារមកថា កឹម សុខា ត្រូវដឹកនាំ គណបក្សសង្រ្គោះជាតិទៅហើយនោះ ទោះចង់ជំទាស់ក៏ មិនបានដែរ បណ្តោយតាមយថាកម្មទៅចុះ! នេះ សំណោកនៃព្រហ្មលិខិត! សម រង្ស៊ី ធ្លាក់ទឹកហើយ! ហៃអើ ហៃអើ……! ជយោ លោកប្រធាន កឹម សុខា ! ជយោ ជយោ! មនុស្សសំណាងល្អនៅតែសំណាងល្អ!
មានគ្រោះធំដោយសាររឿងអាស្រូវផ្លូវភេទ បែរជាមិនអន្តរាយ ហើយជួបលាភធំឡើងធ្វើជាប្រធានបក្ស ដូចជាកាដូពីទេវតាអញ្ចឹង! អរគុណទេវតា!
ដោយ៖ បក្សីចាំក្រុង