(អ៊ីស្តង់ប៊ុល)៖ អាជ្ញាធរតួកគីបានចាប់ជនសង្ស័យសរុប ២៦នាក់ហើយយកទៅឃុំខ្លួនពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកលើរថយន្តមួយគ្រឿងនៅទីក្រុង Viranshir ភាគអាគ្នេយ៍ប្រទេស ដែលបានបណ្តាលឲ្យក្មេងតូចម្នាក់ស្លាប់ និងមនុស្ស១៧នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រថយន្តមួយគ្រឿងត្រូវបានគេបំផ្ទុះ បណ្តាលឲ្យឆាបឆេះរថយន្តជុំវិញជាច្រើនគ្រឿងទៀតកាលពីថ្ងៃសុក្រ សប្តាហ៍នេះដែលបានបណ្តាលឲ្យសន្តិសុខម្នាក់ នៅទីសួនច្បារមុខលំនៅឋានរួមនេះទទួលមរណភាពផងដែរ។ មិនទាន់មានក្រុមណាមួយ ចេញមុនអះអាងទទួលខុសត្រូវលើការវាយប្រហារខាងលើនេះនៅឡើយទេ ប៉ុន្តែអភិបាលខេត្ត Mardin បានចោទចំៗតែម្តងទៅលើគណបក្សពលករឃើដ PKK។
គួរបញ្ជាក់ថារដ្ឋាភិបាលតួកគីបានចាត់ទុកគណបក្សពលករឃើដ ថាជាអង្គការភេរវកម្មដែលខ្លួនបានអះអាងថាបានបង្កការវាយប្រហារជាច្រើនមកហើយ និងបានសម្លាប់មនុស្សមិនតិចជាង ៤០,០០០នាក់នោះឡើយ។ បទឈប់បាញ់គ្នារវាង PKK និងរដ្ឋាភិបាលតួកគីត្រូវបានបោះចោលក្នុងធុងសំរាមកាលពីខែកក្កដា ឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមកការបំផ្ទុះគ្រាប់បែក និងវាយប្រហារគ្នាកាន់តែកក្រើកខ្លាំងឡើងនៅប្រទេសតួកគី៕