(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រកាសឲ្យដឹងថា រុស្ស៊ីនឹងមិនបណ្តេញមន្ត្រីទូតអាមេរិកណាមួយចេញពីប្រទេស ដើម្បីជាការសងសឹកអាមេរិកនោះឡើយ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមជំរាបថា ជាការឆ្លើយតបទៅនឹងទង្វើរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលបានបណ្តេញមន្ត្រីទូត និងមន្ត្រីពាក់ព័ន្ធរបស់រុស្ស៊ីចំនួន៣៥រូបទាំងកម្រោលចេញ ពីទឹកដីអាមេរិកនោះ ដើម្បីជាការសងសឹងលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានដាក់សំណើសុំបណ្តេញមន្ត្រីទូតអាមេរិកចំនួន ៣៥រូបទៅកាន់ប្រធានាធិបតីលោក វ្ល៉ាទីមៀ ពូទីន ដើម្បីសុំការយល់ព្រមហើយនឹងធ្វើការអនុវត្តន៍វិធានការនោះតែម្តង។
ប៉ុន្តែនៅពេលនេះប្រធានាធិបតីរុស្ស៊ីប្រកាសមិនបណ្តេញមន្ត្រីទូតអាមេរិកណាមួយចេញពីប្រទេស ជាការសងសឹកអាមេរិកនោះឡើយ !។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ តាមរយៈការបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ក៏ដូចជាបិទបេសកកម្មការទូតរុស្ស៊ីចំនួនពីរកន្លែងនៅក្នុងញូវយ៉ក និងរដ្ឋម៉ារីលែនដើម្បីជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។