(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តមួយចំនួន បានបញ្ចុះថ្លៃសេវាសន្ទនាទូរស័ព្ទ ដូចជាកម្មវិធីគម្រោងអស្ចារ្យ ១ដុល្លារ ដូរបាន ១០០ដុល្លារ របស់ក្រុមហ៊ុនសែលកាត និងកម្មវិធីគម្រោង Crazies ១ដុល្លារដូរបាន ១២៥ដុល្លារ របស់ក្រុមហ៊ុនស្មាត ព្រមទាំងកម្មវិធីរបស់ក្រុមហ៊ុន Seatel ២ដុល្លារ ដូរបាន ២០០០ដុល្លារ ដែលផ្ទុយនឹងច្បាប់នោះ និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសថា នឹងកោះហៅក្រុមហ៊ុនទាំង៦ មកប្រជុំដើម្បីពិភាក្សា និងដោះស្រាយបញ្ហានេះ។
លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានអះអាងថា ការផ្តល់សេវាដូរលុយនេះ និយ័តករទូរគមនាគមន៍កម្ពុជា យល់ឃើញថា គឺជាការចង់ផ្តួលគ្នាទៅវិញទៅមក របស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងនោះ ហើយថាមិនបានផ្តល់ផលចំណេញដល់អ្នកប្រើប្រាស់ឡើយ។
លោកបានបញ្ជាក់ទៀតថា ការអនុវត្តកម្មវិធីដូរលុយរបស់ក្រុមហ៊ុនទាំងនោះ មានលក្ខណៈផ្ទុយទៅនឹងច្បាប់ពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ហើយឆ្លើយតបនឹងបញ្ហានេះ និយ័តករទូរគមនាគមន៍កម្ពុជា បានអនុវត្តការងាររបស់ខ្លួនស្របតាមមាត្រា៧៨ នៃច្បាប់ទូរគមនាគមន៍ ដោយត្រូវចាត់វិធានការដូចតទៅ៖
១៖ ស្នើសុំឱ្យបណ្តាក្រុមហ៊ុនធ្វើការឆ្លើយតប និងកែតម្រូវ។
២៖ ឈានទៅដល់ការដាក់កំហិតអាជ្ញាបណ្ណ (ព្យួរ ឬដកហូត) ក្នុងករណីមិនព្រមឆ្លើយតប និងធ្វើការកែតម្រូវស្របតាមច្បាប់ជាធរមាន។
៣៖ ចាត់វិធានដទៃទៀតពាក់ព័ន្ធនឹងច្បាប់ពាក់ព័ន្ធជាធរមាន។
លោកបន្ថែមថា ដើម្បីឆ្លើយតបនឹងចំណុចនេះ និយ័តករទូរគមនាគមន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានកោះអញ្ជើញក្រុមហ៊ុនសែលកាត មកជួបប្រជុំដើម្បីធ្វើការពន្យល់បកស្រាយពីចំណោទ និងការអនុវត្តនេះ កាលពីសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះដែរ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនស្មាតក៏បានដាក់ចេញនូវកម្មវិធីរបស់ខ្លួន ដូចបានរៀបរាប់ខាងលើ និងពិនត្យឃើញក្រុមហ៊ុន Seatel ក៏បានបង្ហាញពីជំហររបស់ខ្លួន មិនខុសពីក្រុមហ៊ុនទាំងពីរនេះផងដែរ។ ការនេះដែលបានបណ្តាឱ្យនិយ័តករ ទូរគមនាគមន៍កម្ពុជា បានប្រជុំសម្រេចចេញលិខិតផ្លូវការ ស្នើសុំទៅដល់ប្រតិបត្តិករទូរស័ព្ទចល័ត៦ ដែលកំពុងប្រតិបត្តិការ ដើម្បីផ្តល់៖
១៖ ការពន្យល់ពីការដាក់គម្រោងថែមទឹកលុយ ហៅក្នុងបណ្តាញរបស់ក្រុមហ៊ុនទាំងបី។
២៖ ស្នើសុំឱ្យក្រុមហ៊ុនទាំង អស់ផ្តល់នូវថ្លៃដើម (Cost Base) នៃការសន្ទនាទូរស័ព្ទ ក្នុងបណ្តាញតែមួយរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិជាធរមាន ដែលបានកំណត់ថា ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ត្រូវផ្តល់ថ្លៃដើម នៃការសន្ទនាទូរស័ព្ទក្នុងបណ្តាញតែមួយរបស់ខ្លួន សម្រាប់ការអនុវត្ត ឆមាសទី១ ឆ្នាំ២០១៧ ជូនមកនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការតាមដាន និងត្រួតពិនិត្យអំពីភាពប្រកួតប្រជែង ដោយស្មោះត្រង់។
៣៖ ត្រូវផ្តល់នូវសក្ខីកម្មអំពីការវិវត្តនៃចំណូលពីការសន្ទនាទូរស័ព្ទក្នុងបណ្តាញនេះ មុននិងក្រោយពេលកម្មវិវិធីបញ្ចុះថ្លៃនេះ ដើម្បីធានានៃការប្រមូល ចំណូលរបស់ក្រុមហ៊ុនផង និងចំណូលជាតិផងដែរ។
