(ឧត្តមានជ័យ)៖ អ្នកកាសែត៤នាក់ប្រចាំខេត្តឧត្តមានជ័យ ត្រូវបានអ្នកញៀនថ្នាំម្នាក់ឈ្មោះ«វ៉ុន»ដែលគេស្គាល់ថា ជាកម្មករកស៊ីឈ្នួល បើករថយន្ដដឹកឈើគ្រញូង ពីបន្ទាត់ព្រំដែនថៃ ចូលមកស្រុកអន្លង់វែង ឲ្យមន្ត្រីនគរបាលអធិការដ្ឋានស្រុកអន្លង់វែងម្នាក់ពាក់ស័ក្តិ១ ឈ្មោះ ឆាំ ឆាយ ហៅម៉ៅ គំរាមសម្លាប់។ មន្រ្តីនគរបាលរូបនេះ គេល្បីឈ្មោះជាយូរណាស់មកហើយ នៅក្នុងមុខជំនួញឈើក្រញូង ឆ្លងដែនដ៏ធំមួយ នៅក្នុងស្រុកអន្លង់វែង ដែលសមត្ថកិច្ចមិនដែលបង្ក្រាបឡើយ។
អ្នកកាសែតដែលបានរងការគំរាមកំហែងទី១,ឈ្មោះ វី អ្នកយកព័ត៌មានអប្សរាANN ទី២,ឈ្មោះ សាន់ រិន យកព័ត៌មានCPN ទី៣,ឈ្មោះចាន់ រិទ្ធ យកព័ត៌មានTVHD៨ និងទី៤ ឈ្មោះសួន ជុំនោ អ្នកយកព័ត៌មានប៉ុស្ដិ៍លេខ៣ ។
ការគម្រាមសម្លាប់នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅគ្រាដែលអ្នកកាសែតទាំង៤នាក់ ខណៈពេលថតផ្ដិត យករូបភាពរថយន្ដមុខសញ្ញា ដឹកបទល្មើសឈើចេញ ពីព្រំដែននៅចំណុចភូមិអូថ្ម ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។
លោក សា វី ភ្នាក់ងារអប្សរាANN នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧នេះ បានប្រាប់ឲ្យដឹងពីថា ឈ្មោះឆាំ ឆាយ ហៅម៉ៅ ពាក់ស័ក្តិ១ នៅក្នុងអង្គភាពអធិការដ្ឋានស្រុកអន្លង់វែង បានទៅធ្វើការគំរាមកំហែងដល់ពួកគាត់ ដោយនិយាយថា នៅស្រុកអន្លង់វែង គ្មានសមត្ថកិច្ចណាម្នាក់ ហ៊ានចាប់ឈើគេទេ ។
លោក សាន់ រិន ភ្នាក់ងារព័ត៌មាន CPN បានឲ្យដឹងដែរថា ឈ្មោះ វ៉ុន ដែលជាអ្នកញៀនថ្នាំគម្រាម និងបើករថយន្ដគៀរថយន្ដ អ្នកកាសែតទម្លាក់ពីលើភ្នុំដងរ៉ែកឲ្យស្លាប់ទាំងអស់តែសំណាងពុំបានសម្រេចដូចបំណងរបស់គេ។
លោកសួន ជុំនោ បានឲ្យដឹងថា ក្រុមបង្កររបស់ឈ្មួញឈើក្រញូងជាមន្រ្តីប៉ូលិសឈ្មោះម៉ៅ បានធ្វើការគំរាមកំហែងយ៉ាងខ្លាំង និងកូនចៅឈ្មោះវ៉ុន បានមកគំរាមសម្លាប់ ដល់កន្លែងស្នាក់ នៅថែមទៀតកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
បច្ចុប្បន្ននេះ អ្នកកាសែតទាំង៤នាក់កំពុងតែស្ថិតនៅក្នុងស្ថានភាពអសន្តិសុខ និងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្រោយពេលរងការ គំរាមកំហែង ពីមេឈ្មួញឈើគ្រញូង ជាមន្រ្តីប៉ូលិសស្រុកអន្លង់វែង និងបក្សពួកដែលសុទ្ធសឹងជាក្រុមញៀនថ្នាំផងដែរ៕