(ភ្នំពេញ)៖ សំណុំរឿងបុរសម្នាក់ ដែលទើបប្រឡងជាប់ជានគរបាល ពាក់ព័ន្ធបទល្មើសសម្លាប់សង្សារជានិស្សិត វិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ហើយយកសពទម្លាក់ក្នុងទឹកទន្លេ នៅពុំទាន់ដឹងថា សម្រេចយ៉ាងណានៅឡើយទេ ដោយសារសាលាឧទ្ធរណ៍ ពន្យារពេល ប្រកាសសាលដីកាម្តងទៀត ។

លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកពេលប្រកាសសាលដីកា ម្តងទៀតចំពោះរឿងក្ដីនេះ ទៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះវិញ ។ មជ្ឈដ្ឋានមួយចំនួន កំពុងរង់ចាំមើលថា តើជោគវាសនា បុរសរូបនេះនឹងត្រូវជាយ៉ាងណា ។

ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ  ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ចំនួន៣បទល្មើស គឺ បទឃាតកម្មគិតទុកជាមុន បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។ នាពេលសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌ជូនរូបគេ។

គួររំលឹកថា ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា។

ចំពោះរឿងនេះ នាគ្រាដំបូង សមត្ថកិច្ចបានសន្និដ្ឋានថា ការសម្លាប់នោះគឺជាអំពើឃាតកម្មពីព្រោះលើខ្លួនសពមានស្នាមជាំ ច្រើនកន្លែង ដែលបញ្ជាក់ថាមុននឹងស្លាប់ ជនរងគ្រោះត្រូវឃាតករធ្វើទារុណកម្មនិងរំលោភផ្លូវភេទ ដោយមានទឹកកាមជាប់ ប្រដាប់ភេទផង៕