ឆ្នាំ២០១៧នេះ CMAC ដាក់ផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ឲ្យបាន១១៦គីឡូម៉ែត្រក្រឡា នៅជាង៩០០០គោលដៅទូទាំងប្រទេស
08-02-2017 15:14
(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ CMAC បានដាក់ផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា។
ការបង្ហាញផែនការនេះ ត្រូវបានធ្វើឡើងនៅ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកដឹកនាំការប្រជុំ បូកសរុបប្រចាំខែមករា២០១៧ និងគោលដៅផែនការខែកុម្ភៈ និងមិនាឆ្នាំ២០១៧ ដែលរៀបចំឡើងនៅទីស្នាក់ការ CMAC នារាជធានីភ្នំពេញ។
លោក ហេង រតនា បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៧នេះ ស៉ីម៉ាក់មានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួន ១១៦គីឡូម៉ែត្រក្រឡា និងពង្រឹងការកសាងបណ្តាញ សហគមន៍ចំនួន៦៥០ភូមិ ដើម្បីការឆ្លើយតបតាមការស្នើសុំ បោសសំអាតគ្រាប់បន្ទាន់ៗ ឲ្យបានចំនួនជាង៩០០០គោលដៅនៅទូទាំងប្រទេស»។
លោកបន្ថែមទៀត ថាការងារសំខាន់ៗដែលត្រូវអនុវត្តន៍នៅឆ្នាំនេះ រួមមាន៖ ១៖ កិច្ចសហប្រតិបតិ្តអន្តរជាតិ។ ២៖ ការងារកែលំអរ ធាតុទន់រួមមានធ្វើបច្ចុប្បន្នភាពនីតិវិធីប្រតិបតិ្តការ និងការហ្វឹកហ្វឺន។ ៣៖ ការពង្រឹងគោលការណ៍SHE (សុវតិ្ថភាព សុខភាពនិងបរិស្ថាន)។ ៤៖ ពង្រឹងវិន័យនិងក្រមសីលធម៌ ។ ៥៖ ការពង្រឹងប្រពន្ធ័សុខុមាភាពសង្គម និង៦. ការពង្រឹងប្រសិទ្ធភាព ប្រតិបតិ្តការនិងទំនាក់ទំនងសង្គម។
សូមជម្រាបថា គ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ បានបន្សល់ទុក នៅលើទឹកដីខ្មែររាប់លានគ្រាប់ ហើយបាននឹងកំពុងគំរាមកំហែង ដល់អាយុជីវិតប្រជាពលរដ្ឋ រៀងរាល់ថ្ងៃ៕