(អាហ្វហ្គានីស្ថាន)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ជនប្រដាប់អាវុធមួយក្រុម ដែលគេជឿជាក់ថា ជាក្រុមសកម្មប្រយុទ្ធ ISIS បានសម្លាប់បុគ្គលិកគណៈកម្មាធិការកាកបាទក្រហមអាហ្វហ្គានីស្ថាន (ICRC) យ៉ាងហោចណាស់៦នាក់ ខណៈពួកគេកំពុងដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសកំពុង រងគ្រោះដោយសារព្យុះព្រិលនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យកាកបាទក្រហមលោក Thomas Glass បុគ្គលិក២នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារបានកើតឡើងនៅក្នុងខេត្ត Jowzjan ក៏ប៉ុន្តែលោកមិនបានដឹងនោះទេថា តើក្រុមណាមួយជាអ្នកនៅពីក្រោយការវាយប្រហារនេះ ស្របពេលអ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ បានអះអាងថា ក្រុមរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ហើយថែមទាំងបានសន្យាដែរថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនិងនៅ ពីក្រោយទង្វើដ៏សាហាវបែបនេះ។
គួរបញ្ជាក់ថា បុគ្គលិក ICRC ដែលបានស្លាប់ និងបាត់ខ្លួន គឺជាសមាជិកក្បូនរថយន្ដដឹកជំនួយមនុស្សធម៌ មានគោលដៅឆ្ពោះទៅកាន់តំបន់រងគ្រោះ ដោយសារផ្ទាំង ទឹកកកបាក់សង្កត់ស្ថិតភាគជើងនៃប្រទេស កាលពីប៉ុន្មានថ្ងៃមុននេះ៕