(សៀមរាប)៖ ដើម្បីត្រៀមខ្លួន រៀបចំពិធីបញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់លោកស្រី Angelina Jolie ជាតារា និងជាផលិតករដ៏ល្បី របស់ Hollywood ឲ្យដំណើរការទៅដោយរលូន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំជាច្រើនរូប បានចុះត្រួតពិនិត្យការងារ និងពិភាក្សាការងារ មួយចំនួននៅទីលាន ជល់ដំរី ដែលជាទីតាំងបញ្ចាំងខ្សែភាពយន្ត ។

ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារា និងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់ នៅលើវាលស្មៅ នៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។

លោក ហុក ប៉េងសែ អគ្គនាយករង ដែលបានរួមដំណើរចុះត្រួតពិនិត្យទីតាំងនេះ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួន យ៉ាងល្អ ក្នុងកិច្ចសហការរៀបចំសម្ពោធ និងបញ្ចាំងខ្សែភាពយន្តអន្តរជាតិ នៅពេលនេះ។ លោកបានបន្តថា អាជ្ញាធរជាតិអប្សរា បានចូលរួមបញ្ជូនអ្នកបច្ចេកទេស រៀបចំទីតាំង សម្រួលលំហូចរាចរ និងថែរក្សាអនាម័យសណ្តាប់ធ្នាប់ ជាដើម។

លោក ជៀប សុវិជ្ជា នាយកបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្លែងថា ការបញ្ចាំងខែ្សភាពដ៏ធំនេះ គឺជាមោទនភាពបំផុតដែលត្រូវបានរៀបចំឡើង នៅតំបន់អង្គរ ជាលើកដំបូងបង្អស់ ក្រោមព្រះរាជវត្តមាន របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

លោកបញ្ជាក់ថា អ្នកដែលត្រូវអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តនេះ គឺក្រៅមន្ត្រីរាជការ និងមន្ត្រីទូតគ្រប់ប្រទេស គឺមានប្រជាពលរដ្ឋ ដែលបានចូលរួមសម្តែង និងក្រុមបច្ចេកទេស ដែលបានចូលរួមផលិតភាពយន្តកន្លងមក។

លោក ជៀប សុវិជ្ជា ក៏បានបដិសេធនូវព័ត៌មានមួយចំនួន ដែលលើកឡើងថា ប្រជាពលរដ្ឋគ្រប់គ្នា អាចចូលទស្សនាបាន ដោយសេរី ដោយលោកបញ្ជាក់ថា ការចូលទស្សនា គឺត្រូវបានកំណត់តាមចំនួនលិខិត ដែលបានអញ្ជើញប៉ុណ្ណោះ៕