(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកភ្នំក្រវាញ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាឪពុកនិងកូន ក្រោយផ្ទុះហិង្សា ជាមួយជនរងគ្រោះដែលជាអជីវករដូចគ្នា ព្រោះតែរឿងគំនុំផ្ទាល់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ពោធិ៍សាត់។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្សារលាច ស្ថិតក្នុងភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីហឹង្សាដោយចេតនាខាងលើនេះ បង្កដោយឈ្មោះ មាស សុខឃៀង អាយុ៥៣ឆ្នាំ ជាអាជីវករផ្សារលាច, ឈ្មោះ គាន ពេជ្រ អាយុ១៩ឆ្នាំ ត្រូវជាកូន និងឈ្មោះគាន ឆៃ អាយុ១៨ឆ្នាំ ត្រូវជាកូនដែរ ទាំង៣នាក់ឪពុកនិងកូន រស់នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ។ ជនរងគ្រោះឈ្មោះ វ៉ាន់ គីម អាយុ២៣ឆ្នាំ ជាអាជីវករផ្សារលាច បច្ចុប្បន្នរស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា នៅពេលកើតហេតុខាងលើ ឈ្មោះ គីម វ៉ាន់ បានវាយប្រតាយប្រតប់គ្នាជាមួយ ឈ្មោះ មាស សុខឃៀង ភ្លាមនោះ មានឈ្មោះ ញឹក សុខុន ភេទស្រី ដែលជាអាជីវករដូចគ្នាបានមកឃាត់។ ពេលកំពុងឃាត់ ឈ្មោះ គាន ពេជ្រ និងឈ្មោះ គាន ឆៃ ដែលត្រូវជាកូនរបស់ឈ្មោះ មាស សុខឃៀង បានយកកាំបិត និងដែក ដេញកាប់ចាក់ ទៅលើឈ្មោះ គឹម វ៉ាន់ ចំកំភួនដៃស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានឈ្មោះ តំ នាង បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
លោក វង សាវ៉េត បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះ ដោយសារតែរឿងគំនុំគុំគួន។ បច្ចុប្បន្នកម្លាំងនគរបាល កំពុងសួរនាំជនសង្ស័យទាំង៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធី៕