(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យសហរដ្ឋអាមេរិកលុបបំណុល ដែលកម្ពុជាជំពាក់អាមេរិកនាសម័យសាធារណរដ្ឋនោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអះអាងនៅថ្ងៃពុធនេះថា បញ្ហាបំណុលនេះ សហរដ្ឋអាមេរិកក៏ចង់ឱ្យមានដំណោះស្រាយដែរ ប៉ុន្តែភាគីទាំងពីរចាំបាច់ត្រូវមាន ការពិភាក្សា ជាមួយគ្នាជាមុនសិន។

តាមរយៈសារអេឡិចត្រូនិកមកកាន់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក David Josa អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិក បានសរសេរយ៉ាងដូច្នេះថា «បំណុលទ្វេភាគីរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិកគឺជាប្រធានបទពិភាក្សាយូរអង្វែង ហើយវាជាអ្វីដែលយើងចង់ឱ្យមាន ការដោះស្រាយ។ តែចាំបាច់ត្រូវមានការពិភាក្សាបន្ថែមទៀត មុនពេលយើងអាចមានភាពជឿនលឿនទៅមុខលើរឿងនេះ»

នៅក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជាបានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល។

សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើត សង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។

បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បាននិយាយថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត ២លាន៨សែនតោន ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ ចំនួនគ្រាប់បែកនេះមិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយៈពេលជិត៥ឆ្នាំ ដែលមិនទាន់បញ្ចេញទិន្នន័យនៅឡើយ។

លោកអគ្គនាយក CMAC បានលើកឡើងទៀតថា ចំនួនគ្រាប់បែកអាមេរិកទម្លាក់នៅកម្ពុជាច្រើនជាង ពួកសម្ពន្ធ័មិត្ត និងអាមេរិក ទម្លាក់នៅអឺរ៉ុប រួមមាននៅបារាំង អាលឺម៉ង់ជាដើម ដែលមានចំនួនតែជាង១លាន៤សែនតោន។ តាមឯកសារស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា មានប្រជាជនកម្ពុជាចំនួនប្រមាណ ៥០០.០០០នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទម្លាក់គ្រាប់បែករបស់អាមេរិក និងមានចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជម្លៀស ជំងឺ និងការអត់ឃ្លាន។

លោក ហេង រតនា បានបញ្ជាក់ថា បើគិតត្រឹមតែតម្លៃ នៃការបោសសំអាតទីតាំងទម្លាក់គ្រាប់បែកទាំងនោះ មិនទាន់គិតដល់ការបំផ្លិចបំផ្លាញ និងការរងគ្រោះរបស់ ប្រជាពលរដ្ឋផង គឺមានតំលៃរាប់ពាន់លានដុល្លារទៅហើយ។ លោកបានលើកបង្ហាញថា ការជំពាក់ប្រាក់អាមេរិក បើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ មានចំនួនប្រមាណ ២៧៨លានដុល្លារ ដែលគិតមកដល់បច្ចុប្បន្ន បូកទាំងការប្រាក់ផង អាចមានចំនួនប្រមាណ ៤០០លានដុល្លារ កម្ចីនេះត្រូវបានធ្វើឡើងចំនួន៤លើក ហើយចំនួនកម្ចីច្រើនជាងគេនៅឆ្នាំ១៩៧៣ ដែលជាឆ្នាំមានការទម្លាក់គ្រាប់បែកខ្លាំង និងធ្ងន់ធ្ងរជាងគេ៕