(ភ្នំពេញ)៖ យុវជនមួយក្រុម ត្រៀមរៀបចំធ្វើពិធីសំពះគុណគ្រូល្ខោនខោល ដើម្បីរំឭកដល់គុណបំណាច់ របស់ព្រឹទ្ធាចារ្យល្ខោនខោលលោកតា យិត សារិន ហៅ ស្វាស ដែលបានចំណាយពេល ពេញមួយជីវិតក្នុងបុព្វហេតុ ថែរក្សាមរតកដូនតាមួយនេះ។ បច្ចុប្បន្ន លោកតាកំពុងមានជំងឺធ្ងន់ធ្ងរ ដោយត្រូវសម្រាក សម្រានលើកន្ទេល។
ពិធីសំពះគ្រូនឹងធ្វើឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។
លោក កែវ សាស្ត្រា បានថ្លែងប្រាប់ Fresh News និង Khmertalking ថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ ស្រឡាញ់នូវសិល្បៈវប្បធម៌ លោកនិងសហការីមួយចំនួន បានសម្រេចចិត្តរៀបចំពិធីសំពះ គុណគ្រូនេះឡើង ព្រោះចង់ថ្លែងអំណរគុណចំពោះវីរៈភាព ការខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីថែរក្សាល្ខោនខោល ជូនដល់ពលរដ្ឋកម្ពុជា ទុកជាកេរ្តិ៍ដំណែលបន្សល់ពីអ្នកជំនាន់មុន។ លោកតាបានចាកចោលស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយធ្លាប់បានចូលរួមសម្ដែង ក្នុងកម្មវិធីធំៗនៅក្នុងព្រះបរមរាជវាំង និងមហោស្រពជាតិ- អន្តរជាតិជាច្រើន ព្រមទាំងបានបង្រៀនល្ខោនខោល ដល់សិស្សជាច្រើនជំនាន់តាំងពីឆ្នាំ១៩៨០ រហូតមកដល់សព្វថ្ងៃនេះ!»។
លោកបន្តថា អ្វីដែលមិនអាចកាត់ថ្លៃបាន ក្រៅពីការលះបង់របស់លោកតាពេញមួយជីវិត លោកតាក៏បានចងក្រងសៀវភៅ អំពីល្ខោនខោលខ្មែរ តាំងពីដើមរហូតដល់ចប់នូវរឿងរាមកេរ្តិ៍ មានចំនួនជាង១០០ភាគឯណោះ។ ក្នុងចំណោមស្នាដៃចងក្រងសៀវភៅ របស់លោកតាទាំងបីក្បាល ទើបតែបានបោះពុម្ពឡើងមួយក្បាលប៉ុណ្ណោះ ដោយខ្វះថវិកា និងការជ្រោមជ្រែង។
ក្រៅពីនេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏បានផលិតចងក្រងរូបក្បាំងមុខ តួអង្គល្ខោនខោលផងដែរ បានចំនួនជាង១០០តួអង្គ ដែលមានមុខ និងពណ៌ខុសៗគ្នា។ ការលះបង់របស់លោកតា ស្វា-ស ពុំមានអ្វីអាចកាត់ថ្លៃបាននោះទេ។ ដូច្នេះក្រុមរបស់លោក ក្នុងនាមជាអ្នកជំនាន់ក្រោយ ដែលស្រឡាញ់នូវសិល្បៈប្រភេទនេះ ទើបសហការគ្នារៀបចំពិធីសំពះគ្រូឡើង ខណៈកំពុងស្វះស្វែងរកជំនួយនៅឡើយ។
ទោះបីជាពេលនេះ នៅមិនទាន់មានការចូលរួមឧបត្ថម្ភយ៉ាងណាក្ដី ប៉ុន្តែលោកជឿជាក់ថា សប្បុរសជន នឹងមិនមើលនឹងភ្នែកនោះទេ ហើយបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីជ្រោមជ្រែងកម្មវិធីនេះមិនខាន។ ប្រសិនបើមានសប្បុរសជនណា ចង់ចូលរួមសប្បុរសធម៌ បរិច្ចាគធនធានជួយដល់កម្មវិធីនេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៣ ៨២២ ២៦២ សមាជិកក្រុមរបស់លោក នឹងរងចាំស្វាគមន៍ដោយក្ដីរីករាយបំផុត៕