Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សជាង១០០នាក់ស្លាប់ និងជិត១០០នាក់រងរបួស ក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីសក្ការបូជាមួយរបស់ប៉ាគីស្ថាន

17-02-2017 02:12

(ប៉ាគីស្ថាន)៖ យ៉ាងហោចណាស់មនុស្សជាង១០០នាក់ ត្រូវបានសម្លាប់ និងជិត១០០នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ទៅលើទីសក្ការបូជាមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមសារព័ត៌មាន RT News ចុះផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ក្រុមឧទ្ធាម ISIS បានប្រកាសថា នេះជាទង្វើរបស់ពួកគេ។

​អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនេះ បានចូលទៅកាន់ទីសក្ការបូជា Lal Shahbaz Qalandar ក្នុងទីក្រុង Sehwan Sharif។ ការបំផ្ទុះគ្រាប់បែក បានកើតឡើងនៅចំណុចដែលកំពុងរៀបចំពិធីបុណ្យសាសនា មានឈ្មោះថា Dhamaal។

នាយក​មន្ទីរពេទ្យ Taluka លោក Moinuddin Siddiqui បានបញ្ជាក់ថា យ៉ាងហោចណាស់ មានសាកសព១០០នាក់ហើយ​ ដែលត្រូវបាននាំចូល មកក្នុងមន្ទីរពេទ្យ ហើយអ្នកទទួលរងរបួស ក៏បាននឹងកំពុងបញ្ជូនមកផងដែរ។​

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោស ចំពោះការវាយប្រហារសម្លាប់មនុស្សនេះ។​

សូមជម្រាបថា ទីសក្ការបូជានេះត្រូវបានសាងសង់ឡើងនៅជុំវិញផ្នូររបស់លោក Lal Shahbaz Qalandar ជាទស្សនៈវិទូ និងអ្នកតែងកំណាព្យដ៏ល្បី របស់ប៉ាគីស្ថាន៕