(ភ្នំពេញ)៖ ករណីសមត្ថកិច្ចធ្វើការនាំខ្លួន ប្រធានសាខាធនាគារអេស៊ីលីដា ក្រុងបាត់ដំបង រួមទាំងបុគ្គលិក និងអតីតបុគ្គលិក សរុបចំនួន៦នាក់ យកមកធ្វើការ សួរនាំយោងទៅតាមដីកាបង្គាប់ឱ្យ ចូលខ្លួនរបស់ព្រះរាជអាជ្ញា បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹង ពីអគ្គនាយកធនាគារអេស៊ីលីដា រួចមកនោះ គឺពាក់ព័ន្ធក្នុងរឿងឃុបឃិតគ្នា ជាប្រព័ន្ធធ្វើរបាយការណ៍ ភូតកុហកឱ្យអតិថិជនខ្ចីប្រាក់ ច្រើនហួសកំណត់ រួមទាំងការធ្វើប្រតិបត្តិការហួស តំបន់ដែលពួកគេទទួល ខុសត្រូវដើម្បីផ្ដល់ ប្រាក់ទៅអោយអតិថិជន ហើយពួកគេទទួលបានផលប្រយោជន៍ពីអំពើខាងលើ ដោយវាមិនមែនជាអំពើឃុបឃិតគ្នា លួចសាច់ប្រាក់សុទ្ធ ពីក្នុងធនាគារដែលពួកគេធ្វើការនោះឡើយ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ធនាគារ។
យោងតាមភស្តុតាងដែលខាងធនាគារធ្វើការស្រាវជ្រាវ រកឃើញពីភាពមិនប្រក្រតីក្នុងអំពើឃុបឃិតគ្នា ជាប្រព័ន្ធរបស់ ប្រធានសាខា បុគ្គលិកធនាគារអេស៊ីលីដា សាខាក្រុងបាត់ដំបង ទាំង៦នាក់ខាងលើនេះ គឺបង្ហាញឱ្យឃើញថាពួកគេ បានប្រព្រឹត្តមិនប្រក្រតីក្នុងការផ្ដល់ឥណទាន ជូនអតិថិជនខុសពីគោលការណ៍ និងនីតិវិធីរបស់ធនាគារធ្វើឱ្យធនាគារមានការ ខាតបង់ សាច់ប្រាក់ចំនួន ១.០៧៤.៥០៧,២៥ដុល្លារ នាអំឡុងឆ្នាំ២០១៤-២០១៥កន្លងទៅ។ ក្នុងនោះទង្វើរបស់ពួកគេរួមមាន ការកែច្នៃមុខរបរ និងបំប៉ោងលទ្ធភាពសងប្រាក់ អោយអតិថិជន កែច្នៃគោលបំណងប្រើប្រាស់ ប្រាក់កម្ចីអោយអតិថិជន ទទួលប្រាក់កម្រៃជើងសារ ពីអតិថិជន ភ្នាក់ងារឥណទានមានការសហការ ជាមួយភាគីទី៣ (អ្នកចងការប្រាក់ឯកជន) ដើម្បីរៀបចំឯកសារបញ្ចេញឥណទាន អោយអតិថិជន ខុសគោលដៅ អ្នកចងការប្រាក់ឯកជន មកចាំដកប្រាក់ពីអតិថិជន នៅបញ្ជរបេឡាក្នុងធនាគារ។ ភ្នាក់ងារឥណទានប្រើប្រាស់ មធ្យោបាយធ្វើដំណើរ របស់អ្នកចងការប្រាក់ឯកជន (ក្រៅពីធនាគារ) ដើម្បីចុះទៅជួបអតិថិជន។
របាយការណ៍បានបង្ហាញថា ភ្នាក់ងារឥណទាននិងម្ចាស់ទីតាំងមិនស្គាល់ ទីតាំងទ្រព្យដាក់ធានា។ ភ្នាក់ងារឥណទានចុះទៅ វាយតម្លៃទ្រព្យដាក់ធានា ក្រៅតំបន់ប្រតិបត្តិការ ដោយមិនបានសុំកិច្ចសហប្រតិបត្តិការពីម្ចាស់តំបន់ដែលផ្ទុយពីលិខិតណែនាំ របស់ថ្នាក់លើ រួមទាំងអនុវត្តការងារ មានកំហុសឆ្គងមួយចំនួន ទៀតផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ធនាគារដោយ កំហុសឆ្គងខាងលើវាមិនមែនកើតឡើង ដោយអចេតនានោះឡើយ គឺជាចេតនា ដើម្បីទទួលបានផលប្រយោជន៍ ពីកំហុស ឆ្គងខាងលើសុទ្ធសាធ។ ចំណាត់ការការងារមានភាពមិនប្រក្រតីនេះ ត្រូវបានចាត់ទុកថា ជាអំពើរំលោភ លើសេចក្ដីទុកចិត្ត ដោយអភិបាលការងារ ធ្វើឱ្យធនាគារខាតបង់សាច់ប្រាក់ រហូតជាង១លានដុល្លារ និងជៈឥទ្ធិពលអាក្រក់ដល់បុគ្គលិក ផ្សេងៗទៀត និងអាចធ្វើអោយស្ថានភាពប្រតិបត្តិការធនាគារដួលរលំ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលគេដឹងថាដឹកនាំដោយលោក ឧត្តមសេនីយ៍ទោប៉ុល រតនា ជាអនុប្រធាននាយកដ្ឋាន បានចុះទៅសហការជាមួយ កម្លាំងនគរបាលខេត្តបាត់ដំបង និងមានចំណារឯកភាពពីព្រះរាជអាជ្ញារងខេត្ត បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលមាន
