(ប៉េកាំង)៖ ប្រទេសចិនក្នុងពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងផ្អាកការនាំចូលធ្យូងថ្មទាំងស្រុងពីប្រទេស កូរ៉េខាងជើង រហូតដល់ចុងឆ្នាំ២០១៧។ បញ្ហានេះអាចចាត់ទុកថា ជារបត់ថ្មីមួយដ៏កម្រកើតមាន ដោយសារចិនធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ តែមួយគត់របស់កូរ៉េខាងជើង ហើយតែងតែធ្វើជាខ្នងបង្អែកដ៏កក់ក្តៅសម្រាប់ប្រទេសមួយកុម្មុយនីសមួយនេះ នាពេលកន្លងមក។ 

តែពេលនេះអ្វីៗត្រូវផ្លាស់ប្តូរចិនបែរជាហ៊ានខ្ទប់ដង្ហើមសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈហាមឃាត់ការនាំចូលធ្យូងថ្មដែលបាន ចូលរួមចំណែក រហូតដល់៤០ភាគរយ នៃការនាំចេញផលិតផលទាំងអស់របស់កូរ៉េខាងជើងទៅកាន់ប្រទេសចិន។

តើមូលហេតុសំខាន់ៗអ្វីខ្លះ ដែលជម្រុញចិនធ្វើបែបនេះ?

តាមការវិភាគបានបង្ហាញថា ការផ្លាស់ប្តូរថ្មីនេះអាចកើតឡើងដោយសារបញ្ហាផ្ទៃក្នុង ពាក់ព័ន្ធក្នុងទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនងចិន-កូរ៉េខាងជើង ព្រមទាំងការរីករាលដាលនូវការនិយមបក្សពួកក្នុងរបបដឹកនាំចិន។

នៅថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីពាណិជ្ចកម្មចិន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍យ៉ាងខ្លីថា រដ្ឋាភិបាលចិន នឹងផ្អាកការនាំចូល ធ្យូងថ្មពីប្រទេសកូរ៉េខាងជើង ដែលវាស្របគ្នានឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងចង់វាយប្រហារវិស័យពាណិជ្ចកម្មកូរ៉េខាងជើង ក្នុងគោលដៅទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទីក។

សេចក្តីសម្រេចរបស់ចិនត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីបាលីស្ទីកចម្ងាយមធ្យម នៅថ្ងៃទី១២ ខែកុម្ភៈ និងការធ្វើឃាតទៅលើលោក គីម ជុងណាំ នៅអាកាសយាន្តដ្ឋានម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា អាចនឹងរងផលប៉ះពាល់ដោយសារការហាមឃាត់នេះយ៉ាងហោចណាស់ក៏បន្តិចបន្តួចដែរ។ ប៉ុន្តែបើយើងពិនិត្យឱ្យបានស៊ីជម្រៅទៅ ការដាក់ចេញនូវការហាមឃាត់នេះ ហាក់មិនមានអ្វីជាសំខាន់គួរកត់សម្គាល់ដូចការគិតរបស់យើងឡើយ។

លោក Stephan Haggard ធ្វើការប្រចាំនៅវិទ្យាស្ថាន Peterson ដើម្បីសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការពិតទៅ វាគ្រាន់តែជាការដាក់ទណ្ឌកម្មរយៈពេលបណ្តោះអាសន្នតែប៉ុណ្ណោះ វាមិនមែនជាការហាមឃាត់ទាំងស្រុងជារៀងរហូតនោះទេ ហេតុនេះវាអាចឱ្យចិនបន្តធ្វើទំនាក់ទំនងពាណិជ្ចកម្មជាថ្មីជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

ម្យ៉ាងវិញទៀត វាច្បាស់ណាស់ថា ថ្វីត្បិតថាវាអាចបង្កផលប៉ះពាល់ដល់កូរ៉េខាងជើង ប៉ុន្តែវាមិនអាចទាញទម្លាក់របបដឹកនាំកូរ៉េខាងជើងបានឡើយ។ លោក Haggard ជឿជាក់ថា ការដាក់ទណ្ឌកម្មនេះបំណងពិតប្រាកដ គឺដើម្បីជម្រុញកិច្ចចរចារវាងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងព្យុងយ៉ាង ដោយផ្ទាល់ ឬជាក្រុម ទៅលើការកាត់កម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ។

