(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានជុំរុញបន្ថែម ក្នុងការបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី គណៈកម្មការរៀបចំការបោះឆ្នោត ដែលទើបប្រឡងជាប់ចំនួន៣៧រូប មកពីតាមបណ្ដាសង្កាត់ទាំង៧ ក្នុងខណ្ឌ ធ្វើយ៉ាងណា ត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឲ្យមានប្រសិទ្ធភាព ប្រកបដោយរលូន ស្ដីពីការចុះបញ្ជីបេក្ខជន គណបក្សនយោបាយ ការឃោសនា និងការរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ នាពេលខាងមុខ។
ការថ្លែងរបស់លោកអភិបាលរងខណ្ឌឫស្សីកែវ ជូនដល់មន្ត្រីដែលទើបប្រឡងជាប់ចំនួន៣៧រូបនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសាលប្រជុំសាលាខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញមួយចំនួន រួមនិងមន្ត្រីពាក់ព័ន្ធជុំវិញខណ្ឌ ព្រមទាំងសិក្ខាកាមទាំង៣៧រូបផងដែរ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ លោក ប្រាជ្ញ សីហា បានស្នើឲ្យសិក្ខាកាមទាំងអស់ ចាំបាច់ធ្វើយ៉ាងណា ត្រូវតែយកចិត្តទុកដាក់ ស្ដាប់រាល់ការណែនាំពីគ្រូបង្គោល ដើម្បីទទួលបាននូវចំណេះដឹង ស្ដីពីការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការឃោសនា និងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាពេលខាងមុខ ប្រកបដោយសន្តិវិធី និងទទួលបានផ្លែផ្កា។
លោក ប្រាជ្ញ សីហា បានលើកឡើងថា «យើងមិនអាចប្រហែសបានឡើយ ព្រោះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់។ដូចនេះចាំបាច់ទាមទារឲ្យមានការចូលរួមពីការបំពេញការងាររបស់បងប្អូនឲ្យសុក្រឹត្យភាព ឯករាជ្យភាព មិនលំអៀង នេះជាឱកាសដែលបងប្អូន ត្រូវក្រេបជញ្ជក់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងចំណេះដឹងបន្ថែមដែលបងប្អូនមានស្រាប់ ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ដើម្បីធានាឲ្យបាននូវ សមត្ថភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលអនុវត្តការងារ»៕