(ភ្នំពេញ)៖ ក្រុមហ៊ុន Microsoft បើកសម្ពោធកម្មវិធី Office365 ជាផ្លូវការនៅកម្ពុជា ដែលអាជីវកម្ម អាចជាវសេវាកម្មតភ្ជាប់ទៅនឹងប្រព័ន្ធ cloud ដែលនឹងជំរុញការសហការគ្នាបានរលូន និងបង្កើនផលិតភាពខ្ពស់ នៅក្នុងយុគសម័យបច្ចេកវិទ្យាចល័ត និងអ៊ីនធឺណិត។ពិសេសមាន Office365 ក្នុងកុំព្យូទ័រ អាចទំនាក់ទំងនង ឃើញមុខគ្នាទៅវិញទៅមក call បានទៀតផង។
លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការ នៃក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «ការសម្ពោធកម្មវិធី Office365 នៅកម្ពុជាអតិថិជន អាចទទួលបានដំណោះស្រាយអាជីវកម្ម តភ្ជាប់ទៅនឹងប្រព័ន្ធ cloud របស់យើង ប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់ ចំណាយលើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន និងអនុញ្ញាតឲ្យបុគ្គលិកមានចល័តភាពពិតៗក្នុងការធ្វើការ មានន័យថា ក្រុមហ៊ុននឹងមានផលិតភាពការងារ កិច្ចសហការ និងការច្នៃប្រឌិតកើនឡើង ដែលនឹងលើកកម្ពស់គុណតម្លៃការងារ ក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់កម្ពុជា» ។
កម្មវិធី Office365 ផ្តល់ជូននូវបណ្តុំសេវាកម្មពេញលេញ ដែលរួមមាន កម្មវិធី Microsoft Word, Excel, PowerPoint និងកម្មវិធីដទៃទៀត ដែលផ្តល់ឲ្យអតិថិជន នូវសមត្ថភាពខ្ពស់បំផុត និងស៊ីជម្រៅបំផុត ក្នុងការបង្កើនផលិតភាព បូកផ្សំនឹងកម្មវិធីវៃឆ្លាតផ្សេងទៀត ដូចជាមុខងារ People card ក្នុងកម្មវិធី SharePoint និង OneDrive និងមុខងារដំណើរការអាជីវកម្ម ដោយស្វ័យប្រវត្តិជាមួយកម្មវិធី Microsoft Flow និង Power Apps ដែលជំរុញឲ្យអាជីវកម្មសម្រេចការងារ បានកាន់តែច្រើន ។
អ្នកប្រើប្រាស់ ក៏ទទួលបានទំហំផ្ទុកយ៉ាងតិច 1TB សម្រាប់ការផ្ទុកនៅលើកម្មវិធី OneDrive របស់ Microsoft ក៏ដូចជាទទួលបានការធានាសន្តិសុខឥតគូប្រៀប តាមរយៈមុខងារការពារការគំរាមកំហែងជាន់ខ្ពស់ (Advanced Threat Protection) ដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនស្វែងរក ការពារខ្លួន និងឆ្លើយតបទៅនឹងមេរោគកុំព្យូទ័រគ្រប់ប្រភេទ ។
លោក James McCabe នាយកអង្គភាពការពារកុមារ (CPU) នៅកម្ពុជាបានឲ្យដឹងថា CPU ដែលជា អង្គការមិនរកប្រាក់ចំណេញមួយ ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចលើកុមារ ក្រោមភាពជាដៃគូជាមួយនគរបាលជាតិកម្ពុជា បានជ្រើសរើសប្រើប្រាស់កម្មវិធី Office365 ដើម្បីអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន សហការយ៉ាងមានប្រសិទ្ធិភាព និងប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព ដោយកាលពីមុន យើងបានប្រើប្រព័ន្ធកត់ត្រាដោយក្រដាស ដើម្បីគ្រប់គ្រងលំហូរប្រតិបត្តិការរបស់យើង ប៉ុន្តែនៅពេលដែលអង្គភាពរបស់យើងរីកធំធាត់ទៅ បុគ្គលិករបស់យើង មិនអាចបន្តកត់ត្រាគ្រប់យ៉ាងដោយដៃទៀតនោះទេ ។
លោកបន្ដថា ក្រោយពីបានប្រើប្រាស់កម្មវិធី Office365 និង Microsoft Azure មក យើងបានធ្វើឌីជីថលនីយកម្ម ប្រតិបតិ្តការរបស់យើង និងរៀបំប្រព័ន្ធគ្រប់គ្រងករណីរបស់យើង និងប្រើប្រាស់ប្រព័ន្ធ cloud ដើម្បីចែករំលែកព័ត៌មាន តាមដាន និងគ្រប់គ្រងបុគ្គលិក តាមមូលដ្ឋានរបស់យើង ក៏ដូចជាសហការជិតស្និទ ជាមួយមន្ត្រីនគរបាលបានភ្លាមៗ ក្នុងការសង្គ្រោះជនរងគ្រោះ ។
កម្មវិធី Office365 អាចជាវបានក្នុងតម្លៃ ៦៩.៩៩ដុល្លារក្នុងមួយឆ្នាំ ឬ៦.៩៩ដុល្លារក្នុងមួយខែ សម្រាប់ការប្រើប្រាស់ក្នុងផ្ទះ និងក្នុងតម្លៃ៥ដុល្លារ ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ជាលក្ខណៈក្រុមហ៊ុន ។ អតិថិជនជាម្ចាស់អាជីវកម្ម ក៏អាចស្នើសាកល្បងកម្មវិធីនេះដោយឥតគិតថ្លៃ សម្រាប់រយៈពេល៣០ថ្ងៃ ដោយគ្រាន់តែចុះឈ្មោះនៅគេហទំព័រ www.office365.com៕