(ភ្នំពេញ)៖ សហព័ន្ធសហជីពកម្មករកម្ពុជា(CLUF) គិតត្រឹមថ្ងៃទី២ ខែមករាឆ្នាំ២០១៦នេះ បានបង្កើតឡើងមានអាយុ១៨ឆ្នាំគត់ ហើយអាចចាត់ទុកថា ជាសហជីពមួយ មានវ័យចំណាស់ មានបទពិសោធន៍ដ៏ច្រើន ជួបបញ្ហាប្រឈមក៏ច្រើន តែយ៉ាងណាក៏ដោយ បានឈរជើងយ៉ាងរឹងមាំ ក្នុងការងារការពារសិទ្ធិនិងផលប្រយោជន៍ របស់កម្មករនិយោជិត និងបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម។
យោងតាមរបាយការណ៍របស់សហជីពមួយនេះ បានបង្ហាញថា រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរចំនួន១.១៥លាននាក់ បាននិងកំពុងបម្រើការងារនៅក្រៅប្រទេស ដោយបានផ្ញើប្រាក់មកគ្រួសារ ចំនួន១.៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកសោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា-CLUF បានលើកឡើងដោយមោទនភាពខាងលើនេះ ក្នុងសន្និបាតបូកសរុបកាងារ ប្រចាំឆ្នាំ២០១៦ របស់សហព័ន្ឋ សហជីពកម្មករកម្ពុជា-CLUF នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះ នៅភោជនីយដ្ឋានស្ទឹងមាស ដោយមានសហជីព សកម្មជនសហជីព និង សមាជិក សមាជិកាចូលរួមជាង៣០០នាក់ មកពីរោងចក្រសហគ្រាសចំនួន១១៧។
លោក សោម អូន បន្តថា អ្វីដែលជាសមិទ្ឋិផលទទួលបាននិងជោគជ័យនៅលើសមរភូមិឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ក្នុងបេសសកម្មតស៊ូ ដោះស្រាយ និងការពារសិទ្ឋិ-ផលប្រយោជន៏កម្មករ និងការទាក់ទាញអោយមានការចូលរួមគាំទ្រពីចលនាកម្មករ គាំទ្រកំរិតជាតិ និងអន្តរជាតិ គឺដោយសារតែមានកត្តា ជាច្រើន តែកត្តាដែលសំខាន់គឺសាមគ្គីភាពផ្ទៃក្នុង ការខិតខំបំពេញការងារប្រកបដោយសេចក្តីអំណត់ សីលធម៌ គុណធម៌ អំពើល្អ និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សហព័ន្ឋសហជីពកម្មករកម្ពុជា ជាពិសេសមានការចូលរួម គាំពីគ្រប់មជ្ឈដ្ឋាន។
លោកបានបន្ថែមថា នៅក្នុងបរិបទនៃបច្ចុប្បន្នភាព ការងារបច្ចុប្បន្នគឺថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ឋទាំងអស់ ត្រូវតែចូលរួមធ្វើអំពើល្អ ជាមួយសមាជិកសមាជិក និង បងប្អូនកម្មករអោយល្អបន្ថែមទៀត។
លោកសោម អូន បានទទួលស្គាល់ពី ចំណុចខ្វះខាតមួយចំនួន របស់មន្ត្រីសហព័ន្ឋដែលពុំទាន់ អនុវត្តការងារបានល្ អប្រសើរទៅតាមតួនាទី និងភារកិច្ចដែលសហព័ន្ឋ បានកំណត់និងដាក់ជូន។ វិវាទការងារខ្លះពុំទាន់ដោះស្រាយជោគជ័យ មួយភាគរយ ដោយសារតែថៅកែមួយចំនួន មិនបានគោរពច្បាប់ដូចជាការរើសអើង សហជីព រឺ ការបញ្ឈប់សហជីពជាដើម ។ល។
មេសហជីពរូបនេះបានអំពាវនាវ ដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះតទៅ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះអោយបានត្រឹមត្រូវ ដើម្បីចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហើយសូមបងប្អូន ពិចារណាបោះឆ្នោត ជូនគណបក្សណា ដែលបងប្អូនយល់ថា ជាអ្នកបង្កើតការងារ និងផ្តល់សុខសន្តិភាពដល់យើង និងក្រុមគ្រួសាររបស់យើង។
