(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនយុវជនម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីផលិតក្រដាសពន្ធក្លែងក្លាយ និងឯកសារសាធារណៈជាច្រើនទៀត។
សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំស្ថាប័នតុលាការ បានបញ្ជាក់ថា បច្ចុប្បន្នយុវជនរូបនេះ កំពុងស្ថិតក្រោមការសាកសួរ របស់តុលាការ។
គួររំលឹកថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៧៖២០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍ លោក ម៉ៅ សុផល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ បានឃើញយុវជនម្នាក់ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-7917 ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងមួយចំនួន រួមមាន៖
ទី១៖ ប័ណ្ណបើកបរចំនួន២០ច្បាប់
ទី២៖ ប័ណ្ណ ត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់
ទី៣៖ ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន១៣ច្បាប់
ទី៤៖ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ចំនួន៦ច្បាប់
ទី៥៖ ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន១៥ច្បាប់
ទី៦៖ កាបូបស្ពាយពណ៌ខ្មៅចំនួន១
ទី៧៖ ទូរស័ព្ទដៃ ម៉ាក សាំសុង ពណ៌ទឹកប្រាក់ ចំនួនមួយគ្រឿង
ទី៨៖ កាបូបលុយ ពណ៌សូកូឡាចំនួន១
ទី៩៖ លុយខ្មែរ ចំនួន ៥០០០០រៀល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច ស្គាល់អំពីទីតាំង ផលិតឯកសារក្លែងក្លាយទាំងអស់ នៅចំណុចផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅបន្តចុះឆែកឆេរនៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយបានរកឃើញសម្ភារ និងឧបករណ៍សម្ភារ ផលិតឯកសារក្លែងក្លាយមួយចំនួនធំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេពិតជាបានលួចផលិត និងក្លែងឯកសារ សាធារណៈ ក្លែងត្រា ប្រើប្រាស់ឯកសារក្លែងក្លាយប្រាកដមែន ដោយមានរយៈពេល៧ខែមកហើយ។ ការដែលខ្លួន ចេះធ្វើឯកសារ ក្លែងក្លាយនេះ គឺខ្លួនបានទៅរៀននៅប្រទេសវៀតណាម ពេលរៀនចេះក៏បាន កុម្ម៉ង់ទិញម៉ាស៊ីនផលិតពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង១ម៉ឺនដុល្លារអាមេរិក រួចសំភារៈផ្សេងៗទៀតដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសំភារៈផ្សេងទៀត ទិញនៅស្រុកខ្មែរ លើកលែងតែសំភារៈសម្រាប់ផលិត ( ជ័រ កាវ ទឹកថ្នាំ ) ទិញមកពីប្រទេសវៀតណាម ដែលខ្លួនជាអ្នកទៅទិញផ្ទាល់។
ចំណែកការធ្វើប័ណ្ណផ្សេងៗ ទៅតាមម៉ូយកុម្មង់ឲ្យធ្វើ ដោយគេបានយកឯកសារ ពាក់ព័ន្ធដែលត្រូវធ្វើ ទើបខ្លួនធ្វើទៅតាមឈ្មោះ និងទីលំនៅរបស់គេ ។ ពេលធ្វើបានហើយ ខ្លួនជាអ្នកយកទៅឲ្យម៉ូយដោយផ្ទាល់ ចំនួន០៤នាក់ រួចមកហើយ ដោយក្នុង១ថ្ងៃៗ បានលុយចាប់ពី ១០០០ដុល្លារ ទៅ ២៥០០ដុល្លារ ម៉ូយទាំង០៤នាក់ខាងលើ គេបានកុម្ម៉ង់យកជាប្រចាំរាល់ថ្ងៃ។ ហើយក្នុងតម្លៃ ខ្លួនបានលក់ប័ណ្ណឲ្យម៉ូយ គឺពន្ធលើទំនិញនាំចូល (ម្ញ៉ែតគយ) ពីរថយន្តស៊េរីទាប រហូតដល់ស៊េរីខ្ពស់លក់តម្លៃ ៥ដុល្លារ ប័ណ្ណបើកបរយានយន្ត លក់តម្លៃ ៦០ដុល្លារ ប័ណ្ណសំគាល់យានយន្តម៉ូតូ ៥០ដុល្លារ រថយន្តតម្លៃ ៨០ដុល្លារ និងប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ប័ណ្ណពន្ធ ៨០០០០រៀលជាដើម៕