ម្នាក់ជាប្រធានសាខាធនាគារអេស៉ីលីដា ក្រុងបាត់ដំបង និង៤នាក់ជាបុគ្គលិកធនាគារអេស៉ីលីដា ក្រុងបាត់ដំបង និងម្នាក់ជា អតីតបុគ្គលិក។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ លោក អ៉ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបពីបទ «រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ» ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក ដោយទាមទារអោយ តុលាការអនុវត្តតាមច្បាប់ សងប្រាក់មកធនាគារវិញ និងសងជំងឺចិត្តនិងការខាតបង់ផ្សេងៗ ចំនួន២០ម៉ឺនដុល្លារផងដែរ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនសង្ស័យទាំង៦នាក់ខាងលើ មាន៥នាក់ជាបុគ្គលិក និងអតីតបុគ្គលិក ធនាគារអេស៊ីលី ដាសាខាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួននៅសាខាធនាគារ នៅក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខា ត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់នោះរួមមាន៖ ១៖ ឈ្មោះ ស៊ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ(អតីតបុគ្គលិក), ២៖ ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ, ៣៖ ឈ្មោះ បឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៤៖ ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុប្រុស អាយុ៣៦ឆ្នាំ(ប្រធានសាខា), ៦៖ ឈ្មោះ ឈន ទីន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីឃាត់ខ្លួននេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់អង្គភាព Fresh News កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឱ្យដឹងថា ធនាគារអេស៉ីលីដា ពិតជាបានប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់នោះ ប្រាដកមែន។ លោកបានបញ្ជាក់ទៀតថា បណ្តឹងឲ្យឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពិនិត្យ ឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងធនាគារអេស៉ីលីដា ក្រុងបាត់ដំបង ដោយភាពមិនប្រក្រតីនោះមាន ដូចជាបញ្ហា ទំហំឥណទាន និងការបន្លំឯកសារសាធារណៈជាដើម។
រហូតមកដល់ព្រលប់ថ្ងៃទី២៥ ខែមករានេះ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំខាងលើនេះ បច្ចុប្បន្នកំពុងស្ថិត នៅក្នុងការសាកសួរពី សមត្ថកិច្ចនៅឡើយនោះទេ តែប្រភពព័ត៌មានបង្ហើបអោយដឹងថា រហូតមកដល់ពេលនេះលិចឮថា កំពុងមានអ្នកមានឥទ្ធិពលអន្តរាគមន៍ សុំអោយដោះលែងជនសង្ស័យវិញដែលករណីនេះ ត្រូវបានតំណាងខាងធនាគារ មានការស្រងាកចិត្តយ៉ាងខ្លាំង ព្រោះបើដូច្នេះមែនអ្នកវិនិយោគ អ្នករកស៊ីសុច្ចរិត គ្មានអ្នកណាគេហ៊ានដាក់ទុនរកស៊ី ទៀតនោះទេ៕