(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ រាប់រយនាក់ ដែលបាននិងកំពុងរស់នៅ និងសិក្សានៅប្រទេសស៊្វីស និងប្រទេសមួយចំនួននៅតំបន់ក្បែរនោះ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ។
ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានផ្សព្វផ្សាយថា «សម្តេចតេជោ បានយល់អំពីការពិបាកមួយចំនួនសម្រាប់បងប្អូន ព្រោះជាថ្ងៃធ្វើការផង ហើយធ្លាក់ទឹកកកផង គឺពិបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបងប្អូនយើងបានមកជួបជុំគ្នាថ្ងៃនេះ គឺបង្ហាញអំពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ ក្នុងការជួបជុំថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែររាប់រយ នាក់មកពីប្រទេសមួយចំនួនដូចជា ឆេកូ អាល្លឺម៉ង់ បារាំង បែលហ្សិក និងស្វីសជាដើម»។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បាននិងកំពុងមានវត្តមាននៅប្រទេសស៊្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នៅប្រទេសសម្តេចធ្លាប់បានទៅប្រជុំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភព កាលពីឆ្នាំមុនផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលសម្តេច បានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង Davos ប្រទេសស្វីស ហើយសម្តេចតេជោតែងតែចង់ជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះនិងមកពីបណ្តាប្រទេសនានាក្នុងអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងនិស្សិតទាំងនោះយ៉ាងដូច្នេះថា «កម្ពុជាគឺត្រូវការសន្តិភាព ដើម្បីយើងមានឱកាសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សព្វថ្ងៃទំហំពាណិជ្ចកម្មរវាងកម្ពុជានិងអឺរ៉ុបគឺមានជាង ៤ពាន់លានដុល្លារ»។
សម្តេចតេជោ ក៏បានជម្រាបជូនពួកគាត់អំពីការរីក ចម្រើនវិស័យកសិកម្មនៅកម្ពុជា ដែលសព្វថ្ងៃនេះគឺ ៨% ភ្ជួររាស់ដោយគោក្របី ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំងអស់។ សម្តេចថ្លែងថា «យើងចូលរួមរក្សាស្ថិរភាពនយោបាយផង និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផង។ កម្ពុជាយើងប្តេជ្ញាទម្លាក់អត្រាភាពក្រីក្រក្នុងមួយឆ្នាំគឺ ១%។ នៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិស័យទេសចរណ៍ក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលទេសចរប្រមាណ ៥លាននាក់។ យើងនឹងបង្កើនការទាក់ទាញទេសចរពីប្រទេសចិនឱ្យបានច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា និងសម្ភារៈ តែយើងមិនក្រគំនិតទេ»។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបជាមួយបងប្អូនពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងបន្តសិក្សានៅបរទេស រួមទាំងនៅប្រទេសឆេកូ និងអាល្លឺម៉ង់ជាដើម។ សម្តេចតេជោបានផ្តាំផ្ញើឱ្យនិស្សិតខិតខំយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ៕