(ភ្នំពេញ)៖ សិក្ខាសាលាស្តីពី «បេសកកម្មស្វែងយល់ហេដ្ឋា រចនាសម្ព័ន្ធគុណភាព» រៀបចំឡើងដោយវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ សហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់មន្ត្រីជំនាញក្នុងក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសមន្ត្រីជំនាញ មកពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ វិទ្យាស្ថានស្តង់ដារកម្ពុជា នាយកដ្ឋានវាយតម្លៃ ទទួលស្គាល់ និងមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។
មានប្រសាសន៍ បើកសិក្ខាសាលា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងអំណរគុណ ដល់អ្នកជំនាញ មកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិនៃ ប្រទេសអាល្លឺម៉ង់ ដឹកនាំដោយលោក Uwe Miener ( PTB,Head of Working Group Asia) ក្នុងបេសកកម្មស្វែងយល់ ពីហេដ្ឋារចនាសម្ព័ន្ធគុណភាព (QI) ក្នុងប្រទេសកម្ពុជា ដោយប្រមូលទិន្នន័យ និងសេចក្តីត្រូវការ របស់កម្ពុជា ពិតប្រាកដ ដើម្បីចងក្រងឲ្យទៅជាដំណើរការគម្រោងទ្វេភាគី រវាងកម្ពុជា និងអាល្លឺម៉ង់ ហើយក៏មានការរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បញ្ជាក់ថា ការយល់ដឹងរបស់មន្ត្រី និងប្រជាពលរដ្ឋស្តីពីហេដ្ឋារចនាសម្ព័ន្ធគុណភាព នៅមានកំរិត ទាបនៅឡើយ ទោះបីកម្ពុជា មានអង្គភាព ស្ថាប័ន ពាក់ព័ន្ធលើវិស័យនេះហើយក៏ដោយ ។ ក្នុងនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានអង្គភាពចំណុះបីគឺ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ, វិទ្យាស្ថានស្តង់ដារកម្ពុជា និងនាយកដ្ឋានវាយតម្លៃទទួលស្គាល់ ដែលអង្គភាព ទាំងបីនេះ ត្រូវមានយន្តការ និងប្រព័ន្ធគាំទ្រមួយ សមស្រប ដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ក្នុងការងារត្រួតពិនិត្យ វាយតម្លៃ និងចេញវិញ្ញាបនបត្របញ្ជាក់ជាដើម។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ក្នុងប្រព័ន្ធពិភពលោក និងក្រោមលក្ខខ័ណ្ឌជាប្រទេស អភិវឌ្ឍន៍តិចតួច ធ្វើឲ្យកម្ពុជាមានទីផ្សារនាំ ចេញផលិតផលរបស់ខ្លួន ទៅកាន់ប្រទេសលើពិភពលោកជាច្រើន ដោយរួចពន្ធនិងមិនជាប់ កូតា ។ មានន័យថា ទំនិញពីកម្ពុជា បានរួចផុតពីរបាំងពន្ធគយហើយ តែនៅជាប់របាំងមួយទៀត គឺរបាំងមិនមែនពន្ធគយ ឬយើងហៅថា របាំងបច្ចេកទេស ដែលរាល់ទំនិញនាំចេញ តម្រូវឲ្យមានការត្រួតពិនិត្យគុណភាព ស្តង់ដារ និងសំបកវេចខ្ចប់ត្រឹមត្រូវជាដើមទើបយើងអាច នាំចេញ ទៅប្រទេសអ្នកនាំចូលបាន។
ដូច្នេះ អង្គភាពទាំងបីខាងលើ របស់ក្រសួង មានតួនាទីសំខាន់ណាស់ លើការងារនេះ ដែលតម្រូវឲ្យមានការពង្រឹងសមត្ថភាព ទាំងមន្ត្រី និងស្ថាប័ន ក៏ដូចជាការបំពាក់ឧបករណ៌និង ការអភិវឌ្ឍន៍មន្ទីរ ពិសោធន៍របស់ខ្លួន ដើម្បីអាចបំពេញការងារស្នូលប្រកបដោយប្រសិទ្ធិភាព ជួយជម្រុញដល់ឧត្តមភាពប្រកួតប្រជែង សម្រាប់ទំនិញពីកម្ពុជា។ ទោះជាយ៉ាងណា លោក ទេសរដ្ឋមន្ត្រី បានផ្តល់សារៈសំខាន់ ចំពោះការបំពាក់បំប៉នការយល់ដឹង ដល់វិស័យឯកជន ឲ្យស្វែងយល់ពីសារៈសំខាន់នៃការ អភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ជាពិសេសគឺ ហេដ្ឋារចនាសម្ព័ន្ធគុណភាពទំនិញនេះឯង ស្របពេលដែលក្រុមប្រឹក្សាស្តង់ដារជាតិ បានប្រជុំសម្រេចយកស្តង់ដារ Codex អន្តរជាតិ ជាង ៣០០ ស្តង់ដារមុខទំនិញ យកមកអនុវត្តជាស្តង់ដារជាតិ ដើម្បីជួយអភិវឌ្ឍផលិតផល នាំចេញពីកម្ពុជា ក្នុងបរិបទនៃសកលភាវូបនីយកម្ម៕