(ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ជ្រុលបុករថយន្ដកាមរីឆ្លាមរបស់តារាសម្ដែង អឺម ជីវ៉ា ដែលកំពុងឆ្លងផ្លូវបណ្ដាលឲ្យរថយន្ដ និងម៉ូតូរងការខូចខាតបន្តិចបន្ទួចចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៦៣ កែងនឹងមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-4532 ជារថយន្ដរបស់តារាសម្ដែង អឹម ជីវ៉ា បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានឆ្លងកាត់មហាវិថីព្រះសីហនុ ពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែ មានម៉ូតូម៉ាកនិចមួយគ្រឿងជិះដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចជ្រុលបុកចំក្បាលរថយន្ដចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។
ក្រោយពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយម្ចាស់រថយន្ដមិនបានឲ្យម្ចាស់ម៉ូតូសងថ្លៃខូចខាតនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ហើយក៏បានសំណូមពរដល់អ្នកជិះម៉ូតូទាំងអស់ កុំឲ្យជិះម៉ូតូលឿនៗពេក ព្រោះខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។
ក្រោយពីសម្របសម្រួលគ្នារួចរាល់ភាគីទាំងសងខាងបានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនតែម្ដង។ ក្នុងហេតុការណ៍នោះ គេឃើញមានតារាល្បីៗជាច្រើនរូប មកមើលលោក អឹម ជីវ៉ា ផងដែរ៕