(ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយរបស់ចិន China Ocean Fishing Holding Limited បានសហការជាមួយក្រុមហ៊ុន Khmer Holding Group របស់កម្ពុជា គ្រោងនឹងបោះទុនប្រមាណ ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្ម (ចិញ្ចឹមត្រី) ការអភិវឌ្ឍធនធានជលផល សាងសង់រោងចក្រធ្វើចំណីត្រី សាងសង់រោងចក្រកែច្នៃត្រី បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺត្រី ព្រមទាំងធ្វើពាណិជ្ជកម្មត្រីនៅកម្ពុជា។
បើតាមលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួបជជែកជាមួយលោក ឆាវ អ៉ីនទ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Holding Group នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានប្រាប់ Fresh News ឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដំណើរគម្រោងនាពេលឆាប់ៗខាងមុខនេះ ពោលរង់ចាំតែការចុះអនុស្សារណៈយោគយល់ជាមួយក្រសួងកសិកម្មតែ ប៉ុណ្ណោះ។
លោក ណៅ ធួក បានឲ្យដឹងថា កន្លែងអភិវឌ្ឍន៍វារីវប្បកម្មនេះ គឺក្រុមហ៊ុនគ្រោងនឹងវិនិយោគលើផ្ទៃដីប្រមាណ ៥០ហិកតា។ ក្រុមហ៊ុន ក៏ បានសំឡឹងឃើញទីតាំងសម្រាប់អភិវឌ្ឍន៍រួចហើយ គឺមាននៅក្នុងស្រុកស្អាង ខេត្តកណ្តាល និងនៅក្នុងខេត្តកំពង់ធំ។
បើតាមលោក ណៅ ធួក គម្រោងអភិវឌ្ឍន៍នេះ គឺបានគិតគូរច្បាស់លាស់រួចអស់ទៅហើយ ហើយក្រសួងកសិកម្ម ក៏គាំទ្រខ្លាំងណាស់ផងដែរ។ លោក ណៅ ធួក បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងគាំទ្រទាំងស្រុងហើយ ព្រោះការធ្វើរបស់គាត់នេះ គឺគាត់មានបំណងថែរក្សាបរិស្ថានឲ្យបានល្អ ហើយស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ហើយក៏ស្របទៅតាមផែនការអភិវឌ្ឍវិស័យជលផល២០១៥-២០២៤។ ដូច្នេះយើងគាំទ្រ យើងស្វា គមន៍ណាស់ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្មឲ្យបានរីកចម្រើន ដើម្បីបានផលិតផលបន្ថែមទៀតសម្រាប់បម្រើតម្រូវការក្នុងស្រុកផង ក៏ដូចជានាំចេញផង។ ធម្មជាតិយើងមិនអាចចិញ្ចឹមគ្រប់គ្រាន់ទេ ព្រោះមនុស្សកាន់តែច្រើន ហើយធនធានធម្មជាតិមិនអាចកើតទាន់តម្រូវការនោះទេ»។
ក្រុមហ៊ុន China Ocean Fishing Holding Limited គឺជាក្រុមហ៊ុនរបស់ចិន ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំក្នុងការចូលរួមអភិវឌ្ឍវារីវប្បកម្ម និងវិស័យជលផលតាមបែបឧស្សាហូបនីយកម្មទទួលជោគជ័យជាច្រើនលើឆាកអន្តរជាតិ។
ដោយមើលឃើញពីសក្តានុពល នៃវិស័យជលផល និងចង់គ្រប់គ្រងវិស័យនេះ ឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត ខណៈការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជាមានកម្រិតទាបនៅឡើយនោះ ក្រុមហ៊ុន ក៏បានសិក្សា និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យជលផលបែបឧស្សាហូបនីយកម្មក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរបស់ Khmer First Investment Holding Group បន្ទាប់ពីបានស្រាវជ្រាវ និងសិក្សាបានលំអិតរួចមក។
ក្រុមហ៊ុនថា គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពការគ្រប់គ្រង និង ប្រើប្រាស់ធនធានជលផលសមុទ្រ និង ទឹកសាបនៅកម្ពុជា ឲ្យប្រ សើរឡើងទាំងការនេសាទមាននិរន្តរភាព និងការអភិវឌ្ឍវារីវប្បកម្មតាមបែបសម័យទំនើប រួមទាំងបង្កើនសមត្ថភាពផលិតកម្ម ចូលរួមសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