(សឹង្ហបុរី)៖ លោក តូនី តាន់ កេងយ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដើម្បីតបតាមអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ខាងក្រោមជាព័ត៌មានខ្លះស្តីពីប្រធានាធិបតីរូបនេះ៖

* លោក តូនីតាន់ កេងយ៉ា (Tony Tan keng Yam) កើតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៤០។ លោកមានភរិយាឈ្មោះ ម៉ារី ជីប៊ីកាំង (Mary Chee Bee Kiang) រៀបការនៅឆ្នាំ១៩៦៤។ មានកូនស្រីម្នាក់ និងកូនប្រុស៣នាក់ ព្រមទាំងចៅ៥នាក់ទៀត។

* ឆ្នាំ១៩៦៧៖ លោក តូនី បានទទួលសញ្ញាបត្របណ្ឌិតផ្នែកគណិតវិទ្យា ពីសាកលវិទ្យាល័យសិង្ហបុរី។
* ឆ្នាំ១៩៦២៖ លោកទទួលបានសញ្ញបត្រកិត្តិយសថ្នាក់លេខ១ ផ្នែករូបវិទ្យា ពីសាកលវិទ្យាល័យសិង្ហបុរីដែរ ហើយក៏ទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តមួយទៀត ពីវិទ្យាស្ថាន Massachusetts។ បន្ទាប់មកលោកក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកគណិតវិទ្យាមួយទៀតដែរ ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី។

* ឆ្នាំ១៩៦៤ លោកមានមុខរបរដំបូង ជាគ្រូបង្រៀននៅមហាវិទ្យាល័យរូបវិទ្យា នៃសាកលវិទ្យាល័យសឹង្ហបុរី។
* ឆ្នាំ១៩៦៧ លោកក៏ប្ដូរទៅបង្រៀន នៅមហាវិទ្យាល័យគណិតវិទ្យាវិញ តែនៅក្នុងសាកលវិទ្យាល័យសឹង្ហបុរីដដែល។
* ឆ្នាំ១៩៦៩ លោកបានប្ដូរអាជីពទៅបម្រើនៅក្នុងធនាគារវិញ បន្ទាប់មក លោក តូនី ក៏ក្លាយជានាយកចាត់ការទូទៅ នៅសាជីវកម្មធនាគារចិននៅក្រៅប្រទេស។

* ឆ្នាំ១៩៧៩ លោក តូនីតាន់ កេនយ៉ា បានចូលរួមក្នុងវិស័យនយោបាយ ដែលពេលនោះលោកជាសមាជិកសភា បន្ទាប់មកត្រូវបានតែងតាំងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសភា នៃក្រសួងអប់រំសឹង្ហបុរី។
* ឆ្នាំ១៩៨០ លោកទទួលតំណែងជា រដ្ឋមន្រ្តីក្រសួងអប់រំ និងជាអនុអធិការបតី នៃសាកលវិទ្យាល័យជាតិប្រទេសសឹង្ហបុរី។

* ឆ្នាំ១៩៨១ ទទួលតំណែងជា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
* ឆ្នាំ១៩៨៣-១៩៨៥ លោកបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បន្ថែមទៀត ហើយនៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។
* ឆ្នាំ១៩៨៥-១៩៩១ លោក តូនី បានប្ដូរមកធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំសឹង្ហបុរីវិញ។

* ខែធ្នូ ឆ្នាំ១៩៩១ លោកបានលាឈប់ពីគណៈរដ្ឋមន្រ្តី វិលមកបម្រើការងារឯកជនវិញ គឺធ្វើជាប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធននាគារចិននៅក្រៅប្រទេស។ * ឆ្នាំ១៩៩៥ ត្រឡប់មកគណៈរដ្ឋមន្រ្តីវិញ ហើយត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិសឹង្ហបុរី។

* ឆ្នាំ២០០៣ លោកបានឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសម្របសម្រួលផ្នែកសន្តិសុខ និងការពារជាតិ។
* ឆ្នាំ២០០៥ លោកបានចូលនិវត្តន៍ពី គណៈរដ្ឋមន្រ្តី និងត្រូវបានតែងតាំងជាអនុប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មវិនិយោគឯកជនរបស់រដ្ឋាភិបាលសិង្ហបុរី។ ហើយលោកក៏ជាប្រធានមូលនិធិស្រាវជ្រាវជាតិ និងជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវការបង្កើតថ្មី និងសហគ្រាស ព្រមទាំងជាប្រធានក្រុមកាសែតសឹង្ហបុរី។

* ឆ្នាំ២០១១ លោកបានលាលែងពីតួនាទីផ្នែកឯកជន ដើម្បីឈរឈ្មោះជាប្រធានាធិបតី និងបានជាប់ឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ហើយបានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១១។

កាលពីកុមារភាព លោក Tan បានសិក្សានៅសាលា St Patrick និងវិទ្យាស្ថាន St Joseph។ ដោយទទួលបានអាហារូបករណ៍របស់ រដ្ឋាភិបាល លោកបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យាក្នុងនាមជាសិស្សឆ្នើមម្នាក់ ពីសកលវិទ្យាលសឹង្ហបុរី ដែលបច្ចុប្បន្នមានឈ្មោះថា សកលវិទ្យាល័យជាតិសឹង្ហបុរី។ ក្រោយមកលោកទទួលបានអាហារូបករណ៍មូលដ្ឋានអាស៊ាន ហើយបានចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត ដោយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត នៅទីនោះតែម្តង លើឯកទេស វិទ្យាស្ថានប្រតិបត្តិការស្រាវជ្រាវ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតរូបនេះ បានក្លាយជាសាស្ត្រាចារ្យ ក្នុងសកលវិទ្យាលសឹង្ហបុរីតែម្តង។

ក្នុងឆ្នាំ១៩៦៩ លោកបានចាកចេញពីសកលវិទ្យាល័យមួយនេះ ដោយចាប់ផ្តើមអាជីពចាប់ផ្តើមមុខរបរផ្នែកធនាគារឈ្មោះថា OCBE រហូតអាចកាន់ដំណែង ជាអ្នកគ្រប់គ្រងទូទៅ។ ពីឆ្នាំ១៩៨០ដល់១៩៨១ លោក Tan បានក្លាយជាអនុប្រឹក្សារបស់សកលវិទ្យាល័យ NUS។ ក្រោយមកលោកបានប្រឡូក ក្នុងកិច្ចការនយោបាយជាបន្តបន្ទាប់។

ចុងទសវត្សរ៍ឆ្នាំ១៩៨០ លោក Lee Kuan Yew បានសម្រេចថាលោក Tan ជាជម្រើសទីមួយរបស់លោក ដើម្បីបន្តដំណែងក្នុងនាមជានាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលលោក Tan បដិសេធ។ លោកបានចាកចេញពីគណរដ្ឋមន្ត្រីនៅឆ្នាំ១៩៩១ ក្រោយមកបានត្រឡប់មកកាន់ដំណែងជាឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី រហូតដល់ឆ្នាំ២០០៥។

បច្ចុប្បន្នលោកបានក្លាយជា​ប្រធានាធិបតីទី៧ របស់ប្រទេស សឹង្ហបុរី ដែលជាប្រទេសនាំមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍៕