(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកម្មវិធី ស្ទាបស្ទង់មតិភ្នែកមហាជន ជាលើកទី២ របស់ខ្លួន នៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៣ និងទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដោយមានការចូលលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួង។
គួរចាំថា ក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ កាលពីពាក់កណ្តាលឆ្នាំ២០១៦ កន្លងទៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំមុនគេ នូវកម្មវិធីស្ទាបស្ទង់មតិមួយ ដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម» ហើយកម្មវិធីនេះត្រូវរៀបចំធ្វើនៅរៀងរាល់១ឆមាសម្តង។
កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ របស់មន្រ្តីរាជការក្រោម ឱវាទក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងារ របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រើនរំឭក ជាប្រចាំឲ្យមន្រ្តីរាជការ គ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់។
លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាសស្មារតី ដល់មន្រ្តីរាជការគ្រប់រូប ឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារ ជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែ ឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ។
ជាងនេះទៅទៀត ចំពោះលទ្ធផលនៃការស្ទាបស្ទង់មតិនេះ នឹងត្រូវបង្ហាញជូនជាសាធារណៈ នៅលើគេហទំព័រ និង Facebook របស់ក្រសួង និងនៅលើបណ្តាញសារព័ត៌មានសំខាន់ៗ មួយចំនួនទៀត បន្ទាប់ពីការបូកសរុបត្រូវបានបញ្ចប់៕