(សេអូល)៖ កូរ៉េខាងជើង​បានចោទ​ប្រកាន់ថា ការធ្វើសមយុទ្ធ​ស្ទាក់ចាប់គ្រាប់​មីស៊ីលផ្លោងរបស់​សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង​គឺមាន​ចេតនាត្រៀមទុក​វាយប្រហារ​​មកលើរបប​ដឹកនាំ​ទីក្រុងព្យុងយ៉ាង ហើយថាខ្លួន​នឹងចាត់វិធានការ​ឆ្លើយតប​ចំពោះសកម្មភាពគំរាមកំហែង​មួយនេះ។​ នេះបើតាម​សារព័ត៌មានរដ្ឋ​​កូរ៉េខាងជើង Rodong Sinmun ដកស្រង់​​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រតិកម្មរបស់ Rodong Sinmun​ ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធមិត្ត ក្នុងតំបន់ទំាងបីបានដឹកនាំការ​ធ្វើសមយុទ្ធ​យោធា​រួមគ្នា រយៈពេលបីថ្ងៃ កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ ក្នុងគោល​បំណង​តាមដាន​ការបាញ់សាកល្បង​មីស៊ីល​ពីសំណាក់​កូរ៉េខាងជើង។ Rodong Sinmun​ បានបញ្ជាក់​ដូច្នេះថា «វាជាការមិនអាចប្រកែកបាន! ការធ្វើ​សមយុទ្ធយោធា​រវាង​សហរដ្ឋអាមេរិក ជប៉ុន និងរដ្ឋាភិបាល​អាយ៉ង​កូរ៉េខាងត្បូង គឺជាមាន​ចេតនាត្រៀម​ទុកវាយប្រហារ​មកលើ​ប្រទេស​របស់យើង។ ជាងនេះ​ទៅទៀតការ​ធ្វើសមយុទ្ធយោធា​បាញ់មីស៊ីល​របស់ពួកគេ ជាកំហុស​យោធា​មួយដ៏គ្រោះថ្នាក់ ដែលអាចនឹង​បង្កឱ្យមានជម្លោះ​នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថាបើតាម Rodong Sinmun​ របបដឹកនាំ​ទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការ​ឆ្លើយតប​ជាបន្តបន្ទាប់ ដើម្បីការពារ​សន្តិភាព​នៅក្នុងតំបន់ និងស្វ័យភាព​ព្រមទំាង​ភាពថ្លៃថ្នូរ​របស់​កូរ៉េខាងជើងបើសិនជា​សហរដ្ឋអាមេរិក មិនព្រមបញ្ឈប់ការ​ធ្វើសមយុទ្ធយោធា​របៀបនេះ​ទេនោះ៕