(កំពង់ធំ)៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង​ ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។

អគារសិក្សាមួយខ្នងបីបន្ទប់នេះ អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូនទៅឲ្យ​សាលាបឋមសិក្សាសំប៉ាន តាមរយៈ លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យ​ស្ថានភាពជាក់ស្ដែងរបស់សាលា។

ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាល​មិនប្រកាន់​បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​មួយចំណែក។

លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាព​ចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។

លោកនាយកសាលាបានអោយដឹងទៀតថា​ «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀ​ន​គឺមានការថយចុះពី​មួយឆ្នាំទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា មួយវិញទៀតអគារ​កំពុងសិក្សាមាន​ភាពចាស់ទ្រុតទ្រោម​ខ្លាំងពេកទើបធ្វើឲ្យ ឪពុក ម្ដាយសិស្ស បង្ខំចិត្តបញ្ជូនកូនទៅរៀន​នៅសាលាឆ្ងាយពី​ផ្ទះប្រមាណជាងពីគីឡូម៉ែត្រ ព្រោះដើម្បីសុវត្ថិ​ភាព​របស់កូនខ្លួន»

ដើម្បីកាត់បន្ថយនៅភាពលំបាករបស់កូនសិស្សា សម្ដេចតេជោ បានសម្រេចសម្រេចផ្ដល់អគារសិក្សាមួយខ្នង ទៅឲ្យសិស្សសាលាបឋមសិក្សាសំប៉ាន់ ដើម្បីផ្ដល់នូវសុវត្ថិភាព ភាពងាយស្រួលដល់កូនក្មួយតូចៗ និងជៀសវាងការធ្វើដំណើរទៅសិក្សានៅ​សាលាឆ្ងាយពីផ្ទះ ហើយនេះគឺជាការរួមចំណែក​មួយ​ដើម្បីបណ្ដុះបណ្ដាល ធនធានមនុស្ស និងលើកកម្ពសវិស័យអប់រំនៅកម្ពុជា៕