(សៀមរាប)៖ បើទោះបីជាស្រុកទេសមានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុត ក្នុងជីវភាពរស់នៅ របស់អ្នកស្រុកអង្គរដដែល។ ពួកគាត់តែងយកជំនឿជាធំមិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធីផ្សេងៗទេដើម្បីជួយ ដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឲ្យចំពេលល្អមានសិរីសួស្តី ហើយរាល់ពិធីទាំងនេះ ធ្វើឡើងក្នុងគោលបំណង សុំសេចក្តីសុខសប្បាយ និងការរឭកដឹងគុណជាដើម។
ក្រៅពីនោះទៀត អ្នកស្រុកអង្គរក៏នៅរក្សាទំនៀមបុណ្យប្រពៃណីទៅតាមរដូវកាលយ៉ាងខ្ជាប់ខ្ជួនផងដែរ ដូចជាពិធីបុណ្យឡើងអ្នកតា (ឡើងមាឃ) នាថ្ងៃ៣កើត ខែមាឃ ដែលអ្នកស្រុកក្នុងតំបន់អង្គរ បានប្រារព្ធជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខាន។ ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ៣កើត ខែមាឃ ប្រជាជនដែលនៅជុំវិញប្រាសាទអង្គរវត្ត បានស្រាក់ដៃគ្នា រៀបចំពិធីឡើងមាឃ ឬឡើងលោកតារាជ្យទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន រួមទាំងចូលរួមថែរក្សាជំនឿវប្បធម៌ខ្មែរ ឲ្យនៅរស់លើទឹកដីដ៏ស័ក្តិសិទ្ធិនេះ។
ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះ មានស្លាធម៌ បាយសី ជម៤ គ្រឿងសំណែនមាន់ស្ងោរ ក្បាលជ្រូក បាយសម្ល បង្អែម ចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុកតែម្តងដែលធ្វើសម្រាប់ចែកជូនអ្នកចូលរួមពិសារ។ ពិធីនេះកើតឡើងពី សាមគ្គីភាពរបស់អ្នកស្រុកគ្រប់គ្នា ដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។
ក្នុងពិធីនេះដែរ អ្វីដែលពិសេសដើម្បីឲ្យមនុស្ស និងអ្នកតាអាចប្រាស្រ័យទាក់ទងគ្នាបានផង និងញ៉ាំងពិធីឲ្យកាន់តែអធិកអធម សប្បាយ រីករាយផងនោះ គឺវង់តន្រ្តីបុរាណខ្មែរ និងអ្នកចូលរូបដែលតំណាងឲ្យអ្នកតាថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ ដែលមិនអាចខ្វះ បានឡើយ។ កិច្ចពិធីបានចាប់ផ្តើមដោយការសូត្រនមស្សការ រឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីឲ្យចូលមកកាន់ទីកន្លែង ដែលអ្នកភូមិបានរៀបចំជូន។
