(ក្រចេះ)៖ កម្លាំងនគរបាលស្រុកសំបូរ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ក្បាលដំរី សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានឃាត់រថយន្ដសាំងយ៉ុង១គ្រឿង ដែលលួចដឹកឈើខុសច្បាប់ ដោយឃាត់ខ្លួនមន្រ្តីអង្គការការពារបរិស្ថាន ៥នាក់ និងអ្នកបើករថយន្តដឹកឈើ៣នាក់ទៀត ពាក់ព័ន្ធបទល្មើសឈើខុសច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការបញ្ជាពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ។
នគរបាលស្រុកសំបូរបានបញ្ជាក់ថា រថយន្ដម៉ាក់សាំងយ៉ុង១គ្រឿងនោះ ពាក់ស្លាក់លេខ ភ្នំពេញ 2Y-8445 បានដឹកសសរចំនួន៨ដើម និងឈើក្ដាបន្ទះចំនួន១៩សន្លឹក ប្រវែង៣ម៉ែត្រ ដែលជាឈើខុសច្បាប់។
លោក ណយ ស៊ីថាច អធិការងស្រុកសំបូរ ទទួលកាងារយុត្តិធម៌ បានឲ្យដឹងថាក្រោយពីឃាត់ខ្លួនអ្នកទាំង៥នាក់ ជាមន្រ្តីអង្គការការពរបរិស្ថាន និងរថយន្ដរបស់ពួកគេចំនួន២គ្រឿង យកទៅសួរនាំហើយ កម្លាំងឆែកក្នុងរថយន្ដអ្នកទាំង៥នោះ រកឃើញកាំបិតផ្គាក់ និងកាំបិតប៉័ងតោក្នុងរថយន្ដ។
បច្ចប្បន្នអ្នកទាំង៥នាក់ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅអធិការដ្នាននគរបាលស្រុកសំបូរ ដើម្បីសួរនាំបន្ដនីតិវិធី។
ដោយឡែកមនុស្ស៣នាក់ ដែលជាម្ចាស់រថយន្ដ និងព្រូរថយន្ដដឹកឈើនោះ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធីរដ្ឋបាលព្រៃឈើ៕