(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងមុននេះបន្តិចថា លិខិតស្នើរបស់ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ បានចូលមកដល់រដ្ឋសភា ហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នឹងដាក់ចូលទៅ គណៈកម្មាធិការអចិន្រ្តៃយ៍ឆាប់ៗនេះ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការស្នើសុំរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគគណបក្សនយោបាយ និងសុំឲ្យដាក់សេចក្តីស្នើច្បាប់នេះ ចូលក្នុងរបស់វារៈសម័យប្រជុំវិសាមញ្ញរដ្ឋសភា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជានេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុងនោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត៕