បន្ទាប់ពីចប់កិច្ចពិធីនេះហើយ ភ្លេងក៏ចាប់ផ្តើមប្រគំ អមទៅដោយអ្នកចូលរូប (ស្នងរូបអ្នកតាឬបារមីផ្សេងៗ) រាំរែកតាមចង្វាក់ភ្លេង។ អ្នកតាដែលចូលមកមានច្រើនរូប អត្តចរិតខុសគ្នា ចំណូលចិត្តក៏ខុសគ្នា ខ្លះស្លូតបូត ខ្លះកាច ខ្លះក្រមិចក្រមើម ហើយតន្ត្រីក៏ត្រូវប្រគំ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកតាដែលចូលរូបអ្នកស្នងដែរ បើមិនអ៊ីចឹងទេអ្នកតានឹងខឹង មិនរាំលេង ឬមិនចូលរូបដែលស្នង។ ពេលអ្នកតាចូលរូបហើយ អ្នកស្រុកបានអញ្ជើញឲ្យអ្នកតាសេពសោយអាហារដែលបានរៀបចំជូន ហើយសួរនាំអ្នកតាពីរឿងរ៉ាវផ្សេងៗ ពីការរៀបចំគ្រឿងសំណែន គ្រឿងរណ្តាប់តើរៀបចំត្រឹមត្រូវ ល្មមគ្រប់គ្រាន់ឬយ៉ាងណា ក្រែងលោមានកំហុសឆ្គងដោយប្រការណាមួយ និងសុំសេចក្តីសុខដល់ខ្លួននិងក្រុមគ្រួសារ។ ឯអ្នកស្រុកដែលមានជំនឿ ក៏បានសុំឲ្យជួយព្យាបាលជំងឺ សុំទឹកមន្ត និងលាភសក្ការៈ ផងដែរ។
បើតាមជំនឿរបស់អ្នកស្រុកដែលប្រារព្ធពិធីនេះ គឺដើម្បីឲ្យអ្នកតាដែលថែរក្សាភូមិស្រុក ឬទីតាំងស័ក្តិសិទ្ធិបានរាំលេងសប្បាយ ព្រមទាំងអរគុណ ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីដែលបានផ្តល់ទឹកភ្លៀង ធ្វើឲ្យដីមានជីជាតិ មិនឲ្យទឹកទន្លេឡើងខ្លាំង និងធ្វើឲ្យស្រូវគាត់បានភោគផលច្រើន។ មួយវិញទៀត ក៏ធ្វើដើម្បីសុំឲ្យកូនចៅសុខសប្បាយ និងលាបំណន់ដែលបាន បែរបន់ចំពោះកសិកម្មឬការងារអ្វីផ្សេង ក្រែងលោអ្នកតាចាំមាត់ចាំក បើមិនបានធ្វើនាំឲ្យខុសឆ្គងកើតគ្រោះភ័យដល់ខ្លួននិងភូមិស្រុក។ «អ្នកតា» ចំពោះអ្នកស្រុក គឺជាវត្ថុស័ក្ដិសិទ្ធិបំផុត ព្រោះជាអ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ។
តាមការលើកឡើងរបស់លោក សេង ធី នៅសង្កាត់សាលាកន្សែង ខេត្តសៀមរាប ជាអ្នកផ្តួចផ្តើមពិធីឡើងមាឃ នៅប្រាសាទអង្គរវត្តមុខផ្លូវចូលទៅតារាជ្យបានប្រាប់ថា ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ៣កើត ខែមាឃ គាត់និងអ្នកភូមិជុំវិញអង្គរ តែងតែជួបជុំប្រមូលថវិកាគ្នាតិចតួច ដើម្បីធ្វើពិធីឡើងមាឃ ឬឡើងតារាជ្យមិនដែលខានទេ ព្រោះនេះជាទម្លាប់ពីបរមបុរាណ ហើយចាស់ៗក៏បានផ្តែផ្តាំ កុំឲ្យបំភ្លេចទើបខំធ្វើទោះបីមានលុយឬអត់លុយក៏ដោយ។
ម្យ៉ាងពេលធ្វើហើយ កូនចៅក៏បានសុខសប្បាយ រកស៊ីមានបាន សំខាន់បានថែរក្សាបុណ្យពីបុរាណឲ្យនៅស្ថិតស្ថេរតកូនតចៅ។ ចំពោះលោក ប្រាសាទអង្គរមិនត្រឹមតែជាកន្លែង សម្រាប់ទេសចរទស្សនាកម្សាន្តទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិ ក្នុងការគោរពបូជារបស់ប្រជាជនខ្មែរ ហើយលោក និងអ្នកភូមិប្ដេជ្ញាបន្តពិធីនេះ ជារៀងរហូតឲ្យរស់រវើកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នត់គំនិតកូនខ្មែរនៅលើទឹកដីប្រវត្តិសាស្ត្រ ដ៏អស្ចារ្យនេះផងដែរ៕