(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាភិបាលសហពន្ធ័សហជីពស្មារតីកម្មករកម្ពុជាទាំងអស់នៅរសៀលថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០១៦ នេះ បានបើកកម្មវិធីសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកផែនការងារសកម្មភាព សម្រាប់ឆ្នាំ២០១៧ ។
លោក លី ចាន់សុភក្ដី ប្រធានក្រុមប្រឹក្សាភិបាល សហពន្ធ័សហជីពស្មារតីកម្មករកម្ពុជា បានថ្លែងឱ្យដឹងថា បន្ទាប់ពីអានរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០១៦រួចមក លោកបានផ្សព្វផ្សាយស្តីពីការតម្លើងប្រាក់ឈ្នួលថ្មី សម្រាប់បងប្អូនកម្មករក្នុងឆ្នាំ២០១៧ ខាងមុខនិងផ្សព្វផ្សាយច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាទាំង២បានអនុម័តនិងចាប់ផ្តើមអនុវត្តតាំងពីខែមេសាឆ្នាំ២០១៦មកម្ល៉េះ ។
លោកក៏បានថ្លែងអំពីសិទ្ធិសេរីភាពនិងការលំបាកផ្សេងៗរបស់បងប្អូនកម្មករតាមរយៈច្បាប់សហជីព ហើយរាល់សំណូមពររបស់កម្មករ លោកនឹងពាំនាំយកទៅជួនលោករដ្ឋមន្ត្រីក្រសួងការងារ ជួយដោះស្រាយ។
ក្រោយពេលបញ្ចប់សន្និបាតប្រកបដោយភាពរីរាយនិងស្និទ្ធស្នាល លោកក៏បានជួបជុំពិសាអាហារសាមគ្គី រួមគ្នាដើម្បីអបអរសារទ ចូលឆ្នាំថ្មី ២០១៧ ៕