លោក លាង ស៊ុនហ៊ាង អនុប្រធានទី១ សហព័ន្ធសហជីពកម្មករកម្ពុជា បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំថា ឆ្នាំ២០១៦ប្រទេសកម្ពុជា ធានាបានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចបានល្អ ក្នុងអត្រាអតិផរណារក្សា បានក្នុងកម្រិតជាង៥% និងអត្រាប្តូរប្រាក់៤០៦០រៀលក្នុងមួយដុល្លារ។ កំណើនសេដ្ឋកិច្ចសម្រេច បានក្នុងរង្វង់៧% ក្នុងនោះវិស័យឧស្សាហកម្ម មានកំណើន១១.៤% , វិស័យសេវាកម្មកើន៦.៧%និងវិស័យកសិកម្មកើនជាងឆ្នាំមុន០.៥% ។
លោកលាង ស៊ុនហ៊ាង បន្តថា វិស័យកាត់ដេរមានកំណើនខ្ពស់ ប្រមាណ១០%ក្នុងឆ្នាំ២០១៥ ហើយបន្តរក្សាកំណើត១០%នេះនៅឆ្នាំ២០១៦ ហើយការនាំចេញ នៅតែមានស្ថេរភាពរឹងមាំ ខណៈវិស័យទេសចរណ៍ និងការវិនិយោគពីបរទេស មានការថយចុះបន្តិច។ ការនាំចេញនៅឆ្នាំ២០១៦ត្រូវបានរំពឹងថា នឹងមានការកើនឡើង ខ្ពស់ជាងឆ្នាំ២០១៥ អាស្រ័យដោយកំណើនខ្លាំងផលិតផលកាត់ដេរ ។ វិស័យសំណង់កើនឡើង១៥.៩%ក្នុងឆ្នាំ២០១៦ តិចជាងឆ្នាំ២០១៥បន្តិច ។ វិស័យពាណិជ្ជកម្ម ដឹកជញ្ជន និងគមនាគមន៍ អចលនទ្រព្យ ហិរញ្ញវត្ថុនឹងកើនឡើងក្នុងរង្វង់៧.៤%ក្នុងឆ្នាំ២០១៦។
លោកលាង ស៊ុនហ៊ាង បញ្ជាក់ថា ចំនួនរោងចក្រកើនឡើងជាលំដាប់នៅឆ្នាំ២០១៦ក្នុងអត្រា៨%ធៀបនឹងឆ្នាំ២០១៥ ដែលមានកម្មករ និយោជិត ១.១៧លាននាក់ កើនឡើង៩%ធៀបនឹងឆ្នាំ២០១៥ ។ ក្នុងនោះវិស័យកាត់ដេរ និងស្បែកជើងមានកម្មករជាង ៧០ម៉ឺននាក់និងផ្តល់ការងារ ជាប្រយោលជូនប្រជាពលរដ្ឋ ជាង២លាននាក់ ។
ប្រជាពលរដ្ឋទទួលបានការងារ នៅក្រៅប្រទេស ១.១៥លាននាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារ ប្រមាណ១.៧ពាន់លានដុល្លារក្នុងមួយឆ្នាំ។
លោកលាង ស៊ុនហ៊ាង បញ្ជាក់ថា ដោយសារតែកំណើនសេដ្ឋកិច្ច លក្ខខណ្ឌការងារត្រូវបានកែលម្អ ហើយប្រាក់ឈ្នួលអប្បបរមា របស់កម្មករនៅថ្ងៃទី១ មករា ២០១៧ នេះត្រូវបានដំឡើង ពី១៤០ដុល្លារ ទៅ១៥៣ដុល្លារ បើបូកបញ្ចូល ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាមធ្យម១៨០ដុល្លារ ក្នងមួយខែ (ធ្វើការ៨ម៉ោង)។
ពាក់ព័ន្ធទិសដៅសម្រាប់ឆ្នាំ២០១៧លោកលាង ស៊ុនហ៊ាង បញ្ជាក់ថា បន្តអនុវត្តលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង, ពង្រីកនិងពង្រឹងសមាជិកជាប្រចាំ , អនុវត្តឱ្យបានច្បាប់ សហជីព ,ត្រូវចេះរួបរួមសាមគ្គីភាពផ្ទៃក្នងឱ្យបានរឹងមាំ និង សហការជាមួយស្ថាប័នជាដៃគូជាបន្តបន្ទាប់ ជាពិសេសសមាជិក ទាំងអស់ត្រូវពង្រីកបណ្តាញ ហ្វេសប៊ុកឱ្យកាន់តែ ច្រើនថែមទៀត ដើម្បីចូលរួមផ្សព្វផ្សាយពីគោល នយោបាយ និងសកម្មភាពការងារ របស់សហព័ន្ឋឲ្យបានទូលំទូលាយ ៕