(ភ្នំពេញ)៖ លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី កាអូរិ តាណាបេ បានថ្លែងកោតសរសើរនិងស្ងប់ស្ញែងចំពោះទំនៀមទម្លាប់ដ៏ល្អ របស់ខ្មែរក្នុងការយកចិត្តទុកដាក់ថែទាំឪពុកម្តាយ នៅពេលពួកគាត់ចាស់ៗ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧ លោកស្រី កាអូរិ តាណាបេ ថា ទំនៀមទម្លាប់ប្រពៃណីជប៉ុន និងកម្ពុជា មានចំណុចល្អប្រសើររៀងៗខ្លួន។ តែលោកស្រី ស្ញប់ស្ញែងចំពោះពលរដ្ឋកម្ពុជា ដែលមានទម្លាប់យកចិត្តទុកដាក់ខ្ពស់ទៅលើចាស់ៗ ជាពិសេសឪពុកម្តាយ។
ផ្ទុយពីពលរដ្ឋកម្ពុជា ពលរដ្ឋជប៉ុន ព្រោះតែការមមាញិកជាមួយការងារខ្លាំងពេក បានធ្វើឲ្យភ្លេចការយកចិត្តទុកដាក់ទៅលើឪពុកម្តាយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី កាអូរិ តាណាបេ។
លោកស្រីលេខាទូតជប៉ុន បានគូសបញ្ជាក់ដែរថា លោកស្រីតែងយកវប្បធម៌ល្អមួយនេះ ទៅរៀបរាប់ប្រាប់មិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ របស់លោកស្រី។ តាមរយៈទំនៀមទម្លាប់ដ៏របស់ខ្មែរនេះ ក៏បានជួយពញ្ញាក់ស្មារតីរបស់លោកស្រី ឲ្យចាប់ផ្តើមគិតគូរ និងយកចិត្តទុកដាក់ លើឪពុកម្តាយរបស់លោកស្រីជាងមុនផងដែរ៕