(ភ្នំពេញ)៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចនឹងដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីយប់មិញចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។
លោក គឹម សុខ បាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១១ ខែកុម្ភៈម្សិលមិញយ៉ាងដូច្នេះថា៖ «ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋ ហើយមានការបង្ក្រាបទាំងបាញ់សម្លាប់ទៅទៀត ក្រោយមកប្រជាពលរដ្ឋនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្តាច់ការដូចជា យន្តហោះ ហោះលើអគារគណបក្សសង្គ្រោះជាតិ ចេញមកពីរូបភាពហ្នឹង មានរឿងផ្សេងៗដូចជាការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា រូបភាពអស់ហ្នឹង គឺថា ដើម្បីជារូបភាពមួយក្នុងន័យល្បិចកលផ្តាច់ការ ដើម្បីកំទេចគណបក្សសង្គ្រោះជាតិ ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយ សម្លាប់ហើយអី ហើយហ្នឹង ទាំងចុងក្រោយ សម្លាប់លោក កែម ឡី ទៀត សម្លាប់ហើយអីហើយ ពលរដ្ឋនៅតែងើប ដូច្នេះនៅតែវិធីចុងក្រោយមួយតែ គឺវិធីប្រើច្បាប់»។
លោកមេធាវី គី តិច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានប្រគល់សិទ្ធពេញលេញ ជូនខ្ញុំដើម្បីដាក់ពាក្យបណ្តឹងលោក គឹម សុខ អ្នកវិភាគ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីយប់មិញ ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែក»៕