(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជាច្រើននាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ «តន្រ្តីសប្បុរសធម៌ ក្នុងការបរិច្ចាគឈាម» ហើយកម្មវិធីបរិច្ចាគឈាមនេះ ធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី០៧-០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ ក្រោមវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងលោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសាស្រ្តាចារ្យ និស្សិតជាច្រើនអ្នកផ្សេងទៀត ។
តាមការឲ្យដឹងពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាននិយាយថា នេះជាលើទី៦ហើយ ដែលសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយកអំណោយឈាម ដោយសប្បុរស ពីសិស្សនិស្សិតមកពីគ្រប់ដេប៉ាតាម៉ង់ ។ កម្មវិធីលើកនេះ នឹងប្រារព្ធឡើងរយៈពីរថ្ងៃពេញ អមជាមួយនឹងការប្រគំតន្រ្តី និងការសម្តែងសិល្បៈចម្រុះជាច្រើន ដើម្បីលើកទឹកចិត្ត និងក្រើនរំលឹកឲ្យមានការចូលរូមបរិច្ចាគឈាមកាន់តែច្រើន ដើម្បីទទួលបានអំណោយឈាមកាន់តែច្រើនជាងឆ្នាំមុនៗ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការយកទៅផ្គត់ផ្គង់ដល់កង្វះខាតឈាមទូទាំងប្រទេស។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការបរិច្ចាគឈាមរបស់និសិត្ស សាកលវិទ្យល័យភូមិន្ទចំការដូង មានរៀងរាល់ឆ្នាំ និងមាននិសិត្សបានមកការបរិច្ចាគឈាមច្រើនឡើងៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួន ជួបគ្រោះថ្នាក់ចរាចរណ៍ និងអ្នកត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីបានបន្តថា ការបរិច្ចាគឈាមរបស់និសិត្ស សាកលវិទ្យល័យភូមិន្ទចំការដូង មានកំណើនជារៀងរាល់ឆ្នាំ (អ្នកផ្ដល់ឈាម) ចាត់ទុកជាការលះបង់ខ្ពស់មួយរបស់និសិត្សនៅក្នុងប្រទេសកម្ពុជា ដែលមានទឹកចិត្តជួយការបរិច្ចាគឈាម។
លោករដ្ឋមន្រ្តីក៏បានសាទរដល់និសិ្សតភូមិន្ទកសិកម្ម ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លា នៃកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត បង្ហាញនូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ។ លោករដ្ឋមន្រ្តីក៏បញ្ជាក់ទៀតថា ក្រសួងកសិកម្ម នឹងនៅតែបន្តគាំទ្រដល់កម្មវិធីសប្បុរសធម៌នេះឲ្យមានជារៀងរាល់ឆ្នាំ ជាមួយនឹងមួយរូបភាពធំជាងមុន។
លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសម្តែងនូវការស្វាគន៍ យ៉ាងកក់ ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងអរគុណផងដែរចំពោះក្រុមហ៊ុនទឹកពិសារវីតាល់ និងក្រុមហ៊ុន ឯកជនផ្សេងៗទៀត ដែលតែងតែចូលរួមឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌នានា ជាពិសេសកម្មវិធីបរិច្ចាគឈាម នៅសាលាចំការដូង ជាពិសេសគឺ វីតាល់ដែលតែងតែមានវត្តមានជាច្រើនឆ្នាំរួចមកហើយ ។
ដើម្បីលើកទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រ ក្រុមហ៊ុនទឹកពិសាវីតាល់ បានផ្តល់ទឹកវីតាល់ ៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភ ទឹកវីតាល់ដល់ក្រុមការងាររៀបចំកម្មវិធី។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណរគុណដល់ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈមណ្ឌល។ លោកប្រធានក៏បានថ្លែងបញ្ជាក់ថា ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក។
លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយ ឲ្យពិសាទឹកឲ្យបានច្រើនបន្ទាប់ពីពួកគេបានបរិច្ចាគឈាមរួច លោកថាទឹកវីតាល់ គឺជាទឹកពិសា ដែលមានគុណភាពខ្ពស់ ដែលស័ក្តិសមបំផុត ការបន្ថែមជាតិទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការផលិតគ្រាប់ឈាមឡើងវិញរបស់រាងកាយ។
លោក អ៊ុំ វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈ ក៏ជាតំណាងក្រុមហ៊ុន វីតាល់ បាននិយាយថា ការឧបត្ថម្ភថ្ងៃនេះ អាចធ្វើទៅបានដោយមានការ ចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ ដែលបានគាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានធ្វើឲ្យមូលនិធិ ២៥៛ របស់យើង កាន់តែរីកធំ ទើបអាចឲ្យវីតាល់មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្មវិធីមនុស្សធម៌នានាយ៉ាងសកម្មដូចសព្វថ្ងៃនេះ។
លោក ជុនហៀង ថាវសិទ្ធ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនវីអិនស៊ីខបភើរេសិន វីតាល់ ក៏ជាអ្នកផ្តួចផ្តើមក្នុងការឧបត្ថម្ភកម្មវិធីនេះ បានសម្តែងការស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការចូលរួមរបស់សិស្ស និស្សិត ក៏ដូចជាកម្លាំងប្រដាប់អាវុធ និងបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនទាំងឡាយ ក្នុងកម្មវិធីបរិច្ចាគឈាមដោយចិត្តសប្បុរស។ លោកថា ក្រុមហ៊ុន វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងនេះ ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