(ភ្នំពេញ)៖ ក្រោយពីអានអត្ថបទរបស់ល្បង សូរ សមយុទ្ធ ដែលមានចំណងជើងថា «សេះពកថ្ងាស» រួចមក ខ្ញុំចេះតែអស់សំណើច សើចដោយហួសចិត្ត ត្បិតអ្នកដែលតាំងចិត្តធ្វើជាយុទ្ធសាស្រ្តវិទូនយោបាយស្រុកខ្មែររូបនេះ បែរជារាក់កំផែលទៅវិញ។ តែណ្ហើយចុះ! ខ្ញុំគិតលេងៗ តាមបែបចាក់ស្មុកថា ការវិភាគនេះក៏ត្រូវម្យ៉ាងដែរ ព្រោះបើខ្ញុំជាល្បង សូរ សមយុទ្ធ វិញ ក៏ខ្ញុំធ្វើដូចគ្នាដែរ គឺធ្វើជាប្រយោជន៍ដើម្បីមេរបស់ខ្លួន ទប់ជាមួយ សម រង្ស៊ី និងលេបត្របាក់យកបក្សដោយជោគជ័យតាមទិសស្លោក «អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក»។
អ្វីដែលល្បង សូរ សមយុទ្ធ លើកឡើងនេះមានបំណងបំភ័ន្ត សម រង្ស៊ី និងក្រុម សម រង្ស៊ី ឱ្យនាំគ្នាយល់ថា សម រង្ស៊ី មិនចាញ់បោក កឹម សុខា ទេ ហើយ សម រង្ស៊ី កំពុងតែដើរលើផ្លូវត្រូវ ដើម្បីលួងលោមសណ្តំចិត្ត សម រង្ស៊ី និងក្រុម សម រង្ស៊ី កុំឱ្យឡូឡា លែងប្រុងប្រយ័ត្ន ហើយនាំគ្នាស្រែកថា ជយោ! ជយោ! លោកប្រធាន សម រង្ស៊ី តាមបែបអាជ័យធ្លាក់ទឹក ហៃអើ ហៃអើ! បើខ្ញុំជាល្បង សូរ សមយុទ្ធ ក្រៅពីបញ្ចេញអត្ថបទនេះហើយ ខ្ញុំនឹងជូនយោបល់ កឹម សុខា អំពីជំហានអនុវត្តបន្តទៀតទៅតាមយុទ្ធសាស្រ្ត ចាប់ពីពេលបានឡើងធ្វើប្រធានបក្ស រហូតដល់ការបោះឆ្នោត ២០១៨ ហើយយុទ្ធសាស្រ្តនោះ គឺ «យុទ្ធសាស្រ្តសំរិទ្ធ»។
ប៉ុន្តែអ្វីដែលចៅចាក់ស្មុក ធ្លាប់បញ្ចេញអត្ថបទវិភាគបែបលេងៗ បែបចាក់ស្មុកនោះ គឺដើម្បីផ្តល់ជាគតិខ្លះសម្រាប់ សម រង្ស៊ី និងក្រុម សម រង្ស៊ី ពិចារណា និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ កុំឱ្យក្អួតឈាមស្តាយ ក្រោយនៅពេលអ្វីៗបានបាត់បង់ ហើយស្តារលែងបាន។ ចៅចាក់ស្មុក នៅតែមើលឃើញថា ជីវិតនយោបាយរបស់ សម រង្ស៊ី កំពុងតែស្ថិតក្នុងស្ថានភាពទ្វេគ្រោះ ហើយកំហុសផ្នែកយុទ្ធសាស្រ្តនយោបាយផ្ទៃក្នុងនៅក្នុងគណបក្ស CNRP នឹងធ្វើឱ្យ សម រង្ស៊ី ចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់វិញ។ ប៉ុន្តែអ្វីដែល ចៅចាក់ស្មុក បានលើកឡើងកន្លងមក គឺកំពុងតែលេចចេញជារូបរាងការពិត ជាបណ្តើរៗហើយ។
