(កូរ៉េខាងជើង)៖ លោក គីម ជុងណាំ ជាបងប្រុសឪពុករួមរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ អ្នកស៊ើបអង្កេត បានដាក់ការសង្ស័យថា នេះជាឃាតកម្មកើតឡើងដោយការធ្វើឃាតដោយប្រើប្រាស់ សារធាតុពុលពីសំណាក់ស្ត្រីពីរនាក់។ ឃាតកម្មបងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើង កំពុងក្លាយជាប្រធានបទក្តៅមួយរបស់មនុស្សជុំវិញពិភពលោក។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងជីវិត ព្រមទាំងការស្លាប់របស់លោក គីម ជុងណាំ៖
* ជីវប្រវត្តិ៖
លោក គីម ជុងណាំ ជាបងប្រុសឪពុករួមរបស់មេដឹកនាំកូរ៉េខាងជើង កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧១កន្លងទៅនេះ។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០១ លោក គីម ជុងណាំ ត្រូវបានគេសម្រេចថា ជាទាយាទរង់ចាំស្នងដំណែងជាមេដឹកនាំកំពូលកូរ៉េខាងជើង បន្តពីឪពុករបស់លោក។ ប៉ុន្តែបន្ទាប់ពីរជ្ជទាយាទរូបនេះ ព្យាយាមចូលទឹកដីជប៉ុនជាច្រើនលើកច្រើនសារ ដោយប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់ទៅកាន់ទីក្រុងតូក្យូនោះ លោកត្រូវបានដកចេញពីដំណែង ជាទាយាទស្នងបន្តពីឪពុករបស់លោក។
ចាប់ពីឆ្នាំ២០០៣មក លោក គីម ជុងណាំ បានរស់នៅដោយការនិរទេសន៍ចេញពីប្រទេស កូរ៉េខាងជើង។ ហេតុនេះប្អូនប្រុសដែលមានឪពុករួមរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាទាយាទដើម្បីស្នងបន្ត នៅខែកញ្ញា ឆ្នាំ២០១០។ ក្នុងពេលធ្វើនិរទេសន៍ខ្លួននេះ លោក គីម ជុងណាំ ទទួលបានភាពល្បីល្បាញ ដោយពេលខ្លះ លោកបានរិះគន់ចំៗទៅលើរបបដឹកនាំគ្រួសាររបស់លោក និងមានបំណងចង់ធ្វើកំណែទម្រង់របបដឹកនាំនៅកូរ៉េខាងជើងថែមទៀតផង។ យ៉ាងនេះក្តី លោកបានស្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងប្រទេស ម៉ាឡេស៊ី។
* ការធ្វើឃាត៖
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សារព័ត៌មានកូរ៉េខាងត្បូង បានធ្វើសេចក្តីរាយការណ៍ថា លោក គីម ជុងណាំ ត្រូវបានធ្វើឃាតនៅអាកាសយាន្តដ្ឋានអន្តរជាតិ កូឡាឡាំពួរក្នុងប្រទេស ម៉ាឡេស៊ី ដោយស្ត្រីមិនស្គាល់អត្តសញ្ញាណពីនាក់ ដែលសង្ស័យថា ជាភ្នាក់ងារស៊ើបការណ៍ផ្ទាល់របស់កូរ៉េខាងជើង។
ប៉ូលីសម៉ាឡេស៊ី បានបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានបញ្ជូនទៅកាន់គ្លីនិកដែលស្ថិតនៅក្បែរនោះ បន្ទាប់មកទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យនោះតែម្តង។ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា កូរ៉េខាងជើងបានបង្ហាញការប្រឆាំងចំពោះរាល់ ការវះកាត់ទៅលើសាកសពរបស់លោក គីម។ សេចក្តីរាយការណ៍ដំបូងឡើយបានបញ្ជាក់ថា ក្នុងករណីឃាតកម្មនេះ មានការប្រើប្រាស់ស្ប្រ៉ាយ ឬគុយទាវពុល។
ប៉ូលីសម៉ាឡេស៊ី លោក Fadzil Ahmat បានប្រាប់សារព័ត៌មាន The Star តាមសំដីលោក គីម ជុងណាំ ដែលបានបញ្ជាក់ប្រាប់អ្នកទទួលភ្ញៀវថា «មានអ្នកណាម្នាក់ បានទាញលោកពីក្រោយ បន្ទាប់មកបានជះសារធាតុរាវម្យ៉ាងមកលើមុខរបស់លោក, មានស្ត្រីម្នាក់បានយកក្រដាសមានជាតិទឹកអ្វីម្យ៉ាង មកបិទពីលើមុខរបស់លោក»។
