(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៧គ្រឿង រថយន្ដធុនតូចចំនួន៧គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង៤លើក, កត្តាយានយន្ត១លើក និងមិនគោរពសិទ្ធិ៤លើក។
សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៨៧លើក បណ្ដាលឲ្យស្លាប់៤៤នាក់ របួសធ្ងន់ចំនួន៧៩នាក់ និងរងរបួសស្រាលចំនួន៣៨នាក់៕