៤៖ ត្រៀមខ្លួនប្រជុំ និងសហការជាមួយ និយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពនៃការធ្វើឱ្យស្ថេរភាពទីផ្សារ និងការវិនិយោគរបស់ក្រុមហ៊ុនទាំងអស់ នៅក្នុងទីផ្សារឡើងវិញ និងពិនិត្យការធ្វើបច្ចុប្បន្ននិយ័តកម្មលើតម្លៃនេះ ស្របតាមតម្រូវការរបស់ទីផ្សារ និងការវិវិត្តនៃបច្ចេកវិទ្យាថ្មីៗ។
លោកបន្តថា «ការណែនាំ និងការស្នើសុំនេះ ក្រុមហ៊ុនទាំងអស់នឹងត្រូវឆ្លើយតបមកវិញ មិនឱ្យហួសចុងខែកុម្ភៈ ឆ្នាំ២០១៧នេះឡើយ ហើយយើងនឹងជួបគ្នា នៅដើមខែមីនា ឆ្នាំ២០១៧នេះ»។
លោក អ៉ឹម វុត្ថា បន្ថែមថា ភារកិច្ចនិងមុខងារសំខាន់ របស់និយ័តករទូរគមនាគមន៍កម្ពុជា មួយទៀតនោះ គឺការពារផលប្រយោជន័អតិថិជនផងដែរ ក្រៅពីការពារផលប្រយោជន៍អ្នកផ្តល់សេវា។ គឺនិយ័តករទូរគមនាគមន៍កម្ពុជា តំពុងតែពិនិត្យផងដែរទៅលើ ការផ្តល់កម្មវិធីបញ្ចុះថ្លៃនេះពិតជាការពារ ផលប្រយោជន៍អ្នកផ្តល់សេវាខ្លួនឯង ក្នុងការរកប្រាក់ចំណេញ ដើម្បីជាទុនសម្រាប់ការវិនិយោគ ទៅលើហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រមទាំងសេវាថ្មីៗដែរឬអត់ និងបានការពារអ្នកប្រើប្រាស់សេវារបស់ខ្លួន ក្នុងការស្មោះត្រង់លើការគិតថ្លៃ និងផ្តល់គុណភាពសេវាជូនពួកគាត់ឬអត់។
ចំពោះសំណួរសួរថា «ចុះបើគេធ្វើអីចឹង ចំណេញអ្នកប្រើប្រាស់តើ?» អ្នកនាំពាក្យរូបនេះ ពន្យល់ថា «អីចឹង កុំស្រែកថាកាត់លុយ!។ មើល១ដុល្លារ ដូរបាន១០០ដុល្លារ អាចប្រើទាំងទូរស័ព្ទ និងទិន្នន័យតែសម្រាប់១៤ថ្ងៃប៉ុណ្ណោះ ដូចនេះមួយខែអស់ប៉ុន្មាន? ២ដុល្លារយ៉ាងតិចតែ អាចហៅក្នុងបណ្តាញប៉ុណ្ណោះ ចុះការហៅទូរស័ព្ទ និងសារឆ្លងបណ្តាញ? និងសេវាដទៃទៀត? តើនេះជាការជួយអតិថិជនឬ? ហើយចុះគុណភាពសេវា និងតំបន់គ្របដណ្តាប់សេវា មានតែភ្នំពេញទៅ កុំគិតទៅជនបទអី? នេះមិនទាន់គិតពីស្មាតផង? ១ដុល្លារដូរបាន១២៥ដុល្លារ បាន១សប្តាហ៍ ចុះមួយខែ៤ដុល្លារ ដោយមិនគិតសេវាដទៃ? នេះឬសម្រាប់អតិថិជន។ ចុះចំពោះការអភិវឌ្ឍន៍ និងការបន្តវិនិយោគបន្ថែមរបស់ក្រុមហ៊ុនវិញ បើនៅតែចុះតម្លៃខាត តើមានអ្វីសម្រាប់ការពង្រីកសេវា ក្នុងរយៈពេលវែង?»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «និយ័តករទូរគមនាគមន៍កម្ពុជា យល់ឃើញថា ការអនុវត្តរបស់ពួកគាត់នេះគ្រាន់ តែជាការចង់ផ្តួលគ្នាទៅវិញទៅមក និងមិនបានផ្តល់ផលចំណេញ សម្រាប់ការប្រមូលទុនវិនិយោគរបស់ខ្លួន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសេវាថ្មី ព្រមទាំងពង្រឹងគុណភាពសេវា របស់ខ្លួនឡើយ និងអតិថិជនក៏មិនបានផល ពីករណីនេះឡើយ លើគុណភាពសេវានៃការប្រើប្រាស់ និងតំបន់សេវាឱ្យធំទូលាយលើសេវាទិន្នន័យ ឬអ៊ីនធឺណិតល្បឿនលឿន ដល់ទីជនបទឡើយ ដោយសារតាមការសង្កេតមើល សេវាអ៊ីនធឺណិតល្បឿនលឿន មានទីក្រុងភ្នំពេញប៉ុណ្ណោះរហូតដល់៧៥% និង២៥% ទៀតសម្រាប់តំបន់ក្រៅពីភ្នំពេញ នៅទូទាំងប្រទេសកម្ពុជា»។
លោកបន្ថែមថា ការចង់លូកដៃ និងអំពាវនាវឱ្យបណ្តាក្រុមហ៊ុនទូរស័ព្ទ ចល័តទាំងអស់នេះ ពិចារណារឡើងវិញនេះ គឺគ្មានអ្វីក្រៅចង់ឱ្យមានការគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមានស្តីពីការប្រកួតប្រជែងដោយស្មោះ និងរក្សានូវផលប្រយោជន៍ របស់អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់ ដើម្បីស្ថេរភាពកិច្ច អភិវឌ្ឍន៍លើវិស័យ និងគុណភាពសេវា។
សូមជម្រាបថា ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត កំពុងប្រតិបត្តិការ នៅកម្ពុជាមានចំនួន៦ក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel។ គិតត្រឹមនៅខែកញ្ញា ឆ្នាំ២០១៦ ប្រជាជនកម្ពុជា ប្រើប្រាស់ស៊ីមកាតទូរស័ព្ទចំនួនសរុបប្រមាណ១៩.៥លាន៕