លោក Chen Pokong អ្នកវិភាគទៅកិច្ចការថ្មីៗរបស់ប្រទេស ចិន បានបង្ហាញភាពជឿជាក់ថា សេចក្តីសម្រេចរបស់ចិន ហាក់បង្ហាញថា ជាការឆ្លើយតបចំពោះការធ្វើឃាតទៅលើលោក គីម ជុងណាំ ច្រើនជាងដោយសារបញ្ហាទំនាក់ទំនងរវាងចិន និងអាមេរិក។ «រដ្ឋាភិបាលក្រុង ប៉េកាំង មានក្តីរំខាន និងខ្មាសអៀនជាខ្លាំង ចំពោះមេដឹកនាំកូរ៉េខាងជើង ដែលធ្វើឃាតបងប្រុសបង្កើតរបស់ខ្លួន។

ចំណែកលោក Li Tianxiao អ្នកវិភាគនយោបាយជាន់ខ្ពស់ប្រចាំទូរទស្សន៍ NTD បានជឿជាក់ថា ការពិតទៅការផ្អាកការនាំចូលធ្យូងថ្មពីប្រទេស កូរ៉េខាងជើង ជាការផ្តល់ឱកាសមួយសម្រាប់មេដឹកនាំ ចិន លោក Xi Jinping ដើម្បីកសាងទំនាក់ទំនងកាន់តែប្រសើរជាមួយមេដឹកនាំ រដ្ឋាភិបាលអាមេរិក លោក Donald Trump។ ជាក់ស្តែងលោក Xi និងលោក Trump ធ្លាប់បានធ្វើកិច្ចសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ហើយគ្រោងនឹងធ្វើកិច្ចជំនួបនៅពេលឆាប់ៗខាងមុខ នេះបើយោងតាមការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកវិភាគរូបនេះ ជឿជាក់ថា ការផ្អាកនេះជារឿងហេតុដែលកើតឡើងដោយមាន ពាក់ព័ន្ធនឹងការប្រឆាំងពីមេដឹកនាំចិន ចំពោះកូរ៉េខាងជើងចំពោះ ទាំងពីរករណី គឺទាំងការបាញ់សាកល្បងគ្រាប់មីស៊ីល បាលីស្ទីក និងការចោទប្រកាន់ការធ្វើឃាតលោក Kim Jong-Nam។

ការធ្វើឃាតនេះ ហាក់ជាការបង្ហាញភាពផ្គើនទៅលើលោក Xi Jinping។ មូលហេតុដោយសារ កន្លងមក លោក Kim ត្រូវទទួលបានការពារសនិ្តសុខ យ៉ាងហ្មត់ចត់ពីប្រទេសចិន។ ម្យ៉ាងទៀត លោក Kim Jong-nam ជាមនុស្សអាចនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើង ដែលទៅរកចិន។ ផ្ទុយទៅវិញ ការកម្ចាត់លោកចេញបែបនេះ វាធ្វើឱ្យមហាអំណាចចិនបាត់បង់ឥទ្ធិពលរបស់ខ្លួនអស់មួយកម្រិត។

លោក Xi Jinping មិនធ្លាប់បង្កើនភាពកក់ក្តៅក្នុងទំនាក់ទំនងជាមួយប្រទេស កូរ៉េខាងជើងឡើយ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១២។ លោក ធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូកូរ៉េខាងជើងម្តងក្នុងឆ្នាំ២០១៦ ប៉ុន្តែមិនធ្លាប់បានជួបជាមួយលោក Kim Jong-un ទេ ក្នុងពេលកន្លងមក។ ផ្ទុយទៅវិញ លោក Xi ធ្លាប់បានធ្វើកិច្ចជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ព្រមទាំងបានអភិវឌ្ឍន៍ទំនាក់ទំនង សេដ្ឋកិច្ចកាន់តែរឹងមាំរវាងប្រទេសទាំងពីរថែមទៀតផង។

តាមរយៈហេតុផលខាងលើនេះបានបង្ហាញថា ថ្វីត្បិតការដាក់ទណ្ឌកម្មពីប្រទេសចិន ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជាបង្កការឈឺចាប់បន្តិចក្តី ប៉ុន្តែផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺចិនចង់ស្វែងរកឱកាសក្នុងការបណ្តាក់ទុនប៉ុណ្ណោះ៕ 
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា