(ភ្នំពេញ)៖ ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់! ភូតច្រើន ចាញ់អាត្មា! ពិតដូចជាទេវតាចារគូថមែន! ទោះបីជាខំប្រឹងកែខៃវាសនារបស់ខ្លួនយ៉ាងណា ក៏ពុំបានល្អ ក៏ព្រោះតែព្រហ្មលិខិតបានកំណត់រួចហើយ។ បុរសពីរនាក់រកស៊ីខាងនយោបាយដោយដាក់បក្សចូលគ្នា ទីបំផុតឈ្មួញនយោបាយមួយ ដែលបានដាក់ទុន៣កៅអី បានរកស៊ីចំណេញកប់ក្តោង ឡើងធ្វើប្រធាន ក្តោបក្តាប់ក្រុមហ៊ុននយោបាយមួយនេះ ដោយងាយៗដោយសារជាមនុស្ស សំណាងគ្រាន់បើ ព្រោះគាត់រកស៊ីប៉ះចំដៃគូដែលជាឈ្មួញនយោបាយល្ងង់ចាស់វស្សា និងមានរាសីអន់ ដោយកើតចំថ្ងៃខែដែលតាមជើងលេខ គឺ ស៊យមួយជីវិត។ ពាក្យដំណាលតគ្នាថា យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់។ មនុស្សដែលមានរាសីបែបនេះ គឺស៊យណាស់ ស៊យដល់អ្នកនៅជាមួយទៀតផង ហើយបើមិនស្រួល នាំគ្រោះធំឱ្យគេទៀត។
ទីបំផុត ដោយសារភាពឆោតខាងយុទ្ធសាស្រ្តនយោបាយ លោក សម រង្ស៊ី ដែលល្បីល្បាញជាអ្នកនយោបាយចាញ់ចាស់វស្សា បានជួបគ្រោះធំ ដែលអាចបញ្ចប់ជីវិតនយោបាយរបស់ខ្លួន និងនាំស៊យដល់ក្រុមរបស់គាត់ ហើយនាំភាពច្របូកច្របល់ដល់បន្ទាយព្រះអាទិត្យទៀតផង។
វីរៈបុរសខុសរបៀបមួយនេះ ក្រោយពេលលាលែងពីប្រធានបក្សដោយឆោតល្ងង់ ឬដោយសារចាញ់បោកគេរួចមក បានធ្វើឱ្យភ្លើងក្នុងបន្ទាយព្រះអាទិត្យ ចាប់ផ្តើមឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឱ្យមេទ័ព និងកូនទាហានក្នុងបន្ទាយភ័យស្លន់ស្លោ ច្របូកច្របល់ បាត់ម្ចាស់ការ និងបាត់ទិសដៅមិនដឹងថា ទៅណាមកណា។
ឥឡូវមេទ័ពធំរង ដែលមានមហិច្ឆតាចង់ក្តោបក្តាប់បន្ទាយនេះយូរមកហើយនោះ បានកំពុងបង្ហាញតួ ដើម្បីពន្លត់ភ្លើងក្នុងបន្ទាយដោយខំរកយុទ្ធសាស្ត្រ យ៉ាងណា ដើម្បីម្យ៉ាងឡើងធ្វើមេទ័ពធំពេញសិទ្ធិពេញអំណាច នៅថ្ងៃទី០២ ខែមីនា និងម្យ៉ាងទៀត ដើម្បីកុំឲ្យមេទ័ព និងកូនទាហានបះបោរ ផ្ទុះការតវ៉ាកាន់តែខ្លាំង ពិសេសថ្នាក់ក្រោម ព្រោះប៉ុន្មានថ្ងៃមកនេះ ទាហានថ្នាក់ក្រោមតាមតំបន់មួយចំនួន បានចាប់ផ្តើមទម្លាក់ស្លាកព្រះអាទិត្យ ដែលកំពុងលិចនេះជាបណ្តើរៗដោយសារតែអស់ជំនឿលើមេទ័ពធំមុន និងមិនសូវជឿមេទ័ពធំថ្មី។
ការតវ៉ាទម្លាក់ស្លាកបក្សនេះត្រូវបានទេវតាប្រមើលមើលថា នៅមានច្រើនទៀតក្រោយរៀបចំមេដឹកនាំបន្ទាយថ្មី ព្រោះផ្ទៃក្នុងបក្សកាន់តែរង្គោះរង្គើខ្លាំង។ ក្រុមស្មោះស្ម័គ្រនឹងមេទ័ពធំមុន និងក្រុមដែលស្មោះនឹងមេទ័ពធំរង កំពុងតែញេញធ្មេញដាក់គ្នា ហើយខ្លះមិនដឹងជាត្រូវដើរតាមអ្នកណា បើមេចាស់ខ្លួន អស់ឥទ្ធិពល រីឯមេថ្មី មិនមែនជារបស់ខ្លួន។ ទេវតាកំណត់រួចទៅហើយ យីអ៊ុនក៏ដាក់អារក្ខក៏ជាន់ ទោះបីលក្ខន្តិកៈបក្សក៏មិនអាចទប់ទល់នឹងច្បាប់ស្តីពី គណបក្សនយោបាយ ដូច្នេះធ្វើយ៉ាងណារក្សាបន្ទាយសិន ហើយអ្នកដែលទេវតាប្រទានពរ គឺជាមនុស្សមានសំណាង និងរកស៊ីមួយជើងនេះបានចំណេញ ច្រើនណាស់។
ក្រុមដែលដាក់ទុន៣កៅអីឈ្នះបាន៥៥កៅអី រួមនឹងបក្សទាំងមូល រីឯមេទ័ពធំដែលមានរាសីដូចទៀនជិតរលត់ នឹងត្រូវបញ្ចប់ជីវិតនយោបាយរបស់ខ្លួន ដោយគ្មានន័យ និងស្ពាយទោសជាប់ខ្លួនរហូត នៅថ្ងៃទី០២ ខែមីនាខាងមុខនេះ ពិបាកនឹងស្រោចស្រង់ខ្លួនឯង និងក្រុមខ្លួនឯងណាស់ ព្រោះគ្មានសិទ្ធិចាត់ចែង បន្ទាយដូចមុនទេ។
ទោះចង់នាំ សម រង្ស៊ី មកវិញក៏មិនបាន ចង់ដកកឹម សុខា ពីមេបក្សក៏មិនរួច។ ដើរជំហាននយោបាយមរណៈម្តងហើយម្តងទៀត! យើងរង់ចាំមើលថ្ងៃទី ០២ ខែមីនាខាងមុខនេះទាំងអស់គ្នា ថាតើភ្លើងដែលកំពុងឆេះក្នុងបន្ទាយនេះ គឺជាភ្លើងមរណៈរបស់មេទ័ពធំ ឬភ្លើងនឹងបន្តឆេះបំផ្លាញបន្ទាយ រហូតដល់កំទេចបន្ទាយតែម្តង? តើជាថ្ងៃអន្សារបស់លោកមេទ័ពធំ ឬជាថ្ងៃអន្សារបស់បន្ទាយព្រះអាទិត្យដែលជិតអស្តង្គត!?
ដោយ៖ អ្នកប្រយុទ្ធ