(ប៉េកាំង)៖ ក្រុមហ៊ុនវិនិយោគទុនធំៗចិនដែលមានចំណាប់អារម្មណ៏ ពីឱកាសវិនិយោគនៅកម្ពុជា បានសុំចូលជួបសំដែងគាវរកិច្ច និងពិភាក្សា ការងារជាមួយលោក ហ៊ុន ម៉ាណែត និងក្រុមការងារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងបាន គូសបញ្ជាក់ជូន អ្នកវិនិយោគទុន ពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជាដូចជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% រយៈកាល១០ឆ្នាំចុងក្រោយ និងជាពិសេសការអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងការលើកទឹកចិត្តវិនិយោគនានា ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ជូន។
អ្នកវិនិយោគទុនទាំងអស់បានសម្ដែងជំហរ បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ កំពង់ផែ ផ្សារទំនើប ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល e-Commerce និងធនាគារជាដើម សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៏ សេដ្ឋកិច្ចកម្ពុជា។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ក្រុមអ្នកវិនិយោគនឹង ទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមដោយផ្ទាល់នៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
ជាចុងក្រោយ លោក Jones CHAN នៃក្រុមហ៊ុន JCB Consultancy ក៏បានផ្ដល់អំណោយជា Computer ប្រភេទ Laptop ចំនួន៥០គ្រឿងស្មើនឹង ថវិកាចំនួន៣ម៉ឺនដុល្លារ ផងដែរ ដល់សមាគមនិស្សិត អាហារូបករណ៏ សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