ភ្នាក់ងារស៊ើបការណ៍ជាតិកូរ៉េខាងត្បូងជឿជាក់ថា លោក គីម ជុងណាំ ត្រូវបានបំពុលនៅអាកាសយាន្តដ្ឋានតែម្តងដែលការលើកឡើងនេះគឺស្របគ្នានឹងភ្នាក់ងារ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងយ៉ាងដូច្នេះផងដែរ។ ប្រសិនបើរឿងនេះក្លាយជារឿងពិតនោះ នឹងក្លាយជាប្រធានបទដ៏ក្តៅមួយពាក់ព័ន្ធនឹង ការធ្វើឃាតបុគ្គលសំខាន់របស់កូរ៉េខាងជើង មិនធ្លាប់មានចាប់តាំងពីការប្រហារជីវិតលោក Jang Sung-taek កាលពីឆ្នាំ២០១៣កន្លងទៅនេះ។
* ការឃាត់ខ្លួនជនសង្ស័យ៖
នៅថ្ងៃទី១៥ ខែកុម្ភៈ ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនស្ត្រីម្នាក់នៅអាកាសយាន្តដ្ឋានអន្តរជាតិ កូឡាឡាំពួរ ដោយជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងការស្លាប់ របស់លោក គីម។ ស្ត្រីរូបនេះ ស្ថិតក្នុងវ័យ២៨ឆ្នាំមានឈ្មោះថា Doam Thi Huong ដោយមានកាន់កាប់ឯកសារធ្វើដំណើរក្នុងនាមជាជនជាតិវៀតណាម ត្រូវបានគេគិតថាជា ភ្នាក់ងារចារកម្មរបស់កូរ៉េខាងជើង។
* ការស៊ើបអង្កេត និងប្រវត្តិនៃបំណងធ្វើឃាតកន្លងមក៖
មានសំណួរជាច្រើនបានលើកឡើងថា តើមូលហេតុអ្វីដែលជម្រុញឱ្យមានការធ្វើឃាតមនុស្សបែបនេះ? ប្រសិនបើជាបញ្ជារបស់លោក គីម ជុងអ៊ុន តែដោយសារហេតុផលអ្វីទៅ? ព្រោះថា វានឹងបង្កភាពអាម៉ាស់បំផុត ហើយវានឹងធ្វើឱ្យលោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា មិនមានភាពជាមេដឹកនាំកូរ៉េខាងជើងតទៅទៀត។
ប្រធានចារកិច្ចកូរ៉េខាងត្បូងលោក Lee Byung-ho បានប្រាប់សមាជិកសភាថា កូរ៉េខាងជើងមានបំណងចង់សម្លាប់លោក គីម ជុងណាំ ជាច្រើនឆ្នាំមកហើយ ប៉ុន្តេលោកត្រូវទទួលបានការការពារយ៉ាងហ្មត់ចត់ពីសំណាក់ប្រទេស ចិន។
ជាក់ស្តែងកាលពីចុងឆ្នាំ២០១២កន្លងទៅ មានមនុស្សមានបំណងចង់ធ្វើឃាតលោកម្តងហើយ ក្នុងប្រទេស សិង្ហបុរី ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការ ចាកចេញពីក្រុង ម៉ាកាវ។
លោក បានចាកចេញពីម៉ាកាវ ដោយសង្ស័យថា លោកស្ថិតនៅជាគោលដៅសម្រាប់ការធ្វើឃាតពីសំណាក់លោក គីម ជុងអ៊ុន។ អាជ្ញាធរកូរ៉េខាងត្បូង បានចង្អុលបង្ហាញជាផ្លូវការថា ភ្នាក់ងារកូរ៉េខាងជើង ដែលមានឈ្មោះថា គីម យ៉ុងស៊ូ បានសារភាពធ្លាប់រៀបចំគម្រោងធ្វើឃាតលោក គីម ជុងណាំក្នុងឆ្នាំ២០១០។ សូមជម្រាបថា មេដឹកនាំកូរ៉េខាងជើង ធ្លាប់មានប្រវត្តិយូរលុងណាស់មកហើយក្នុងការបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅក្រៅប្រទេសដើម្បីសម្លាប់មនុស្ស ការវាយប្រហារ ឬការចាប់ជម្រិតជាដើម។
* ប្រតិកម្ម៖
វាជារឿងដ៏ចម្លែកមួយទៀតនោះគឺ ដំណឹងមរណភាពបងប្រុសមេដឹកនាំកំពួលកូរ៉េខាងជើង មិនត្រូវបានផ្សព្វផ្សាយជាសារណៈឡើយក្នុងប្រទេសកុម្មុយនីស មួយនេះ ហើយវាក៏មិនបានក្លាយជារឿងរសើបមួយសម្រាប់កូរ៉េខាជើងនោះផងដែរ។
អ្នកនាំពាក្យបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានចាត់ទុកថាការសម្លាប់នេះ ជាឧទាហរណ៍ដ៏ច្បាស់លាស់មួយរបស់មេដឹកនាំ គីម ជុងអ៊ុន ថាជាយុគសម័យនៃភេរវកម្មដោយមិនអាចប្រកែកបាន។ យ៉ាងនេះក្តីប្រធាននាយកដ្ឋានស៊ើបការណ៍ឧក្រិដ្ឋកម្មម៉ាឡេស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានថា «រហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាអ្វី បង្ហាញថាតើការស្លាប់របស់លោក គីម នេះជាករណីឃាតកម្មឬយ៉ាងនោះទេ។ រាល់ការសន្និដ្ឋានទាំងអស់នឹងកាន់តែជាក់ច្បាស់ បន្ទាប់ពីការវះកាត់ទៅលើសាកសពរបស់លោក គីម ជុងណាំ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា