Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាក ចុះធ្វើកម្មសិក្សានៅប្រទេសថៃ រយៈពេល២សប្តាហ៍

20-02-2017 12:59

(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំបញ្ជូននិស្សិត ផ្នែកគិលានុបដ្ឋាកចំនួន៨នាក់ ឲ្យចុះកម្មសិក្សានៅក្រៅប្រទេស ទៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ រយៈពេល០២សប្តាហ៍។

ដំណើរចុះកម្មសិក្សានេះ ធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០១៧តទៅ ហើយការចុះកម្មសិក្សានេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់និស្សិតផ្នែកគិលានុបដ្ឋាក។

គួរបញ្ចាក់ផងដែរថា ក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលមានដូចជានិស្សិត ផ្នែកវេជ្ជសាស្រ្ត ទន្តសាស្រ្ត ឱសថសាស្រ្ត និង ផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ចុះកម្មសិក្សានៅក្រៅប្រទេសសរុបចំនួន ១៩២នាក់ ក្នុងនោះមានប្រទេស ជប៉ុន កូរ៉េ សិង្ហបូរី ម៉ាឡេស៊ី ថៃ និង វៀតណាម។

ការរៀបចំបញ្ជូននិស្សិតចុះកម្មសិក្សា នៅក្រៅប្រទេសនេះ ក្នុងគោលបំណង ដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសដែល មានស្តង់ដាវិស័យសុខាភិបាលខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ សម្រាប់ឲ្យនិសិ្សតអាច អភិវឌ្ឍសម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត ហើយចូលរួមកសាងទំនុកចិត្ត ប្រជាពលរដ្ឋកម្ពុជាលើគុណភាព វិស័យសុខាភិបាលរបស់ខ្លួន និងអាចប្រកួតប្រជែងផ្នែកខាងគុណភាពជាមួយ បណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត។

សាកលវិទ្យាល័យពុទ្ធសាស្ត្រ នឹងមានគម្រោងបញ្ជូននិស្សិតផ្នែកផ្សេងៗទៀត ឲ្យចុះកម្មសិក្សានៅក្រៅប្រទេស រយៈពេលខ្លី និងរយៈពេលវែងជាបន្តបន្ទាប់នាពេលខាងមុខនេះ៕