(ក្រុងប៉ាក់សេ-ខេត្តចំប៉ាសាក់)៖ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ និងជំនួបពិភាក្សាជាមួយភាគីឡាវ នៅខេត្តចំប៉ាសាក់ សម្រាប់កិច្ចសហប្រតិបត្តិការ សម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចររវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឆ្លងកាត់ព្រំដែនអន្តរជាតិត្រពាំងគ្រៀល ប្រទេសកម្ពុជា និងណងណុកឃៀង ប្រទេសឡាវ ។
កិច្ចប្រជុំនេះដើម្បីធ្វើការសម្របសម្រួលការធ្វើដំណើរឱ្យបានរលូន និងមានភាពងាយស្រួកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ក្នុងការពង្រីក/ពង្រឹងនូវកំណើនវិស័យទេសចរណ៍ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ។
កិច្ចប្រជុំនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំនៅសណ្ឋាគារ ចំប៉ាសាក់ ហ្ក្រង់ ហូតែល (Champasak Grand Hotel) នៃក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ដោយមានវត្តមានលោក ហួយ សុភាព អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តចំប៉ាសាក់ និងថ្នាក់ដឹកនាំប្រតិភូកម្ពុជា ដោយលោក ហ៊ុយ ភីរក្ស អគ្គនាយករងទេសចរណ៍ និងគណៈប្រតិភូចំនួន២៨រូប ក្នុងនោះមានលោកប្រធាន មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ក្រចេះ, ព្រះវិហារ, សៀមរាប និងកំពុងធំ ក្នុងនោះក៏មានមន្ត្រីពីក្រសួងទេសចរណ៍, វិស័យឯកជន, ប្រតិបត្តិករទេសចរ និងក្រុមនិស្សិតកម្ពុជាផងដែរ។ ចំណែកភាគីឡាវ គឺមានលោក ប៊ូលី ផេតសុងខាំ (Mr. Baouly Phethsong Kham) នាយករដ្ឋបាលសាលាខេត្តចំប៉ាសាក់, លោកស្រី ម៉ាឡា ចាន់ថាឡាម (Mrs. Mala CHANTHALAM) អនុប្រធានមន្ទីរទេសចរណ៍ខេត្តចំប៉ាសាក់, រួមនិងមន្ត្រីមន្ទីរទេសចរណ៍ខេត្ត, វិស័យឯកជន, និងអ្នកជាប់ពាក់ព័ន្ធ ដែលមានអ្នកចូលរួម៣០រូប។
កិច្ចប្រជុំនេះ ទទួលបានលទ្ធផលមួយចំនួនដូចជា ភាគីទេសចរណ៍ខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទេសចរណ៍កម្ពុជា នឹងធ្វើការផ្សព្វផ្សាយ ពីសក្តានុពល និងវិសាលភាព រវាងតំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រវត្តភូ ខេត្តចំប៉ាសាក់ ទៅកាន់តំបន់អេកូទេសចរណ៍នានា នៅខេត្តស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងឆ្ពោះទៅតំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នៃប្រាង្គប្រាសាទព្រះវិហារ ខេត្តព្រះវិហារ រួមនិងតំបន់ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ។
ហើយវិស័យឯកជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ នឹងរៀបចំលក់កញ្ចប់សេវាកម្មទេសចរណ៍ ឱ្យបានទាន់ពេលវេលាក្នុងឱកាសបុណ្យទន្លេលើកទី៣ ដែលនឹងរៀបចំប្រព្រឹត្តិទៅនៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភះ ឆ្នាំ២០១៧ និងក្រោយបុណ្យទន្លេ។ ភាគីទាំងពីរក៏បានលើកឡើងនូវការពង្រឹង គុណភាពសេវាកម្មរថយន្តដឹកជញ្ជូនទេសចរណ៍ ឆ្លងប្រទេសផងដែរ។
ខេត្តចាំប៉ាសាក់ក៏នឹងរៀបចំខ្សែទស្សនះកិច្ចទេសចរណ៍មកកម្ពុជាដើម្បីរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ មកកាន់កម្ពុជា ផងដែរ ។ «កិច្ចប្រជុំនេះ ក៏នឹងជម្រុញការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម( CLV) និងជម្រុញភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យទន្លេ លើកទី០៣ ចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងខេត្តស្ទឹងត្រែងផងដែរ»។
នៅក្នុងដំណើរនាមុនកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងវិសាលភាព នៃតំបន់ទេសចរណ៍ សហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គ ដូចជា សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, អន្លងផ្សោតអន្លងឈើទាល, ទឹកធ្លាក់សុភ័ក្រ មិត្ត/ព្រះនិមិត្ត (ខ្មែរ) ទឹកធ្លាក់ល្បាក់ខោន (ឡាវ) ឬឡាវ ហៅម្យ៉ាងទៀតថា «ខោន ផា ផែង», ក្រុងប៉ាក់សេ, វត្តភូសាឡៅ (វត្តលើភ្នំ) ជាទីកន្លែងដ៏ស័ក្តិសិទ្ធ សម្រាប់អ្នកមានជំនឿខាងព្រះពុទ្ធសាសនា រួមទាំងបានទៅទស្សនានៅប្រាសាទវត្តភូ ដែលជាប្រាង្គប្រាសាទបេតិកភ័ណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ នៅខេត្តចម្ប៉ាសាក់ ជាមួយនិងការទៅទស្សនាតំបន់ទឹកធ្លាក់ និងចំការកាហ្វេដ៏ល្បី នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ផងដែរ។ ហើយភាគី ទាំងពីរ បានបញ្ចប់នូវកិច្ចប្រជុំប្រកបដោយមិត្តភាព សាមគ្គីភាព ជាមួយនិងការយោគយល់គ្នាខ្ពស់ រួមទាំងបានជូននូវវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងមានរៀបចំអាហារសាមគ្គីរួមគ្នា ការសម្ដែងសិល្បៈរបាំប្រពៃណីយ៍ឡាវផងដែរ៕