(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះលោក សម រង្ស៊ី បានប្រកាសលាឈប់ពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយមួយ ទើបមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ហើយក៏ជាគណបក្សនយោបាយមួយដែលពោរពេញដោយរឿងអាស្រូវផ្លូវភេទ ល្បែងពារលាអាវ៉ាសែ អំពើអាណាចារ និងការបែកបាក់ប្រេះស្រាំតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។
យើងគ្មានភ្ញាក់ផ្អើលនឹងការលាឈប់នេះទេ ពីព្រោះយើងបានស្គាល់ចរិតនយោបាយរបស់ សម រង្ស៊ី ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សមិនខ្វល់អ្នកណា ហើយក៏ជាមនុស្សពិសពុលពោរពេញល្បិច សូម្បីការលែងលានេះក៏បង្កប់ឲ្យពិសពុលផងដែរ។
នៅពេលនេះយើងគិតថាជាការលាលែងពិតគ្មានពិសពុលចុះ សួរថាតើហេតុអ្វី សម រង្ស៊ី ធ្វើយ៉ាងដូច្នេះ? ហេតុអ្វី សម រង្ស៊ី បោះបង់ចោល គណបក្សសង្គ្រោះជាតិ?
ទី១៖ សម រង្ស៊ី អស់ជំនឿថា គណបក្សនេះនឹងមិនអាចជួយគាត់បាននោះទេ។
ទី២៖ សម រង្ស៊ី លែងមានជំនឿតទៅទៀតថា មនុស្សទាំងអស់នៅក្នុងគណបក្សនេះ មិនទទួលយកយោបល់ពីគាត់ទៀតទេ។
ទី៣៖ សម រង្ស៊ី ក៏ដឹងច្បាស់ថា គាត់គ្មានឱកាសទទួលបានសមាណចិត្តពីប្រជាជនកម្ពុជាតទៅទៀតទេ ក្រោយពីបែកធ្លាយសារសម្លេងឆ្លើយតបជាមួយស្រីក្មេង។
ទី៤៖ ចំណុចសំខាន់បំផុតគឺ សម រង្ស៊ី លែងជឿលើខ្លួនឯង ! គឺលែងជឿថា នឹងគ្មានឱកាសអ្វីតទៅទៀតទេ។ មនុស្សដូច សម រង្ស៊ី គឺនៅពេលដែលលែង ជឿលើខ្លួនឯង និងអស់សង្ឃឹមចំពោះអ្នកដទៃហើយ ជំរើសមានតែមួយគត់គឺ «ធ្វើអត្តឃាត»។
យើងបានព្យាករណ៍ទុកមុនរួចហើយ ហើយឥឡូវជីវិតនយោបាយរបស់ សម រង្ស៊ី បានមកដល់ទីបញ្ចប់ ដោយការធ្វើអត្តឃាត ទោះបីថាខណៈនៅមានការ សង្ស័យថា ជាការលាលែងបែបឆាកល្ខោន បែបពិសពុល និងបែបស្ពិនភ្នែកបោកបញ្ឆោតក៏ដោយចុះ។ កន្លងមក សម រង្ស៊ី យល់ខុសថា៖ «ប្តឹងកាន់តែច្រើន កាន់តែល្អ»។ មិនមែនទេ គឺការជាប់បណ្តឹងកាន់តែច្រើន គឺកាន់តែធ្វើឲ្យអស់តម្លៃ ហើយការរួមរិតដោយទោសកំហុសកាន់តែច្រើន គឺពិតជានាំដល់ការអស់ជីវិត នយោបាយប្រាកដមែន។ «ច្បាប់ទល់នឹងនយោបាយ» វាបានផ្ញើសារថា នៅលើពិភពលោកនេះ ទីណាក៏ដោយ «អ្នកទោស» គឺប្រែថា «ចប់»។
យើងក៏សូមផ្តាំទៅលោក សម រង្ស៊ី វិញដែរថា ចិត្តជាកូនប្រុស ហើយបើពិតជាចិត្តសឿង បើថាលាលែងពីបក្សនយោបាយ គឺត្រូវតែលាលែងឲ្យពិតប្រាកដ កុំលាលែងបែបឆាកល្ខោន កុំលាលែងក្នុងកលល្បិចពិសពុលបន្តបោកប្រាស់គេតទៅទៀតឲ្យសោះ។ បើចិត្តសឿង កុំបបួលគេឲ្យធ្វើញាត្តិហៅមកវិញឲ្យសោះ។ ហើយបើចិត្តស្លុយ ទោះបីមានគេហៅក៏ដោយ កុំមកចូលធ្វើនយោបាយតទៀតឲ្យសោះ៕
ដោយ៖ សេនាជាតិ