ទី១៖ ការលាលែងរបស់ សម រង្ស៊ី គឺជាការលាលែងបែបឆាកល្ខោន មិនមែនជាការលាលែងដោយស្មោះត្រង់នោះទេ។ អ្វីដែលជាផែនការរបស់ សម រង្ស៊ី គឺរៀបសេណារីយ៉ូ ដើម្បីធានាឥទ្ធិពលរបស់គាត់ក្នុងគណបក្ស CNRP ក្នុងឋានៈជាប្រធានស្រមោល និងដើម្បីធានាការវិលត្រឡប់របស់គាត់វិញ ដើម្បីដឹកនាំបក្សនាពេលអនាគត។ ប៉ុន្តែមនុស្សមិនមែនទេវតា មនុស្សគិត មិនដូចទេវតាគិត មនុស្សធ្វើ មិនដូចទេវតាធ្វើឡើយ។ យុទ្ធសាស្រ្តពន្យារពេលនៃការធ្វើសមាជគណបក្ស CNRP រហូតដល់ខែមេសា ឆ្នាំ២០១៨ ដើម្បីបង្កើនប្រជាប្រិយភាពលោកស្រី ជូឡុង សូមួរ៉ា ត្រៀមធ្វើប្រធានបក្សនោះ បានទទួលបរាជ័យរួចទៅហើយ។
ទី២៖ លើកមុន ចៅចាក់ស្មុក បានលើកឡើងថា ជីវិតនយោបាយរបស់ សម រង្ស៊ី នឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ៩០ថ្ងៃ គឺដោយសារទី១ ខាង សម រង្ស៊ី មិនមានពេលរហូតដល់ខែមេសា ឆ្នាំ២០១៨ នោះទេ និងទី២ ក្នុងរយៈពេលដ៏ខ្លីខាងមុខ សម រង្ស៊ី គ្មានពេលដើម្បីជ្រើសរើសបេក្ខភាពដែលល្អជាង កឹម សុខា ឡើយ។ នៅពេលនេះគណបក្ស CNRP បានប្រកាសថា ជ្រើសយកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ មិនទាំងដល់៩០ថ្ងៃផង ដើម្បីធ្វើសមាជ បក្សជ្រើសរើសប្រធានថ្មី។ មើល! ល្បង សូរ សមយុទ្ធ ហេតុអីបានជាសមាជនេះ មិនអាចរង់ចាំរហូតដល់ខែមេសា ឆ្នាំ២០១៨ តាមការគ្រោងទុកពីមុន ហើយថា តើនរណាឡើងធ្វើប្រធានបក្ស CNRP? ខ្ញុំប្រមើលមើលឃើញយ៉ាងច្បាស់ថា បើទោះបីមេរបស់ល្បងគឺ កឹម សុខា មានទុនតែ៣កៅអី ហើយខាង សម រង្ស៊ី មានឥទ្ធិពលជាងក៏ពិតមែន ប៉ុន្តែ កឹម សុខា នឹងប្រាកដជាឡើងធ្វើប្រធានបក្ស ស្របតាមបញ្ជាទេវតាជាមិនខាន!
ទី៣៖ ក្នុងរឿងនយោបាយគេថា អ្វីដែលគេចង់ឱ្យយើងឃើញ គឺធ្វើឱ្យយើងឃើញ ប៉ុន្តែអ្វីដែលយើងឃើញ ក៏មិនប្រាកដថា ជាការពិតដែរ ព្រោះអាចជា ការពិតក្លែងក្លាយ។ ទីបំផុត កឹម សុខា ដែលបានលាក់មុខលាក់មហិច្ឆតា របស់ខ្លួនតាំងពីរួមគ្នាបញ្ចូលជាបក្សតែមួយជាមួយលោក សម រង្ស៊ី បានឡើង ធ្វើប្រធានគណបក្សសង្រ្គោះជាតិ ដូចបំណងប្រាថ្នាមែន។
ទី៤៖ តើអ្វីនឹងកើតឡើងក្នុងបក្ស CNRP បន្ទាប់ពី កឹម សុខា ឡើងធ្វើប្រធានបក្សជាផ្លូវការរួចហើយនោះ?
