(ភ្នំពេញ)៖ លោក សាន ប៊ុនធឿន ដែលជាអ្នកព័ត៌មានកំពុងទទួលបានភាពល្បាញល្បីតាមបណ្តាញសង្គម Facebook នោះ បានជួប គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យរថយន្តខូចស្ទើរខ្ទេចខ្ទី និងបណ្តាលឲ្យរូបលោករងរបួសស្រាល ខណៈអ្នកបើកបររថយន្តរងរបួសធ្ងន់។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមការផ្សាយផ្ទាល់លើទំព័រ Facebook ក្រោយកើតគ្រោះថ្នាក់ភ្លាមៗនោះ លោក សាន ប៊ុនធឿន បានឲ្យដឹងថា នៅទៀបភ្លឺថ្ងៃនេះលោករួមជាមួយក្រុមការងារបានជិះរថយន្តត្រឡប់មកពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ។ អកុសលមកដល់ចំណុចកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿង ដែលលោកអះអាងថា អ្នកបើកបរងងុយដេកនោះ បានបើកចូលចំណែកផ្លូវរថយន្តលោក ឃើញដូចនោះអ្នកបើកបររថយន្តក៏បួងចង្កូតធ្លាក់ទៅប្រឡាយនៅចិញ្ចើមផ្លូវតែម្តង។
គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យលោក សាន ប៊ុនធឿន រងរបួសបែកក្បាល រីឯអ្នកបើកបររថយន្តរបស់លោក ក៏រងរបួសត្រង់ជើងធ្ងន់ធ្ងរ ផងដែរ។ ដោយឡែករថយន្តវិញ គឺខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុលោក សាន ប៊ុនធឿន រួមនិងអ្នកបើករថយន្ត បានបន្តធ្វើដំណើរតាមរថយន្តឈ្នួលមកកាន់រាជធានីភ្នំពេញ ខណៈដែល រថយន្តទុកឲ្យសមត្ថកិច្ចជាអ្នកចាត់ចែង។ សូមបញ្ជាក់ផងដែរថា រថយន្តកុងតឺន័រ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ទុកផងដែរ៕