(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ដែលមានលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ជាប្រធានមូលនិធិ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ទៅផ្តល់ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិន ចំនួន ១៦០នាក់។
ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ១០០,០០០រៀល និងចំពោះលោកយាយ លោកតាដែលមានទីលំនៅឆ្ងាយពិបាកធ្វើដំណើរ ក្រុមការងារបានយកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់ផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចបានសូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា។
សូមបញ្ជាក់ថា មូលនិធិនេះបង្កើតឡើងតាំងពីឆ្នាំ២០១១ មកដល់ច្ចុប្បន្ននេះ មានរយៈពេល៦ឆ្នាំហើយ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ដល់លោកយាយ លោកតាចាស់ជរា និងមានជីវភាពខ្វះខាត មិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ និងបច្ចុប្បន្នក្រុមការងារមូលនិធិកំពុងចុះពិនិត្យស្រាវជ្រាវ ចាស់ជរាមានជីវភាពខ្វះខាត និងគ្មានទីពឹងក្នុងខេត្តបន្ថែមទៀត ដើម្បីពិនិត្យដាក់បញ្ចូលក្នុងមូលនិធិសម្រាប់ ឆ្នាំ២០១៧នេះផងដែរ៕