* តាមក្បួនយុទ្ធសាស្រ្ត កឹម សុខា នឹងប្រើ «យុទ្ធសាស្រ្តសំរិទ្ធ» ដែលជាវិធីត្រជាក់ តើហេតុអី? ព្រោះ សម រង្ស៊ី នៅមានប្រជាប្រិយភាពក្នុងចំណោម មជ្ឈដ្ឋានប្រឆាំង ដូច្នេះចាំបាច់ត្រូវលួងលោមប្រើ សម រង្ស៊ី និងក្រុម សម រង្ស៊ី ឱ្យជួយធ្វើនយោបាយបន្តទៀតឱ្យ CNRP រហូតដល់ពេលបោះឆ្នោត ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ទាំងការបោះឆ្នោតព្រឹទ្ធសភា ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
* ពីពេលនេះតទៅ កឹម សុខា ក៏នឹងតាំងខ្លួនជាប្រធាន CNRP យ៉ាងពិតប្រាកដ គឺមិនមែនប្រធានបក្សសិទ្ធិមនុស្សដូចមុនទេ ដើម្បីម្យ៉ាងទាក់ទាញការ គាំទ្រពីក្រុម សម រង្ស៊ី នៅថ្នាក់កណ្តាល និងនៅថ្នាក់ក្រោម និងម្យ៉ាងទៀតប្រើ សម រង្ស៊ី និងក្រុម សម រង្ស៊ី ជាក្របីដើម្បីជិះចម្លងភក់។ ដូច្នេះចំពោះមុខ កឹម សុខា នឹងបន្ទន់ឥរិយាបថ ព្រមទាំងធ្វើសម្បទាននយោបាយឱ្យក្រុម សម រង្ស៊ី ដើម្បីកុំឱ្យមានចំណាប់អារម្មណ៍លើមហិច្ឆតានយោបាយ របស់ក្រុមគាត់។
* ក្រោយការបោះឆ្នោត កឹម សុខា នឹងអនុវត្តផែនការដោយផ្អែកលើឱកាសជាក់ស្តែង ក្នុងការសម្រេចខ្ទប់ ការវិលត្រឡប់របស់ សម រង្ស៊ី មកធ្វើប្រធានបក្សវិញ។ ក្រុម សម រង្ស៊ី មិនអាចធ្វើអ្វីបានទាំងអស់ ហើយតាមផ្លូវច្បាប់ តើនរណាអាចដក កឹម សុខា ចេញពីប្រធានបក្សបាន? ក្រុមសម រង្ស៊ី? ពិតជាមិនអាចទេ កុំថាឡើយ ដកតំណែងលោក កឹម សុខា ពីប្រធានបក្សវិញ សូម្បីតែនាំ សម រង្ស៊ី ចូលបក្សវិញ មិនទាំងបានផង។ ឥឡូវ កឹម សុខា កាន់កាប់បក្សផ្លូវការ ដូច្នេះអ្នកមិនសុខចិត្ត មានតែត្រូវដើរចេញទៅរកបក្សចាស់របស់ខ្លួនវិញគឺបក្ស សម រង្ស៊ី។
* អាសនៈដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ពីការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្ត គឺជារបស់ CNRP របស់ កឹម សុខា និងរបស់ក្រុម កឹម សុខា ទាំងអស់។ ដូច្នេះការបែកចេញពី សម រង្ស៊ី ក្នុងស្ថានភាពបែបនេះ គឺមិនត្រឹមតែមានហេតុផលសមស្រប ហើយមិនធ្វើឱ្យ CNRP រលាយដូចហ៊្វុនស៊ីនប៉ិច ដែលជាការព្រួយបារម្ភផ្នែកនយោបាយរបស់ក្រុម កឹម សុខា ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យ កឹម សុខា មានកម្លាំងកាន់តែ ខ្លាំងពីលើដល់ក្រោម ដោយផ្តើមការកសាងដាក់ទុនតែ៣កៅអី។
* ចាប់ពីពេលនេះតទៅឱកាស គឺនៅខាងលោក កឹម សុខា ហើយ ជីវិតនយោបាយរបស់ សម រង្ស៊ី នឹងប្រឈមគ្រោះថ្នាក់ធំ ហើយនឹងអាចត្រូវបញ្ចប់ ដោយដៃ កឹម សុខា ប្រសិនបើ កឹម សុខា មានមហិច្ឆតានយោបាយកម្ចាត់ សម រង្ស៊ី មែននោះ។ ច្រករស់តែមួយគត់ដើម្បីកុំឱ្យ កឹម សុខា លេបយកបក្ស គឺ...។
ចៅចាក់ស្មុក នៅតែជាមនុស្សលោកធម្មតា ហើយក៏មិនមែនជាគ្រូទាយដែរ។ ការពិតនឹងបង្ហាញនាពេលខាងមុខ ហើយជឿជាក់ថា អ្វីដែល ចៅចាក់ស្មុក បានលើកឡើងគឺខុសទាំងអស់។ ប៉ុន្តែចាប់ពីម៉ោងនេះតទៅ មន្រ្តីបក្សសិទ្ធិមនុស្ស និងអ្នកគាំទ្រ កឹម សុខា នឹងអាចបញ្ចេញសារអបអរសាទរជា បណ្តើរៗបាន។ ទីបំផុតមេឃនៅតែជាមេឃ មេឃនៅតែធំ នៅពីលើមេឃ នៅមានមេឃ !
ដោយ៖ ចៅចាក់ស្មុក