(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចូលរួម ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ណែនាំរួម សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារ Raffles Le Royal ភ្នំពេញ។
សិក្ខាសាលាមានការចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ សិក្ខាសាលានេះ មានគោលបំណងប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ពីគ្រប់តួអង្គពាក់ព័ន្ធ សម្រាប់បន្តកែលម្អសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្រ្តីស្តីទី បានលើកឡើងថា នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ចំណាយវិនិយោគសាធារណៈ ឬចំណាយមូលធនរបស់រដ្ឋ ត្រូវបានចាត់ទុកជាកតាលីករគន្លឹះ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ឈរនៅលើទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើវិត្ថារកម្មចំណាយវិនិយោគសាធារណៈ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដែលទ្រទ្រង់កំណើនក្នុងវិស័យអាទិភាពដូចជា៖ ផ្លូវថ្នល់ ស្ពាន ភ្លើង ទឹក និងមនុស្ស។ ឈរលើមូលដ្ឋាននេះ កម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧.៦%ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ក្នុងខណៈអត្រានៃភាពក្រីក្របានថយចុះពីប្រមាណ ៥៣.៥% នៅឆ្នាំ២០០៤ មកត្រឹម ១៣.៥% នៅឆ្នាំ២០១៤។ សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនេះ បានប្រែក្លាយប្រទេសកម្ពុជា ពីចំណាត់ប្រទេសដែលមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោករដ្ឋមន្រ្តីស្តីទីបានគូសបញ្ជាក់ថា កម្ពុជាមានតម្រូវការហិរញ្ញប្បទានយ៉ាងច្រើន ក្នុងរង្វង់ប្រហែលពី ១២-១៣ប៊ីលានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងទស្សវត្សរ៍ខាងមុខ។ កន្លងមកនៅក្នុងក្របខណ្ឌនៃថវិកាវិនិយោគសាធារណៈទូទៅរបស់រាជរដ្ឋាភិបាលទាំងមូល គឺយើងបានប្រើប្រាស់នូវថវិកាដែលមានប្រភពពីខាងក្រៅទាំងស្រុង។ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងបានប្រើប្រាស់នូវប្រភពថវិកាផ្ទាល់ខ្លួនឯងប្រមាណ ១/៣ ហើយប្រភពពីខាងក្រៅធ្លាក់ចុះមកត្រឹម ២/៣ ដោយក្នុងនោះ ៨៥% ជាកម្ចី និង ១៥% ជាអំណោយ។
លោករដ្ឋមន្រ្តីស្តីទី បានលើកឡើងថា «នេះគឺជាការប្រែប្រួលជារចនាសម្ព័ន្ធ នៅក្នុងការធ្វើហិរញ្ញប្បទានលើការវិនិយោគសាធារណៈ ក៏ដូចជា ការឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពថវិកាជាតិ ដែលបានកើនឡើងជាលំដាប់ពីឆ្នាំមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះកម្ពុជាត្រូវមានប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈមួយ ដែលលក្ខណៈគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព ដើម្បីធានាយ៉ាងណាឲ្យគម្រោងវិនិយោគសាធារណៈ បញ្ចេញនូវផ្លែផ្កាមកវិញឲ្យអស់សក្តានុពល ឬអស់តម្លៃនៃថវិកា ឬលុយ (Efficiency and Value for Money)»។
លោករដ្ឋមន្រ្តីស្តីទី បានថ្លែងថា ដោយឈរលើមូលដ្ឋានខាងលើនេះ និងស្ថិតនៅក្រោមក្របខណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើមធ្វើការសិក្សាត្រួតពិនិត្យចំណាយសាធារណៈ (Public Expenditure Review) ដោយមានការគាំទ្របច្ចេកទេស ពីធនាគារពិភពលោក សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ណែនាំរួមសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈនេះឡើង។ គោលការណ៍ណែនាំរួម សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធាណៈនេះ នឹងគ្របដណ្តប់លើហិរញ្ញប្បទាន ដែលប្រភពពីថវិកាជាតិ និងហិរញ្ញប្បទានក្រៅប្រទេស ព្រមទាំងតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
អនុក្រឹត្យគោលនេះមានគោលដៅសំខាន់ពីរគឺ៖ ១.ដាក់ចេញនូវគោលការណ៍ និងនីតិវិធីណែនាំរួម សម្រាប់ការធ្វើអត្តសញ្ញាណកម្មសិក្សា រៀបចំជ្រើសរើស និងអនុវត្តគ្រប់គម្រោងវិនិយោគសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាពនៃគម្រោង និង ២.ផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ទៅនឹងការរៀបចំថវិកាសម្រាប់រយៈពេលខ្លី និងមធ្យម។ អនុក្រឹត្យនេះនឹងកំណត់ច្បាស់លាស់នូវសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ក្នុងដំណាក់កាលនីមួយៗនៃវដ្តគម្រោង ហើយក៏នឹងបង្កើតឱ្យមាននូវគោលការណ៍ និងលក្ខខណ្ឌជ្រើសរើស នៃគម្រោងដោយផ្តោតលើកត្តាសំខាន់ៗ នៃគម្រោងដូចជាការផ្សារ ភ្ជាប់រវាងគម្រោងទៅនឹងគោលនយោបាយ ឬយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាល, ការសិក្សាពីផលចំណេញ ផ្នែកសង្គម និងសេដ្ឋកិច្ច, កត្តាតម្លៃនៃគម្រោង និងផលប៉ះពាល់ទាំងផ្នែកសង្គម និងបរិស្ថាននៃគម្រោង។ ទន្ទឹមនេះ យន្តការអន្តរស្ថាប័នក៏នឹងត្រូវបង្កើតឡើង ដើម្បីសម្របសម្រួល ពិនិត្យ និងចង្អុលបង្ហាញជាទិសដៅគោលនយោបាយ និងគោលការណ៍រួមក្នុងការវិភាជថវិកាសម្រាប់គម្រោងវិនិយោគសាធារណៈទាំងបីប្រភេទ។ ជំហានបន្ទាប់ពីការរៀបចំអនុក្រឹត្យគោលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងត្រូវរៀបចំគោលការណ៍ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការលម្អិត (Public Investment Management Manual) សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ តាមប្រភេទប្រភពហិរញ្ញប្បទាននីមួយៗ ដែលនឹងដាក់ឲ្យអនុវត្តដោយ អនុក្រឹត្យដោយឡែក។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ដើម្បីធ្វើការសម្របសម្រួល និងធ្វើទំនើបកម្មនីតិវិធីគ្រប់គ្រងមួយចំនួន ដោយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងអនុក្រឹត្យលេខ៣៦ អនក្រ.បក ឆ្នាំ២០០០ ស្តីពីការគ្រប់គ្រងកម្មវិធី វិនិយោគសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ៕