(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយ ដោយនៅថ្ងៃសុក្រ(ម៉ោងនៅអាមេរិក) លោក អាបេ ជួបពិភាក្សាលើកដំបូងជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ចាប់តាំងពីលោក ត្រាំ បានស្បថឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់អាមេរិក។ មានចំណុចសំខាន់ៗ និងគួរឲ្យចាប់អារម្មណ៍ចំនួន៤ ដែលអាចនឹងត្រូវលើកយកមកពិភាក្សានៅក្នុងជំនួបកំពូលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Telegraph នៅយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
១៖ ការស្នើឲ្យជប៉ុនពិចារណាលើការបំពាក់អាវុធនុយក្លេអ៊ែរនៅប្រទេស៖ រឿងនេះទំនងជាមិនអាចសម្រេចទៅបានឡើយ ដោយសម្អាងថាប្រជាជនជប៉ុនប្រហែល២២០,០០០នាក់បានបាត់បង់ជីវិតនៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែ របស់សហរដ្ឋអាមេរិក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីកាលពីសម័យសង្រ្គាមលោកលើកទីពីរ ហើយចាប់តាំងពីពេលនោះមកប្រទេសជប៉ុន បានសម្រេចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបានប្តេជ្ញាថា មិនវិលត្រឡប់បកក្រោយវិញឡើយ។
២៖ ការជួយចេញថ្លៃលើការចំណាយសម្រាប់ទ័ពអាមេរិកឈរជើងនៅជប៉ុន៖ តាមក្រសួងការបរទេសជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូបានចេញថ្លៃចំណាយប្រមាណជា៧០ភាគរយ នៃការចំណាយសម្រាប់ការទទួលឲ្យកងទ័ពអាមេរិកឈរជើងនៅក្នុងតំបន់ ប៉ុន្តែកាលពីអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ជប៉ុនមិនបានចេញថ្លៃក្នុងកម្រិតដ៏សាកសមមួយនោះឡើយ និងថែមទាំងបានលើកឡើងថា ទីក្រុងតូក្យូគួរចេញថ្លៃចំណាយ១០០ភាគរយតែម្តងទើបត្រូវ។
៣៖ ការកើនឡើងនៃឥទ្ធិពលរបស់ចិន ដែលអាចបង្កការគំរាមកំហែលដល់ជប៉ុន៖ ការកើនឡើងនៃវត្តមានរបស់កម្លាំងយោធាចិននៅតំបន់សមុទ្រចិនខាងត្បូងបានបង្កើនក្តីព្រួយបារម្ភជាខ្លាំងដល់ទីក្រុងតូក្យូថា ទីក្រុងប៉េកាំងកំពុងរៀបចំគំរោងដើម្បីធ្វើការឈ្លានពានបន្តិចៗនៅក្នុងតំបន់ ហើយក្រៅពីនេះប្រទេសទាំងពីរ ក៏កំពុងពាក់មុខយក្សដាក់គ្នាដោយសារ តែរឿងបញ្ហាជម្លោះនៅតំបន់សមុទ្រចិនខាងកើតផងដែរ។ ប៉ុន្តែនៅពេលដែលរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បានទៅបំពេញទស្សនកិច្ច នៅទីក្រុងតូក្យូកាលពីសប្តាហ៍មុននេះ លោកបានធានាអះអាង ដល់រដ្ឋាភិបាលជប៉ុនថា កងកម្លាំងអាមេរិក នឹងធ្វើអន្តរាគមន៍ភ្លាមៗបើសិនជាចិនហ៊ានលូកដៃប៉ះប្រជុំកោះរបស់ជប៉ុននៅតំបន់សមុទ្រចិនខាងកើត។
៤៖ ការងាររបស់ជប៉ុនសម្រាប់ប្រជាជនអាមេរិក៖ មន្រ្តីរដ្ឋាភិបាលរបស់លោក ស៊ីហ្សូ អាបេ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីរៀបចំកញ្ចប់ការងារដ៏ពិសេស ដែលអាចបង្កើតការងារចំនួនប្រមាណជា៧០០,០០០កន្លែងសម្រាប់ប្រជាជនអាមេរិក ហើយវានឹងត្រូវបង្ហាញជូនដល់លោក ដូណាល់ ត្រាំ នៅក្នុងជំនួបពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងពីរ៕