(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Toyota Fortuner ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4455 បើកលឿនជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់៥ផ្ទាំង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សង្កត់លើរ៉ឺម៉កអេតចាយ តែសំណាងល្អមិនមាន អ្នករងរបួសនោះទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង២៣៖១០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំនុច ក្បែរផ្សារ៧មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តសេរ៊ីទំនើប១គ្រឿងម៉ាក Toyota Fortuner ពណ៍ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4455 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយសារតែនៅខាងមុខ របាំងថ្មពុះចែកទ្រូងផ្លូវ ត្រូវបានក្រុមការងារសាលាក្រុង បង្ខិតលយចេញមកផ្លូវរថយន្ត ដើម្បីយកទីតាំងដាក់លូ ទើបបណ្ដាលឲ្យបុរសនោះ បើកទៅបុករបាំងថ្មដួលអស់៥ផ្ទាំង រួចរថយន្តប៉ើងជាង២០ម៉ែត្រ ក្រឡាប់ទៅសង្កត់រ៉ឺម៉ក អ្នករើសអេតចាយ តែសំណាងល្អម្ចាស់រថយន្ត និងម្ចាស់រ៉ឺម៉ក មិនមានរងរបួសនោះទេ។

ភ្លាមៗម្ចាស់រថយន្តបង្កប្រញាប់រត់ទៅ បកស្លាកលេខរថយន្ត ចេញពីរថយន្ត រួចរត់យករួចឡើងជិះម៉ូតូឌុប រត់គេចខ្លួនបាត់។

ចំណែកម្ចាស់រ៉ឺម៉កអេតចាយ មានឈ្មោះ ហ៊ួ នាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលម្ដុំបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោយពេលកើតហេតុរថយន្តបង្ក និងម៉ូតូរ៉ឺម៉កអេតចាយ ត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោក សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកវាស់វែង និងអូសរថយន្តយកទៅរក្សាទុក នៅស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ៕