(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅខេត្តមណ្ឌលគិរី បានស្នើសុំទៅអាជ្ញាធរខេត្តមណ្ឌលគិរី និងលោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន សាយ សំអាល់ ចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ទៅឈ្មោះ យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ដែលកំពុងកាប់ទន្រ្ទានដីព្រៃរដ្ឋខុសច្បាប់ មានទំហំធំធេង នៅចំណុចនិយាមការ UTM 725199, 1381243, 724465, 1380533 ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារចំរុះមានសមាសភាពជាច្រើន បានចុះទៅពិនិត្យដល់ទីតាំងខាងលើ រួមមានមន្រ្តី សាលាខេត្ត ក្រុង មន្រ្តីបរិស្ថាន សង្កាត់ ប៉ុស្តិ៍រដ្ឋបាល សហគមន៍ការពារ ព្រៃឈើចំនួន២សហគមន៍ នៅភូមិពូត្រុំ២ និងភូមិស្រែអ៊ី រួមនឹងមេភូមិបានពិនិត្យឃើញថា លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានធ្វើការកាប់ទន្រ្ទានព្រៃឈើ ជាច្រើនហិចតា នៅចំណុចខាងលើ ហើយដីព្រៃនោះជាដីព្រៃ ក្នុងតំបន់ស្នូលដែនជម្រកសត្វព្រៃសីមា។
ក្រុមការងារចុះពិនិត្យមើលបទល្មើស រកឃើញការកាប់ព្រៃយកដីរបស់បុគ្គលឈ្មោះ យន់ សារ៉ោម ជិត៥០ហិចតា ជាប្រភេទដីព្រៃ ពាក់កណ្តាលស្រោង ដែលមន្រ្តីរូបនេះ ធ្វើការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋនៅខេត្តមួយនេះ កំពុងទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី ព្រមទាំងក្រសួងបរិស្ថានគ្រាដែល ជំនាញរកឃើញនូវបទល្មើសនេះ មានទំហំធំធេងយ៉ាងនេះ តើច្បាប់ចាត់វិធានការណ៍ណា ចំពោះបុគ្គលដែលប្រព្រឹត្ត។ លោក រ័ត្ន សុវណ្ណ នាយកដែនជម្រកសត្វព្រៃសីមា បានថ្លែងថា ការកាប់ទន្រ្ទានដីព្រៃរដ្ឋ ឬដីព្រៃក្នុងដែនជម្រកសត្វព្រៃ គឺជាបទល្មើសមួយ យ៉ាងធំបំផុត។
យ៉ាងណាមិញ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ក៏បានថ្លែងប្រាប់ថា នៅពេលដែលជំនាញបានពិនិត្យឃើញថា បើពិតជាមានការកាប់រុករានទន្រ្ទានព្រៃ ហាមឃាត់របស់រដ្ឋ ឬដីព្រៃក្នុងដែនជម្រក ពីសំណាក់បុគ្គល ឬមន្រ្តីណាមួយ ផ្អែកទៅលើ ផ្លូវច្បាប់ វាជារឿងខុសច្បាប់ មន្ទីរត្រូវតែចាត់វិធានការណ៍ទៅតាមនិតិវិធី។
បន្ថែមពីនេះ លោក ភី ងូក ចៅសង្កាត់រមនា បញ្ជាក់ថា ដីព្រៃខាងលើដែលជំនាញ បានពិនិត្យឃើញថា មានការកាប់ទន្រ្ទានយក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយខុសច្បាប់នោះ លោកជាចៅសង្កាត់ មិនបានចេញលិខិតកាន់កាប់ដល់បុក្គលនោះឡើយ។
សូមជម្រាបថា សហគមន៍ចំនួន២គឺ សហគមន៍ជនជាតិដើមភាគតិចព្នងដែលជា សហគមន៍កាពារព្រៃឈើភូមិពូត្រុំ២គឺលោក រយើម ផ្យើល ជាប្រធានសហគមន៍ និងលោក ត្រក់ ពើក ប្រធានសហគមន៍ ចុះបញ្ជីដីធ្លី ជនជាតិដើមភាគតិចព្នង ភូមិស្រែអ៊ី និងលោកមេភូមិ ស្រែអ៊ី កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងការបាត់បង់ដីព្រៃសហគមន៍ នៅពេលដែលអ្នកមានអំណាចដូចជា លោក យន់ សារ៉ោម មានតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពុងទន្រ្ទាន និងកាប់រុករានយកដីព្រៃធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ៕