(ពោធិ៍សាត់)៖ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិត ហៅវត្តព្រែកស្តី ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រគេនបច្ច័យចំនួន១២០០០ដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ សម្រាប់សាងសង់អាគារ ផ្តល់ឈាមដាច់ដោយឡែក ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត។
ពិធីប្រគេនបច្ច័យនេះ បានធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្ត ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ជុក សុផានី អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ និងបុគ្គលិកពេទ្យជាច្រើនទៀត។
លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីសកម្មភាព របស់មន្ទីរពេទ្យបង្អែកខេត្ត ដែលមានមន្ត្រីចំនួន១១៧នាក់ និងផ្នែកសំខាន់ៗចំនួន១៦។ ក្នុងឆ្នាំ២០១៦ ពិនិត្យជំងឺក្រៅ១២៦១៦នាក់ អ្នកជំងឺសម្រាកពេទ្យ១២៣៤៦នាក់ ក្នុងនោះ ព្យាបាលជំងឺផ្លូវដង្ហើម២៨៤នាក់ លើសឈាម១៣២នាក់ គ្រោះថ្នាក់ចរាចរណ៍៧៨៩នាក់ សម្រាលកូន១៧៩១នាក់ និងអត្រាប្រើប្រាស់គ្រែ៦៣%។
មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសមាគមគ្រូពេទ្យក្រៅប្រទេស អាមេរិក បារាំង ខ្មែរ និងគ្រូពេទ្យអូស្ត្រាលី ដើម្បីធ្វើការវៈកាត់ ពិនិត្យ និងព្យាបាលជំងឺ ដូចជាដុះដុំសាច់ មាត់ឆែប ភ្នែក ត្រចៀកជាដើម។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា ដោយបច្ចុប្បន្ន នេះមន្ទីរពេទ្យខេត្ត មិនទាន់មានអាគារផ្តល់ឈាមដាច់ដោយឡែក ហើយមានគម្រោងសាងសង់អាគារផ្តល់ឈាមមួយខ្នង មានទំហំ ១០ម៉ែត្រxទទឹង៥ម៉ែត្រ គ្រោងថវិកា១៧០០០ដុល្លារអាមេរិក។
ជាការឆ្លើយតបភ្លាមៗនោះព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ និងលោកស្រី ហេង ហ៊ាប ម៉ែន សារុន បានជួយថវិកា១២០០០ដុល្លារអាមេរិក និងលោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ក៏បានចូលរួមជួយឧបត្ថម្ភថវិកា៣០០០ដុល្លារអាមេរិក ក្រៅពីនោះមន្ទីរពេទ្យចូលរួមចំណែកបដិភាគ។
ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ មានសង្ឃដិកាថា បច្ច័យចំនួន១២០០០ដុល្លារ យកមកប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់នាពេលនេះ សម្រាប់សាងសង់អាគារផ្តល់ឈាម ក្នុងនោះ ៦០០០ដុល្លាររបស់ព្រះតេជគុណផ្ទាល់ និង៦០០០ដុល្លារទៀត គឺជាសណ្តានចិត្ត របស់លោកស្រី ហេង ហ៊ាប ម៉ែន សារុន ព្រមទាំងបុត្រ។
ព្រះតេជគុណមានសង្ឃដិកាទៀតថា ក្នុងដើមឆ្នាំ២០១៧នេះ វត្តហង្សាបិតិ បានចូលរួមជួយទាំងថវិកា និងសម្ភារជាច្រើនដល់សង្គម ដូចជាជួយកសាងសាលាបឋមសិក្សាលលកស១ខ្នង មាន៣បន្ទប់ ផ្តល់ជូនរដ្ឋបាលខេត្ត នូវអង្ករ២តោន សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ អង្ករចំនួន២តោន សាខាកាកបាទក្រហមខេត្តថវិកា ២លានរៀល និងសម្ភារៈប្រើប្រាស់ផ្ទះបាយ និង ជួយដល់មន្ទីរពេទ្យខេត្ត ថវិកា២លានរៀល និងភេសជ្ជៈមួយចំនួនទៀត។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោក តាហួ និងលោកស្រី ហេង ហ៊ាប ម៉ែន សារុន ដែលមានព្រះទ័យ និងមានសណ្តានចិត្តសប្បុរសធម៌ ប្រសើរបំផុត និងមានគោលបំណងចង់ឱ្យមន្ទីរពេទ្យ មានការអភិវឌ្ឍន៍ផងនោះ ទើបបានបរិច្ចាគថវិកាសម្រាប់សាងសង់អាគារផ្តល់ឈាមនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់ របស់មន្ទីរពេទ្យបង្អែកខេត្ត។
លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្ត គប្បីចាត់ចែង រកទីតាំងធ្វើការសាងសង់ ឱ្យបានឆាប់រហ័ស និងខិតខំគៀងគរស្វែងរកថវិកាបំពេញបន្ថែម បើមានលទ្ធភាពអាចបុកគ្រឹះ ពង្រីកឱ្យបាន២ជាន់ធំទូលាយ សម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគត និងដល់កូនចៅយើងជំនាន់ក្រោយៗទៀត៕