Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តីថៃ៖ ការបោះឆ្នោតរបស់ថៃ ដែលគ្រោងធ្វើឡើងនៅឆ្នាំនេះ នឹងត្រូវពន្យារពេលទៅឆ្នាំក្រោយ

09-02-2017 00:26

(បាងកក)៖ ការបោះឆ្នោតដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងអំណាចយោធារបស់ថៃ នឹងធ្វើឡើងមួយឆ្នាំទៀត បើគិតពីពេលនេះតទៅ។ នេះបើតាមរដ្ឋាភិបាលថៃបានឲ្យដឹងនៅថ្ងៃពុធនេះ ហើយបានបញ្ជាក់ថា ការបោះឆ្នោតសាកលជាលើកដំបូងដែលត្រូវបានគេរំពឹងទុក ថានឹងធ្វើឡើងនៅក្នុងឆ្នាំនេះនោះ នឹងត្រូវពន្យារពេល។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

​«មួយឆ្នាំគិតចាប់ពីថ្ងៃនេះតទៅ ការបោះឆ្នោតនឹងត្រូវធ្វើឡើង» នេះបើតាមសម្តីឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ។

រដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាច នៅក្នុងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ បានលើកឡើងជាថ្មីម្តងទៀតថា ការបោះឆ្នោតសាកល គួរតែធ្វើឡើង នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយពីការសោយទីវង្គត របស់ព្រះអង្គ Bhumibol Adulyadej កាលពីថ្ងៃទី១៣ ខែតុលា បានធ្វើឲ្យមានការពន្យាពេល ដោយទុករយៈពេលមួយឆ្នាំ ធ្វើការកាន់ទុកចំពោះការសោយទីវង្គត របស់ព្រះអង្គ។

លោក Wissanu លើកឡើងថា ការកំណត់ពេលវេលានៃការបោះឆ្នោតរបស់រដ្ឋាភិបាលយោធា មិនទាន់បានកំណត់ច្បាស់នៅឡើយនោះទេ ខណៈរដ្ឋធម្មនុញ្ញថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃគម្រោងរបស់រដ្ឋាភិបាលយោធា ដើម្បីស្តាររបបប្រជាធិបតេយ្យ បាននឹងកំពុងធ្វើការកែសម្រួល។ រដ្ឋធម្មនុញ្ញដែលគាំទ្រដោយ យោធា ត្រូវបានអនុម័ត ក្នុងការធ្វើប្រជាមតិកាលពីឆ្នាំមុន៕